នាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅម្តុំវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមសម្តែងនូវការគាំទ្រស្មោះអស់ពីចិត្តចំពោះសមត្ថកិច្ចនគរបាល (មិនដឹងអង្គភាព) ដែលតែងតែបានឆ្មក់ចាំបង្ក្រាបក្រុមអ្នកជួញដូរគ្រឿងញៀននៅម្តុំវត្តនាគវន្ត ។ លើសពីនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏បានកាត់បន្ថយបញ្ហាជួញដូរគ្រឿងញៀននៅតំបន់នោះ មួយចំណែកធំដែរ ប៉ុន្តែប្រតិបត្តិការនៅពេលខ្លះ បង្កឲ្យមានការយល់ច្រឡំ ហើយខ្លះ បែរជាបង្កការក្តៅក្រហាយដល់កូនចៅប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធនឹងករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀននោះទៅវិញ ។
ប្រតិបត្តិការរបស់សមត្ថកិច្ចហាក់ដូចជាមានអាថ៌កំបាំង ក៏ព្រោះតែនៅពេលដែលប្រជាពលរដ្ឋនៅក្បែរខាងថតរូប មិនត្រូវបានខាងសមត្ថកិច្ចអនុញ្ញាតនោះទេ ផ្ទុយទៅវិញ បែរជាដេញចាប់ពលរដ្ឋដែលថតរូបនោះ ជាមួយនឹងការគំរាមកំហែងឲ្យលុបរូបភាព ។ គេមិនដឹងថា ចំណុចនេះ វាពាក់ព័ន្ធនឹងផលប្រយោជន៍ ឬក៏ធ្វើឲ្យប្រតិបត្តិការសមត្ថកិច្ចទាំងនោះខាតបង់យ៉ាងណានោះឡើយ ។ ប្រជាពលរដ្ឋដែលអបអរសាទរប្រតិបត្តិការតាមរយៈការឈរមើល ក៏ត្រូវបានមន្ត្រីស្លៀកពាក់ស៊ីវិលដេញមិនឲ្យមើលនោះទេ ។ ហេតុអ្វីបានជាប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបានឈរគាំទ្រផង? ឬមួយក៏ធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការនេះ ។
ប្រតិបត្តិការនេះ ច្រើនធ្វើឡើងចាប់ពីព្រលប់ ដល់យប់ប្រហែលម៉ោងជាង៨ ។ អ្វីដែលធ្វើឲ្យនាងខ្ញុំចាប់អារម្មណ៍ជាងនេះទៅទៀត គឺឃើញក្មេងៗជិះម៉ូតូទំនើបៗជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចនៃយើងចាប់គ្រៀក លើកម៉ូតូដាក់លើរថយន្ត ។ ឮសម្រែកពីក្រុមក្មេងៗ អាយុក្រោម២០ឆ្នាំទាំងនោះថា ខ្ញុំមិនរកស៊ី(គ្រឿងញៀន) ឬក៏ប្រើប្រាស់(ថ្នាំញៀន) ទេ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចដែលដាក់ប្រចាំការ ផុតពីថ្នល់រថភ្លើងវត្តនាគវន្តនៅតែចាប់ដោយបង្ខំចំពោះយុវជនណា ដែលជិះម៉ូតូថ្លៃៗ រុញឡើងរថយន្តដែលប្រចាំការនៅទីនោះតែម្តង ។ នៅពេលដែលមានការចាប់ខ្លួនយុវជនណាម្នាក់ គឺសមត្ថកិច្ចធ្វើភ្នែកដូចជាចោរ ពោលគឺតាមឃ្លាំមើលក្រែងមានប្រជាពលរដ្ឋលួចថតសកម្មភាពទាំងនោះ ។
ក្នុងនាមប្រជាពលរដ្ឋដែលនៅម្តុំនេះ សំណូមពរដល់មន្ត្រីជាន់ខ្ពស់នៃស្នងការនគបាលរាជធានីភ្នំពេញ មេត្តាបង្ហាញភាពស្មោះត្រង់ ចំពោះប្រតិបត្តិការតាមរយៈការអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចូលរួម ជាពិសេស គួរតែមានការអបអរសាទរពីប្រជាពលរដ្ឋនៅជិតៗនោះផង ពីព្រោះថា ប្រតិបត្តិការដែលមានការគាំទ្រពីប្រជាពលរដ្ឋ គឺសុទ្ធតែដើម្បីបុព្វហេតុប្រជាពលរដ្ឋទាំងអស់ ។ នាងខ្ញុំរំពឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបន្តប្រតិបត្តិការនៅចំណុចខាងលើប្រកបដោយសុច្ចរិតភាពនិងបើកចំហរ ។ ចៀសវាងបញ្ហាកន្ទេលធំ បន្លំដេក ហើយបណ្តាលឲ្យមានយុវជនស្លូតត្រង់មួយចំនួនក្លាយទៅជាជនរងគ្រោះនៃប្រតិបត្តិការនេះ ៕ ប្រជាពលរដ្ឋម្នាក់