ព័ត៌មានទាន់ហេតុការណ៍៖

អង្គការជប៉ុនបង្កើតធនាគារគោ ជួយប្រជាពលរដ្ឋគ្រួសារក្រីក្រ នៅសហគមន៍ព្រៃព្រាល ស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួនស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅខេត្តបាត់ដំបង បង្ហាញទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ អង្គការជប៉ុនមួយឈ្មោះថា ខេអូវីស៊ី (K.O.V.C) បានសហការជាមួយអង្គការអេម (AIM) របស់ជប៉ុនប្រចាំកម្ពុជា ដែលបានបង្កើតឲ្យមាន « ធនាគារគោ » ដើម្បីជួយដល់សហគមន៍ក្រីក្រ រស់នៅភូមិព្រៃព្រាល ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រៅពីនោះ អង្គការខាងលើ ក៏បានជួយលើកទឹកចិត្តវិស័យអប់រំដល់កុមារក្រីក្រផ្នែកសម្ភារៈសិក្សារៀនសូត្រ និងជួយជំរុញមុខរបរខ្នាតតូចខាងកាត់ដេរ ដើម្បីនាំយកផលិតផល ទៅលក់នៅប្រទេសជប៉ុន។

អង្គការខេអូវីស៊ី (Kurume Overseas Volunteer Collaborations- KOVC) បានផ្តល់គោកម្ចី ឬប្រវាស់ដល់សហគមន៍ក្រីក្រខាងលើក្នុងគម្រោងធនាគារគោ។ បើគិតមកដល់ត្រឹមចុង ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានសមាជិកខ្ចីគោសរុបចំនួន ប្រាំពីរគ្រួសារ និងមានគោសរុបចំនួន២០ក្បាល។

កញ្ញា សាយ៉ូអិ ណូជីម៉ា (Sayoe Nojima) នាយកប្រតិបត្តិ អង្គការខេអូវីស៊ី (KOVC) បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា អង្គការ របស់កញ្ញា បានចាប់ផ្តើមគម្រោងនេះ ដើមឡើយមានចំនួនគោតិចតួចទេ។

កញាបន្តទៀតថា ក្រៅពីគម្រោង ធនាគារគោ អង្គការខេអូវីស៊ី បានលើទឹកចិត្តដល់វិស័យអប់រំ ដោយបានឧបត្ថម្ភគាំទ្រសម្ភារៈសិក្សា ជូនដល់កុមារក្រីក្រ ក្នុងសហគមន៍ជារៀងរាល់ឆ្នាំ ជាពិសេសអង្គការយើងបានផ្តល់ ឯកសារកសិកម្ម និងសុខភាព ដល់សមាជិកធនាគារគោ ក៏ដូចជាប្រជាជន ក្នុងភូមិដើម្បីឈ្វេងយល់។

កញ្ញាបន្តថា ក្រៅពីនេះអង្គការខេអូវីស៊ី ក៏បានជួយជ្រោមជ្រែង ដល់គ្រួសារទន់ខ្សោយ ដែលមានជំនាញខាងដេរប៉ះខោអាវក្នុងភូមិ ឱ្យពួកគេដេរកាបូប ដើម្បីយកទៅលក់បន្ត នៅប្រទេសជប៉ុន មានចំនួនមួយគ្រួសារ ដើម្បីជាការសាកល្បង។

កញ្ញា សាយ៉ូអិ ណូជីម៉ា បានសង្កាត់ធ្ងន់ថា ខ្ញុំចង់ឱ្យបរិស្ថានក្នុងតំបន់គោលដៅ (Taget Area) របស់ខ្ញុំមានភាពស្រស់បំព្រងជាមួយជីវភាពធូរធាររបស់ប្រជាជន ដោយមានការចូលរួមពីគ្រប់ស្ថាប័ន ពិសេសរាជរដ្ឋាភិបាលតែម្តង។

ប្រធានប្រតិបត្តិ អង្គការអេម (AIM) លោក សឹង្ហ គា ក៏បានឲ្យ ដឹងក្នុងទឹកមុខញញឹមរីករាយ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈថា” ខ្ញុំបានសម្របសម្រួល និងធ្វើយ៉ាងណាឱ្យអង្គការនានា ដែលចង់មកជួយប្រជាជនកម្ពុជា គឺខ្ញុំនឹងរីករាយសហការ។ ខ្ញុំឃើញថា អង្គការខេអូវីស៊ី បានជួយជ្រោមជ្រែងដល់សហគន៍កម្ពុជាច្រើន ជាពិសេសគោ ដែលប្រជាជននៅខ្វះលុយទិញ ហើយពួកគាត់ខ្វះខាតជីវភាព។ លោកថា ក្រោយពីបានប្រវាស់គោហ្នឹងទៅ ធ្វើឱ្យពួកគាត់មានឱកាស លក់គោទិញដី ការកូនចៅ និងយកលុយកាត់ ទៅដោះស្រាយក្នុងជីវភាពគ្រួសារនានា”។

លោក ស៊ឹង គា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “នៅក្នុងភូមិសាស្ត្រព្រៃព្រាល ឃុំតាគ្រៀម អង្គការអេម បានចាប់ផ្តើមតាំងពី ឆ្នាំ២០០៤ គឺតាំងពីមិនទាន់មានផ្លូវ មិនទាន់មាន ស្រះទឹក មិនទាន់ មានអ្វីៗទាំងអស់ តែពេលនេះមាន ផ្លូវ ស្រះទឹក សាលារៀន មានអ្វីៗជាច្រើន។ អីចឹងអង្គការអេម សូមអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធបង្កលក្ខណៈងាយស្រួលដល់អង្គការនានាដែលគេចង់មកជួយដល់ តំបន់យើង ភូមិសាស្ត្រយើង និងប្រទេសយើង”។

ងាកទៅមើល លោក ខុម ឃុន អាយុ៣៧ឆ្នាំ ជាសមាជិកខ្ចីគោម្នាក់បានលើកឡើងថា លោកបានខ្ចីគោពី អង្គការខេអូវីស៊ីកាលពី ឆ្នាំ២០១២ តែបច្ចុប្បន្នបានកូនគោញីពីរក្បាលហើយ។ ក្រោយមកបានកូនគោពីរក្បាលទៀត ក៏បានប្រគល់ជូនអង្គការវិញ។

ចំណែក លោក អូច សូយ អាយុ៥៦ឆ្នាំ រស់នៅ សហគមន៍ព្រៃព្រាល មានកូនប្រាំបួននាក់ ក្នុងគ្រួសារ បាននិយាយថា លោកបានខ្ចីគោមួយក្បាលចិញ្ចឹម បានចំណែករបស់គាត់មួយក្បាលលក់ និងបានមួយក្បាលទៀត ជូនទៅអង្គការវិញ។ ប៉ុន្តែគាត់បានលក់គោនោះ ដើម្បីដោះស្រាយជីវភាពគ្រួសារ បានប្រាក់ចិតសិបប្រាំម៉ឺនរៀល (៧៥,០០០០រៀល)។ ហើយគាត់បន្តប្រវាស់គោទៅមុខទៀត ដើម្បីបានកូនសម្រាប់ចិញ្ចឹមខ្លួនឯងវិញម្តង។

ងាកមកអ្នកស្រី សឿង ឃី អាយុ ៤៧ឆ្នាំ ក៏បានឱ្យដឹងដែរថា “ខ្ញុំបានខ្ចីគោមេពីរក្បាល ពីអង្គការយកទៅចិញ្ចឹមពីរឆ្នាំហើយៗ វាបានកើតកូនពីរក្បាល លក់ទិញដីភូមិ ដើម្បីធ្វើផ្ទះស្នាក់នៅ។ ហើយក្រោយមកបានពីរក្បាលទៀត ក៍ប្រគល់គោនោះ ជូនទៅអង្គការវិញ”។

គួរបញ្ជាក់ថា អង្គការ KOVC បង្កើតឡើងនៅខែមេសា ឆ្នាំ១៩៩៥ ហើយធ្វើសកម្មភាពលើដំបូងគេ នៅទ្វីបអាហ្វ្រឹក នៃប្រទេសម៊ួសំប៊ី ដោយសារតែប្រទេសនេះ បានបញ្ចប់សង្គ្រាម ប៉ុន្តែក៏នៅមានសេសសល់អាវុធជាតិផ្ទុះជាច្រើន..។ ដូច្នេះអង្គការនេះ ក៏បានសហការជាមួយអង្គការដ៏ទៃទៀតដោយ ខេអូវីស៊ី បានប្រមូលយកកង់ជប៉ុនចាស់ៗ ទៅដូរយកអាវុធ ដើម្បីយកទៅប្រមូលទុកឱ្យរដ្ឋាភិបាលនៃប្រទេសម៊ួសំប៊ី។ បន្ទាប់មកក៏បានចូលមកប្រទេសកម្ពុជា ដោយសហការជាមួយអង្គការ AIM ជប៉ុនបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ៕ ហេង​សូរិយា


ចែករំលែក៖