ជំងឺគ្រុនផ្តាសាយបក្សីជាស្រមោលអតីតកាលដ៏អាក្រក់គ្របដណ្តប់ទៅលើប្រជាកសិករវៀតណាម ដោយមានសត្វចិញ្ចឹមជាច្រើនត្រូវបានសម្លាប់ យកទៅកប់ដោយធ្វើឲ្យខាតបង់ទឹកប្រាក់ជាច្រើន ។ ជំងឺផ្តាសាយបក្សីចាប់ផ្តើម កើតឡើងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ មនុស្ស១២៧នាក់ នៅវៀតណាមបានឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ក្នុងនោះអ្នកផ្ទុកជំងឺនេះ៦៤នាក់បានស្លាប់ ។ តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ជំងឺ H5N1 មិនបានឆ្លងទៅលើមនុស្សណាម្នាក់នោះទេ ។
ជំងឺគ្រុនផ្តសាយបក្សីបានកើតឡើងនៅខេត្ត បេនត្រេ (Ben Tre) ភាគខាងត្បូងវៀតណាម ។ នេះជាការឆ្លងដំបូងគេអំពីជំងឺផ្តាសាយបក្សី A/H5N6 ដែលនាំឲ្យសម្លាប់សត្វមាន់ប្រហែល១ ០០០ក្បាល ។
មន្ត្រីក្នុងតំបន់បញ្ជាក់ថា ជំងឺផ្តាសាយបក្សីនេះ ត្រូវបានរកឃើញនៅក្នុងស្រុក Mo Cay Nam ក្រោយពីធ្វើពិសោធន៍ហើយរកឃើញនៅលើសត្វចិញ្ចឹមលក្ខណៈគ្រួសារនៅទីនោះ មានផ្ទុកជំងឺគ្រុនផ្តសាយបក្សីនេះ ។
ក្រោយផ្ទុះករណីនេះ ភ្នាក់ងារពាក់ព័ន្ធបានចាត់វិធានការទប់ស្កាត់ និងសម្អាត សម្លាប់សត្វមាន់ទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចចាក់វាក់សាំងលើសត្វចិញ្ចឹមដទៃផ្សេងទៀតដូចជាជ្រូក ក្របី គោជាដើម ។
កាលពីចុងខែកក្កដា ក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្មវៀតណាម បានប្រកាសឲ្យដឹងអំពីការឆ្លងរាលដាលជំងឺគ្រុនផ្តាសាយបក្សី A/H5N6 និង A/H5N1 រាលដាលនៅទូទាំងឃុំចំនួន១៣ និង១១ទីតាំង ចាប់ពីដើមឆ្នាំ២០១៩មក ។ សត្វបក្សីជាង ២៣ ០០០ក្បាលត្រូវសម្លាប់រួចហើយ ។
វៀតណាមផ្ទុះជំងឺគ្រុនផ្តាសាយបក្សី A/H5N1 ដំបូងគេនៅខែធ្នូ ឆ្នាំ២០០៣ ។ កាលណោះផ្ទុះឡើងទាំងមនុស្ស និងសត្វបក្សី ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ សត្វបក្សីក្នុងប្រទេសនេះសរុបជាង៤៥លានក្បាល ត្រូវសម្លាប់ចោល មួយឆ្នាំៗ សម្លាប់រាប់រយពាន់ក្បាល៕