ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖​ កុំកន្ទេលធំ បន្លំដេក

ចែករំលែក៖

នាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅម្តុំវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមសម្តែង​នូវការគាំទ្រស្មោះអស់ពីចិត្ត​ចំពោះ​សមត្ថកិច្ចនគរបាល (មិនដឹងអង្គភាព) ដែលតែងតែបាន​ឆ្មក់ចាំបង្ក្រាប​ក្រុមអ្នកជួញដូរគ្រឿងញៀន​នៅម្តុំវត្តនាគវន្ត ។ លើសពីនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏បានកាត់បន្ថយបញ្ហា​ជួញដូរគ្រឿងញៀន​នៅតំបន់នោះ មួយចំណែកធំដែរ ប៉ុន្តែ​ប្រតិបត្តិការនៅពេលខ្លះ បង្ក​ឲ្យមាន​ការយល់ច្រឡំ ហើយខ្លះ បែរជា​បង្កការក្តៅក្រហាយដល់កូនចៅប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធនឹងករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀននោះទៅវិញ ។

ប្រតិបត្តិការរបស់សមត្ថកិច្ច​ហាក់ដូចជាមានអាថ៌កំបាំង ក៏ព្រោះតែនៅពេលដែលប្រជាពលរដ្ឋនៅក្បែរខាងថតរូប មិនត្រូវបាន​ខាងសមត្ថកិច្ចអនុញ្ញាតនោះទេ ផ្ទុយទៅវិញ បែរជាដេញចាប់ពលរដ្ឋដែលថតរូបនោះ ជាមួយនឹងការគំរាមកំហែង​ឲ្យលុបរូបភាព ។ គេមិនដឹងថា ចំណុចនេះ វាពាក់ព័ន្ធនឹងផលប្រយោជន៍ ឬក៏ធ្វើឲ្យប្រតិបត្តិការសមត្ថកិច្ចទាំង​នោះខាតបង់យ៉ាងណានោះឡើយ ។ ប្រជាពលរដ្ឋដែលអបអរសាទរ​ប្រតិបត្តិការតាមរយៈការឈរមើល ក៏ត្រូវបានមន្ត្រី​ស្លៀកពាក់ស៊ីវិល​ដេញមិនឲ្យមើលនោះទេ ។ ហេតុអ្វីបានជា​ប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មិនអនុញ្ញាត​ឲ្យប្រជាពលរដ្ឋ​បានឈរគាំទ្រ​ផង? ឬមួយក៏ធ្វើ​ឲ្យ​ប៉ះពាល់ដល់ប្រតិបត្តិការនេះ ។

ប្រតិបត្តិការនេះ ច្រើនធ្វើឡើងចាប់ពីព្រលប់ ដល់យប់ប្រហែល​ម៉ោងជាង៨ ។ អ្វីដែលធ្វើឲ្យនាងខ្ញុំចាប់អារម្មណ៍ជាងនេះទៅទៀត គឺឃើញក្មេងៗជិះម៉ូតូទំនើបៗជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចនៃយើងចាប់គ្រៀក លើកម៉ូតូដាក់លើរថយន្ត ។ ឮសម្រែក​ពីក្រុមក្មេងៗ អាយុក្រោម២០ឆ្នាំទាំងនោះថា ខ្ញុំមិនរកស៊ី(គ្រឿងញៀន) ឬក៏​ប្រើប្រាស់​(ថ្នាំញៀន) ទេ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​ដែលដាក់ប្រចាំការ ផុតពីថ្នល់រថភ្លើង​វត្តនាគវន្ត​នៅតែចាប់ដោយបង្ខំចំពោះយុវជនណា ដែលជិះម៉ូតូ​ថ្លៃៗ រុញឡើងរថយន្ត​ដែលប្រចាំការនៅទីនោះតែម្តង ។ នៅពេលដែលមានការចាប់ខ្លួនយុវជនណាម្នាក់ គឺសមត្ថកិច្ច​ធ្វើភ្នែកដូចជាចោរ ពោលគឺតាមឃ្លាំមើលក្រែងមានប្រជាពលរដ្ឋលួចថតសកម្មភាពទាំងនោះ ។

ក្នុងនាមប្រជាពលរដ្ឋដែលនៅម្តុំនេះ សំណូមពរដល់មន្ត្រីជាន់ខ្ពស់នៃ​ស្នងការនគបាលរាជធានីភ្នំពេញ មេត្តា​បង្ហាញ​ភាពស្មោះត្រង់ ចំពោះប្រតិបត្តិការ​តាមរយៈការអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចូលរួម ជាពិសេស គួរតែមានការអបអរសាទរ​ពីប្រជាពលរដ្ឋនៅជិតៗនោះផង ពីព្រោះថា ប្រតិបត្តិការដែលមានការគាំទ្រពីប្រជាពលរដ្ឋ គឺសុទ្ធតែដើម្បីបុព្វហេតុប្រជាពលរដ្ឋទាំងអស់ ។ នាងខ្ញុំរំពឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបន្តប្រតិបត្តិការនៅចំណុចខាងលើ​ប្រកបដោយសុច្ចរិតភាព​និងបើកចំហរ ។ ចៀស​វាង​បញ្ហាកន្ទេលធំ បន្លំដេក ហើយបណ្តាលឲ្យមានយុវជនស្លូតត្រង់មួយចំនួន​ក្លាយទៅជាជនរងគ្រោះនៃប្រតិបត្តិការនេះ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖