ក្នុងនាមប្រជាពលរដ្ឋម្នាក់ រស់នៅក្រុងព្រះសីហនុ មិនដឹងថា តើអាជ្ញាធរចាប់អារម្មណ៍បញ្ហាគំនរសំរាមដែលគរទុកចោលអស់រយៈពេលជិត២សប្តាហ៍នៅក្រោយភ្នំ ប៉ាក់ពើក ក្បែរវិទ្យាល័យហ៊ុនក្រុង នោះដែរឬយ៉ាងណាទេ? តាមខ្ញុំយល់ទិដ្ឋភាពសំរាមនៅក្រុងព្រះសីហនុបែបនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញថា សូម្បីតែលំនៅឋានរបស់ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ក៏គ្មានអនាម័យស្អាតបាតនោះដែរ ។ ខ្ញុំធ្លាប់ឮចាស់ជាន់ដើមនិយាយថា គឺរបៀបផ្តិលទឹករាយពីមុខជណ្តើររហូតដល់ចង្ក្រានបាយនេះឯង ។ យ៉ាងដូច្នេះគឺថ្នាក់ដឹកនាំក្រុង និងខេត្តព្រះសីហនុ មិនចេះទើសភ្នែក រឿងសំរាមនេះទេ ប៉ុន្តែនៅពេលដែលក្តៅស្លឹកត្រចៀក មុខជាដាក់កម្លាំងចាំចាប់ប្រជាពលរដ្ឋយកសំរាមទៅចោលនោះជាមិនខាន ។ ហេតុអ្វីក៏គ្មានវិធានការជាមួយក្រុមហ៊ុនប្រមូលសំរាម ។
ក្នុងនាមប្រជាពលរដ្ឋ ខ្ញុំបាទមើលឃើញថា អាជ្ញាធរក្រុង ក៏ដូចជាខេត្តហាក់ដូចជាគ្មានវិធានការទាល់តែសោះចំពោះក្រុមហ៊ុនប្រមូលសំរាម ចង់ក្រុមហ៊ុនមកប្រមូលក៏ប្រមូលទៅ, មិនប្រមូលក៏ហីទៅ, ប៉ុន្តែបែរជាអាជ្ញាធរព្រមានចាត់វិធានការចំពោះប្រជាពលរដ្ឋដែលចោលសំរាមផ្តេសផ្តាសឯណោះទៅវិញ ។ ដូច្នេះវាជាកំហុសរបស់ប្រជាពលរដ្ឋក្នុងការចោលសំរាម ។ ចេតនាចង់បានរបស់អាជ្ញាធរគឺឲ្យប្រជាពលរដ្ឋទុកសំរាមក្នុងផ្ទះ រង់ចាំរថយន្តចុះមកប្រមូលសំរាមថ្ងៃណា នាំគ្នាយកទៅផ្ញើរថយន្តប្រមូលសំរាមថ្ងៃនោះទៅ ។ ប៉ុន្តែនិយាយរឿងលុយថ្លៃសេវាប្រមូលសំរាម គឺមិនអាចខក ឬយឺតពេលបានឡើយ ។
ប្រការនេះ ធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋ ហាក់ដូចជាមិនយល់អំពីការងារដឹកនាំរបស់អាជ្ញាធរ ក្រុង និងខេត្ត ។ ពោលគឺចាំសង្កត់តែប្រជាពលរដ្ឋ ប៉ុន្តែមិនហ៊ានក្អកជាមួយក្រុមហ៊ុន ជាក់ស្តែងរឿងសំរាមនេះ
។
ក្នុងនាមប្រជាពលរដ្ឋនៅក្រុងមាត់សមុទ្រនេះ គឺសង្កេតឃើញបញ្ហាសំរាមកំពុងតែចោទយ៉ាងខ្លាំង ហើយអាជ្ញាធរហាក់ដូចជាមិនមានដំណោះស្រាយ គ្រប់គ្រាន់នោះឡើយ ។ អាជ្ញាធរគួរតែដាក់វិធានការជាក់លាក់ចំពោះក្រុមហ៊ុនប្រមូលសំរាម ពីព្រោះថា នៅពេលដែលខាងក្រុមហ៊ុនទារលុយ ក៏ម៉ឺងម៉ាត់ម៉ត់ចត់ណាស់ដែរ រំលងតែមួយថ្ងៃ ឬមួយម៉ោងមិនបានផង ។ ដូច្នេះអ្វីដែលសំខាន់ គឺគ្រាន់តែអាជ្ញាធរចាត់ឲ្យក្រុមហ៊ុនប្រមូលសំរាមចុះធ្វើសកម្មភាពឲ្យជាក់លាក់ទៀងទាត់ទាន់ពេលវេលា នោះវាគ្មានបញ្ហាអ្វីទៀតឡើយ ។ ប្រជាពលរដ្ឋអាចនឹងដំអក់ ឬស្តុកសំរាមក្នុងផ្ទះត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បើលើសពីនេះ មុខជាត្រូវយកទៅចោលនៅទីវាលមិនខានឡើយ ។ និយាយរួមទៅ បើយកលុយ គឺត្រូវតែចុះមកប្រមូលសំរាមឲ្យទៀងទាត់ ៕ ប្រជាពលរដ្ឋម្នាក់