ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សេវាប្រមូលសំរាម​ឡើងថ្លៃជិត៣ដង ចាំមើលការប្រមូលយ៉ាងម៉េចវិញ?

ចែករំលែក៖

មិនដឹងថាពលរដ្ឋនៅរាជធានីភ្នំពេញសាទរ​ចំពោះ​ការដំឡើងថ្លៃសេវាប្រមូលសំរាម​ដែរឬយ៉ាងណានោះទេ ។ សព្វថ្ងៃតម្លៃសេវាប្រមូល​សំរាម​ត្រូវបង់៤ពាន់រៀលក្នុងមួយខែ ។ អំណឹះតទៅ អ្នកធ្លាប់បង់៤ពាន់រៀល ឬ១ដុល្លារ​ ត្រូវបង់​១០៦០០រៀល ក្នុងមួយខែ ។ ពោលគឺកើនឡើង​ស្ទើរ​៣ដងឯណោះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់​មើលឃើញថា មិនគួរឡើងថ្លៃ​អ្វីដល់ម្លឹងពេកទេ បើឡើងគួរតែត្រឹមទ្វេដងបានហើយ ។ យ៉ាងណាក៏ដោយ យើងខ្ញុំជាប្រជាពលរដ្ឋ​រង់ចាំមើល​គុណភាព​នៃការចុះប្រមូលសំរាម​របស់ក្រុមហ៊ុនប្រមូលសំរាម​ តើទៀងទាត់​តាមកាល​កំណត់ដែរឬទេ?

ការកំណត់តម្លៃ​ក្នុងមួយខែ៤ពាន់រៀល ត្រូវគេអះអាងថា បានព្រមព្រៀងគ្នា​តាំងពីឆ្នាំ១៩៩៦ ។ ដូច្នេះវា ត្រឹមត្រូវហើយ ដែលត្រូវកែប្រែសេវា​ប្រមូលសំរាមនេះ ។ ប៉ុន្តែ​ការដែលដំឡើងថ្លៃច្រើនពេក ក៏មិនជាល្អចំពោះស្មារតី​របស់ប្រជាពលរដ្ឋ​នៅទីក្រុង​នេះដែរ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វាអាស្រ័យទៅលើគុណភាពសេវានៃការចុះប្រមូលសំរាមនោះថា តើវាទៀងទាត់កម្រិតណា? បើថា សេវា​ប្រមូលសំរាម​រីយីករយាក​ដូចសព្វថ្ងៃនេះទេ បញ្ហា​ដំឡើងថ្លៃ​សេវាប្រមូលសំរាម​មិនគួរកើតមានទេ? ពោលគឺបើប្រមូលសំរាម​របៀបដូចសព្វថ្ងៃនេះ ការដំឡើងថ្លៃ​រហូតដល់​ស្ទើរ៣ដងនោះ គឺជារឿងខុសឆ្គងមួយធ្ងន់ណាស់ ។

សព្វថ្ងៃនេះ សេវាប្រមូលសំរាម​ធ្វើឡើងភ្លឹបភ្លែតៗ ដូចភ្លើងក្នុងបារ ជួនកាលបាត់ពីរ ឬបីថ្ងៃ ឬពេលខ្លះ​ដល់មួយសប្តាហ៍ ទើបឃើញ​ឡាន​ក្រុមហ៊ុន​ប្រមូលសំរាមចុះមកធ្វើការងារ ។ បើនិយាយពីនៅតាមតំបន់ជាយក្រុងឯណេះវិញ ដូចជាខណ្ឌដង្កោ, សែនសុខ ឬឫស្សីកែវ សកម្មភាព​ប្រមូលសំរាម​បានធ្វើឡើង​នៅក្នុងរយៈពេលមួយសប្តាហ៍ ឬ១០ថ្ងៃម្តង ។ ប៉ុន្តែ​ការប្រមុលលុយ​មិនបានខកខាន ឬត្រូវបានពន្យារ​នោះទេ ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរអះអាងថា បានចេញខាតជំនួសប្រជាពលរដ្ឋលើវិស័យ​ប្រមូលសំរាមនេះ ។ គេរំពឹងថា បន្ទាប់ពីការឡើងថ្លៃ​សេវាប្រមូលសំរាមនេះទៅ អាជ្ញាធរលែងបង់ខាត​ទៀតហើយ ។

យ៉ាងណាក៏ដោយ ក្នុងនាមប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញយល់ឃើញថា ការដំឡើងថ្លៃសំរាមស្ទើរតែ​បីដងនោះ វាដូចជា​ថ្លៃពេកហើយ ។ បើការដំឡើង​ត្រឹមតែ​ពី៤ពាន់រៀលទៅ៨ពាន់រៀល ទើបអាចថាសមរម្យ ឬសមល្មម ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាអាស្រ័យទៅលើ​សេវា​កម្ម​នៃការប្រមូលនោះតើទៀងទាត់ឬទេ? អាជ្ញាធរ​បានដាក់គំនាបលើប្រជាពលរដ្ឋ​មិនឲ្យចោលសំរាមផ្តេសផ្តាស់ ។ ជាក់ស្តែងនៅពេលនេះ អាជ្ញាធរបានអំពាវនាវ​ប្រជាពលរដ្ឋ​ទុកដាក់សំរាមនៅក្នុងផ្ទះបណ្តោះអាសន្ន ព្រោះតែ​បុគ្គលិក​ប្រមូលសំរាមស៊ីនទ្រី ត្រូវឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ ។ នៅពេលដែលមានបុណ្យទានម្តងៗ សំរាម​ភាគច្រើន​ត្រូវបានគរនៅក្នុងលំនៅឋាន ឬក៏ប៉ើងហោះតាមខ្យល់​ក្នុងរាជធានី​។

ប្រសិនបើការដំឡើងថ្លៃស្ទើរ៣ដង អនុវត្តបានដោយជោគជ័យ នោះគ្មានទេការស្នើសុំឲ្យប្រជាពលរដ្ឋទុកសំរាមនៅក្នុងផ្ទះ ។ ក្រុមហ៊ុនប្រមុល​សំរាម​ត្រូវទទួលខុសត្រូវទាំងស្រុង​ចំពោះការបញ្ជូនចេញសំរាម​ទាំងអស់​ដោយមិនទុកឲ្យកកស្ទះទៀតឡើយ ។ ពោលគឺ​នៅពេលដែលឡើងថ្លៃ​រហូតដល់១០៦០០រៀលហើយនោះ មិនថានៅជាយខណ្ឌសែនសុខ, ដង្កោ​, ពោធិ៍សែនជ័យ ឬខណ្ឌឫស្សីកែវនោះឡើយ សេវាប្រមូលសំរាមត្រូវធ្វើឲ្យបានទៀងទាត់តាមការព្រមព្រៀង​ជាមួយអាជ្ញាធរ ។ ឧបមាថា តំបន់ «ក» ត្រូវចុះប្រមូលសំរាម​រយៈពេល​២ថ្ងៃម្តង នាវេលាម៉ោង​១២ថ្ងៃត្រង់ ដូច្នេះនៅវេលាកំណត់ ត្រូវតែមានរថយន្ត​ប្រមូលសំរាមមកដល់ ។ ការចុះប្រមូលសំរាមទៀងទាត់តាម​ម៉ោង​ពេល នោះអាជ្ញាធរ​អាចផាកពិន័យចំពោះប្រជាពលរដ្ឋ​ណា​ដែលចេះតែចោលសំរាមផ្តេសផ្តាស់នោះបានហើយ ។

នៅពេលដែលសេវាដំឡើងថ្លៃត្រូវបានអនុវត្ត​ រថយន្ត​ប្រមូលសំរាម​ក៏មិនត្រូវ​ហូរទឹកស្អុយកក្លាក្សចាល់លើទ្រូងថ្នល់ពេលឈប់ភ្លើងស្តុបនោះដែរ ។ ជាងនេះទៅទៀត នៅពេលចេញដំណើរ​ត្រូវគ្របសំរាមឲ្យបានត្រឹមត្រូវ មិនមែន​ត្រូវបើកបើរលឿនដូចហោះ ហើយសំរាម​ប៉ើងចេញពីលើរថយន្តដូចសព្វថ្ងៃនេះទេ ។ នៅមានបញ្ហាជាច្រើនទៀត​ដែលជាបញ្ហា​ប្រឈម​សម្រាប់ក្រុមហ៊ុនប្រមូលសំរាមត្រូវដោះស្រាយ ។ ការដោះស្រាយជំហានដំបូងនោះគឺការប្រមូលសំរាមឲ្យទៀតទាត់ រួមទាំងកែលម្អរថយន្ត​ប្រមូលសំរាម​… និងបញ្ហា​ផ្សេងៗទៀត ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖