ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញ លី ណាំឈួង ដឹកឈើ​យ៉ាងសកម្ម អាងខ្នងប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

ចែករំលែក៖

ប្រជាពលរដ្ឋខេត្តសៀមរាប​មើលឃើញដោយភ្នែកទទេចំពោះ​ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញ​ម្នាក់ឈ្មោះ លី ណាំឈួង ដែល​តែងតែដឹកឈើ​ពីខេត្ត​ព្រះវិហារ ចូលខេត្តសៀមរាបជាចំហរ​រៀងរាល់ថ្ងៃ ។ ការដែលឈ្មួញម្នាក់នេះ អាចរកស៊ីដោយសេរីយ៉ាងដូច្នេះ ក៏ព្រោះតែ​មានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើជាខ្នងបង្អែក ។ ដូច្នេះ លោកអភិបាលខេត្ត ទៀ សីហា គួរចាត់វិធានការយ៉ាងណាចំពោះមន្ត្រីក្រោមក្លៀក ដែលប្រព្រឹត្តអំពើផ្តេសផ្តាសជាចំហរ​ក្រោមក្រសែភ្នែកប្រជាពលរដ្ឋ​នៅខេត្ត​សៀមរាប ក៏ដូចជាខេត្តព្រះវិហារនោះ ។

ប្រភពព័ត៌មានបានរាយការណ៍ថា បច្ចុប្បន្ន ឈ្មួញឈើ ឈ្មោះ លី ណាំឈួង បានធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកឆែប និងស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ចូលមក​ក្រុងសៀមរាបជារៀងរាល់យប់ រាល់ថ្ងៃ ដោយគ្មានមន្ត្រីណា ហ៊ានក្អក​នោះឡើយ ។ ប្រភពបានបន្ថែមទៀតថា សមត្ថកិច្ច​នៅតាមដងផ្លូវស្អេកស្កះ ទាំងក្នុងខេត្តព្រះវិហារ ក៏ដូចជាខេត្តសៀមរាប សុទ្ធតែត្រូវថ្នាំសណ្តំឈ្មួញលី ណាំឈួង អស់ទៅហើយ ។ ពួកមេព្រៃនៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលល្បីថា ខ្លាំង​ក្នុងការចាប់បង្ក្រាប ឬយកលុយពីបទល្មើស​ព្រៃឈើ​នោះ ក៏ក្លាយទៅជាអ្នក​សម្របសម្រួល ឬក៏អ្នកចាំមើលផ្លូវ​ឲ្យឈ្មួញលី ណាំឈួង ដឹកឈើ​បានដោយរលូននោះដែរ ។ ការដែលពួកមន្ត្រី​មានសមត្ថកិច្ច​តាមដងផ្លូវ​នៅខេត្តសៀមរាប មិនហ៊ានចាត់ការឈ្មួញឈើលី ណាំឈួង នោះក៏ព្រោះតែមានបទបញ្ជា​ពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

ប្រភពបានឲ្យដឹងថា ឈ្មួញ លី ណាំឈួង បានធ្វើសកម្មភាពរកស៊ីដឹកឈើនេះជាយូរមកហើយ ។ គាត់បានចែករំលែក​ភាគផលចំណេញ​ពីការរកស៊ីដឹកឈើនេះ​ឲ្យសមត្ថកិច្ចគ្រប់ជំនាញ​រហូតដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​អគ្គនាយកដ្ឋាន​រដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស នោះផងដែរ ។ គេមិនដឹងថា តើអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទទួលលាភសក្ការពីឈ្មួញ លី ណាំឈួង ដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែសម្រាប់ប្រធានមន្ទីរកសិកម្ម ខេត្ត និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវឈ្មួញ​ខាងលើនេះអះអាងថា បានចែករំលែករួចរាល់អស់ហើយ ។ មិនតែប៉ុណ្ណោះ ឈ្មួញលី ណាំឈួង ក៏ដើរអួតដែរថា សូម្បីតែប្រធានមេព្រៃដែលនៅភ្នំពេញ ក៏​បានទទួលកញ្ចប់លាភសក្ការហើយដែរ ។ ដូច្នេះទើបគ្មាននរណាហ៊ានក្អកគ្រហែម ៕


ចែករំលែក៖