ព័ត៌មានទាន់ហេតុការណ៍៖

លោក​សក្តិ​៣​ ហេង​ ហាប់​ លួច​ IPad ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ចែករំលែក៖

ភ្នំពេញ៖ លោក​ ប្លង់​ សុផល​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​ សម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ពាក់ព័ន្ធការចូលលួច Ipad ពី​បទ​លួច​ តាម​មាត្រា​៣៥៣​ និង​ ៣៥៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​ មុន​នេះ​បន្តិច​ ។

បច្ចុប្បន្ន​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ក្រោម​រូបភាព​ជនត្រូវចោទ​នៅ​ក្រៅ​ឃុំ​ ។

ការ​សម្រេច​ដ៏​ឆាប់​រហ័ស​របស់​តុលាការ​ នា​ពេល​នេះ​ បន្ទាប់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងនេះបញ្ជូនមកតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ជុំវិញបញ្ហានេះ មជ្ឈដ្ឋានជាច្រើន យល់ឃើញថា ការសម្រេចបញ្ជូនតែសំណុំរឿងមកតុលាការ ដោយពុំបានចាប់ខ្លួនជនសង្ស័យ ដើម្បីស៊ើបអង្កេតឲ្យបានល្អិតល្អន់ដូចករណីដទៃទៀត គ្រាន់តែធ្វើឲ្យមហាជនស្ងប់ចិត្កបន្តិចប៉ុណ្ណោះ ។ ប៉ុន្តែ ទោះបីយ៉ាងណា លោកសក្តិ៣ ហេង ហាប់ នៅតែមានសេរីភាព ជាធម្មតាដដែល ។

កន្លងមក មានករណីប៉ូលិសបាញ់រថយន្តអ្នកដទៃ នៅខណ្ឌច្បារអំពៅ ដំបូងឡើយក៏ត្រូវបានសមត្ថកិច្ចមានវិធានការត្រឹមពិន័យកងកម្លាំងផងដែរ ។ ប៉ុន្តែក្រោយមាន ប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ទើប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យចាប់ខ្លួនបញ្ជូនមកតុលាការនិងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតែម្តង ។

អ្នកច្បាប់លើកឡើងថា ករណីទាំងអស់នេះ សុទ្ធតែជាការអនុវត្តច្បាប់ ហេតុអ្វីចាំបាច់ធ្វើឲ្យវែងឆ្ងាយ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងក្លា ជាផលនាំឲ្យមហាជនកាន់តែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាយ៉ាងដូច្នេះ ៕ចេស្តា


ចែករំលែក៖