ខេត្តរតនគិរី៖ ជនអាណាថា មិនស្គាល់អត្តសញ្ញាណម្នាក់ និងមានសតិមិនគ្រប់ផងនោះ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់លើដងផ្លូវ ហើយសមត្ថកិច្ចប្រគល់ឲ្យមន្ត្រីមូលដ្ឋានចាត់ចែង នៅវេលាម៉ោង៥.០០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរកាន់លឿង ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះ ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល៣៤ឆ្នាំ មានសតិមិនគ្រប់ ហើយមិនស្គាល់អត្តសញ្ញាណ តែងដើរតាមផ្លូវរហូត ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ជនរងគ្រោះប្រហែលអង្គុយលើផ្លូវជាតិ ហើយមានរថយន្តមកពីត្បូងទៅជើង ក៏បុកតែម្តង ហើយបន្សល់ទុកសាកសពនៅ កន្លែងកើតហេតុ ឯរថយន្តបង្កបានបើករត់គេចបាត់ស្រមោលភ្លាមៗដែរ ។
ក្រោយកើតហេតុ លោកអធិការ បានដឹកនាំកម្លាំងមានអធិការរងផែនជំនាញ នាយរងផ្នែកជំនាញ លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិថ្មី និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាកសពភ្លាមៗ រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យអាជ្ញាធរឃុំជ័យឧត្តម យកទៅបូជាសពតាមប្រពៃណៃ ។
ជំនាញអធិការស្រុកកំពុងស្រាវជ្រាវបន្តរករថយន្តបង្កហេតុ និងកសាងសំណុំរឿងតាមនីតិវិធី៕ ជីវ័ន្ត