ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនិងរុស្ស៊ី កំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញហើយ​ ក្រោយអាមេរិកគិត​តែ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន

ចែករំលែក៖

ដោយសារតែ នយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានធ្វើឲ្យ ប្រទេសជាមិត្តបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ។នៅពេលនេះអឺរ៉ុបកំពុងតែងាកទៅបង្កើន​ទំ​នាក់​ទំនងជាមួយរុស្ស៊ីវិញ ហើយ។ ចំណែករុស្ស៊ីវិញ ក៏បាន បង្កើនការលក់ឧស្ម័ន​ទៅឲ្យ​អឺរ៉ុប ជាឱកាសល្អរបស់អ៊ុយក្រែនទំនាក់ទំនង​​​រវាង​រុស្ស៊ី និងអ៊ុយក្រែន ​អាចនឹងល្អប្រសើរ ​ ហើយបានផ្តល់ឱកាស នៅក្នុងការ​ពន្យារពេល​កិច្ចព្រម​ព្រៀង ជាឈ្មួញកណ្តាល នៅក្នុង​ការដឹកជញ្ជូនឧស្ម័នហ្គាសទៅកាន់ ប្រទេស​តំបន់អឺរ៉ុប​។

ក្រុមហ៊ុនឧស្ម័នដ៏ធំបផុតរបស់រុស្ស៊ី ​Gazprom ​មានគម្រោង ​ផ្គត់ផ្គង់​ឧស្ម័នហ្គាស ជាង​១១ពាន់​លានម៉ែត្រគុប ដល់បណ្តាឃ្លាំងស្តុកឧស្ម័ន ឲ្យបណ្ដាប្រទេសនៅតំបន់អឺរ៉ុប​។​ ចំនួន​ឧស្ម័ន​​ទាំងនោះ គឺច្រើនជាងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ​២០១៨។ ការប្រកួតប្រជែង​នៅលើ​ទីផ្សារនៅក្នុងតំបន់អឺរ៉ុបនោះ គឺដោយសាតែ​មានការចូលរួមពីឧស្ម័នហ្គាសរបស់អាមេរិក នៅក្នុងទីផ្សាររបស់អឺរ៉ុបផងដែរ។ កត្ដាទាំងនេះហើយ ទើបធ្វើឲ្យឧស្ម័នរបស់រុស្ស៊ី នាំចូល​អឺរ៉ុប កាន់តែមានតម្លៃថោក។

ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន​ Gazprom ​លោក Alexey Miller ​មិនបានលើកពី​គម្រោង របស់ខ្លួន ជាទ្រង់ទ្រាយធំនោះឡើយ ​ខណៈអ៊ុយក្រែន និង អ៊ឺរ៉ុប កំពុងតែស្វែង​រកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត មានដូចជា អាម៉េរិក ជាដើម​។ ប៉ុន្តែការបញ្ជូនឧស្ម័ន ១១ពាន់លានម៉ែត្រគុប នេះ គឺជាជំនួញដ៏ច្រើនបំផុត ​មិនធ្លាប់មានពីមុនមក។

ការបញ្ជូនឧស្ម័នហ្គាសទៅកាន់អឺរ៉ុប កាន់តែ​ពន្លឿន ដោយសារតែកិច្ចព្រមព្រៀងបំ​ពង់បង្ហូរ​ឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែនទៅកាន់អឺរ៉ុប រយៈពេល​១០ឆ្នាំនឹងត្រូវបញ្ចប់ នៅចុងឆ្នាំ​នេះ ។ ​ជាមួយគ្នានោះដែរ ក្រុមហ៊ុន​ Gazprom ​បានប្រកាសថា កិច្ចព្រមព្រៀង លក់ឧស្ម័ន​ទៅឲ្យអ៊ុយក្រែន ដោយផ្ទាល់គឺមានសារសំខាន់ជាងកិច្ចព្រមព្រៀង បញ្ជូនឧស្ម័នឆ្លង​កាត់ប្រ​ទេសនេះទៅទៀត។ អ៊ុយក្រែនឈប់ទិញឧស្ម័នហ្គាសពីប្រទេសរុស្ស៊ីនៅឆ្នាំ​២០១៥ ហើយ​ត្រូវបន្តទិញពីប្រទេសនៅក្នុងតំបន់អឺរ៉ុប​ មានតម្លៃថ្លៃជាង ។ នៅពេលនេះប្រសិនបើ រុស្ស៊ី និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងនោះ តម្លៃឧស្ម័នហ្គាសនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្លាក់ទាបជាងមុនដល់ទៅ​២៥ភាគរយ​។

បារាំង​ចង់​ដើរ​តួ​​ជាអន្តរការី និង​ជំនះ​ឱ្យ​បាន​នូវ​រាល់​ភាព​ចម្រូង​ចម្រាស​ទាំង​ឡាយជាមួយ​រុស្ស៊ី។ លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល​ ម៉ាក្រុង​ បាន​បង្ហាញ​និន្នាការ​នេះ តាម​រយៈការ​ទទួល​លោកពូទីន នៅ​គេហដ្ឋាន​វិសមកាល​កាលពីចុង​ខែ​សីហា​ ជាភស្តុតាង។ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ បារាំង​ចង់​សម្រេច​ឱ្យ​បាន​កម្មវត្ថុ​មួយ​ទៀត គឺ​ការ​បង្ខិត​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ ជំនួប​ទ្វេភាគី ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងការពារជាតិ​បារាំង-រុស្ស៊ី ត្រូវ​ចាប់​បើក​ធ្វើ​ឡើង​វិញ​ ជា​លើក​ទី​មួយ នៅ​ទីក្រុង​ម៉ូស្គូ​ បន្ទាប់​ពី​អាកខាន​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ហេតុ​​វិបត្តិ​អ៊ុយក្រែន។

ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង បានសម្តែង​កាយវិការ​ជាក់ស្តែង និង​បាន​​ប្រកាសច្បាស់ៗ​ ក្នុង​សុន្ទរកថា​ នៅចំពោះ​មុខ​ឯកអគ្គរដ្ឋទូត តែ​ម្តង​ថា​ បារាំង​ចង់​សម្រេច​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឱ្យ​មាន​ភាព​កក់​ក្តៅនឹង​គ្នា​។ លោក​ម៉ាក្រុង បាន​មាន​ប្រសាសន៍​ដោយ​ចំៗ​ថា “បារាំង​និង​រុស្ស៊ី​ ជា​អឺរ៉ុប ! ដូច្នេះ​ត្រូវ ​ទំនុក​ចិត្ត​ជាមួយរុស្ស៊ី និង​​ស្ថាបនាយុទ្ធសាស្ត្រ​ជាមួយ​គ្នា​។ ក្នុង​រយៈ​ពេល​តែ​៥​ឆ្នាំ​រុស្ស៊ី បាន​ក្រសោប​ជំហរ​ជា​អតិបរិមា នៅ​ក្នុង​សំណុំ​រឿង​លីប៊ី ស៊ីរី និង​នៅ​អាហ្វ្រិក»។ជំហរ​ប្តូរផ្លាស់​របស់​បារាំង​​ចំពោះ​រុស្ស៊ី ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្រើនឡើងៗ ​នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះប៉ុណ្ណោះ។

តាំង​ពី​ឆ្នាំ​២០១៤​មក ទំនាក់ទំនង​បារាំង​រុស្ស៊ី មាន​លក្ខណៈ​ចុងមាត់ចុងក​ខ្លាំងណាស់ ! ថ្វីបើ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង បាន​ជួប​ពិភាក្សាជា​ច្រើន​ដង​​ជាមួយ​សមភាគី​រុស្សីមែន តែ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បារាំង​វិញ តាំង​ពី​ឡើង​កាន់​តំណែង​មក លោកស្រី Florence Parly មិន​ដែល​មាន​ជំនួប​ជាមួយ​ សមភាគី​រុស្ស៊ី​ម្តង​ណាសោះ។ គឺ​ទើប​តែ ​នៅ​ថ្ងៃនេះ​លោកស្រី​ព្រមទាំង​រដ្ឋមន្ត្រីការបរទេស​បារាំង ត្រូវ​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការពារជាតិ​និង​ការបរទេសរុស្ស៊ី​នៅក្រុង​ម៉ូស្គូ ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​អន្តររដ្ឋាភិបាល។

ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​និងការពារ​ជាតិ ឬ​ហៅ​កាត់​ថា​ជំនួបអន្តររដ្ឋាភិបាល ​២+២ ​ដើម្បី​ពិគ្រោះ​យោបល់​គ្នាស្តី ពីកិច្ចសហប្រតិបត្តិការ និង​សន្តិសុខ ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​រៀប​ចំ​ធ្វើ​តាំង​ឆ្នាំ​១៩៩០​មក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ផង​ និង​យោធា​ផង​។ តែ​ជំនួប​បែប​នេះ​ត្រូវ​បាន​ផ្អាក​តាំង​ពី​៥​ឆ្នាំ ក្រោយ​ពេល​ដែល​រុស្ស៊ី​បានប្រើ​កម្លាំង​ក្រសោប​យកទឹកដីគ្រីមេ របស់​អ៊ុយក្រែន។​ ពេល​នោះ​​បារាំង​ព្រមទាំង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច បាន​នាំ​គ្នា​ឈប់​និយាយ​រក​រុស្ស៊ី និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ទៀត រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ។​

បារាំង​ព្រម​បើក​ជំនួប​ទ្វេភាគី​ឡើង​វិញ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស្តារ​ទំនាក់ទំនង​ និង​ទំនុក​ចិត្ត​ជាមួយ​រុស្ស៊ី​ឡើង​វិញ ! ព្រោះ​រុស្ស៊ី​ មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​សំណុំ​រឿង​អន្តរជាតិ​ធំៗ ដែល​មាន​ផលប៉ះពាល់​ផ្ទាល់​ដល់​បារាំង និង​ដល់​អឺរ៉ុប។ ជំហរ​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​មិន​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​សោះ ដូច្នេះដើម្បី​សន្តិសុខ​បារាំង និង​ស្ថិរភាព​អឺរ៉ុប​ ទើប​បារាំង​ងាក​មកគិត​គូរស្តារ​​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​ជ្រើ​សរើស​បើក​​ជំនួប​​ ពីរ​បូកពីរ ដែល​ជា​ផ្លូវ​ដ៏​ខ្លី និង​ផ្ទាល់​ជាង​គេ​ ក្នុង​ការ​ពិភាក្សា​កិច្ចការ​ធំៗ។ ជា​ក្របខ័ណ្ឌ​នៃ​កិច្ចពិភាក្សា​ធម្មតា មិនមែន​ជា​ការខិត​ចូល​គ្នា​ដោយ​ឥត​លក្ខខណ្ឌ​នោះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត បារាំង​ងាក​រក​រុស្ស៊ី​ ក៏​ព្រោះ​ខាងរុស្ស៊ី​របស់​លោក​ពូទីន​ ទោរ​ទន់​ជំហរ​របស់​ខ្លួន ចំពោះ​អ៊ុយក្រែនដែរ។ កាលពី​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា រុស្ស៊ី​បាន​ព្រមព្រៀង​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​៧០​នាក់ ជាមួយ​ក្រុង​គៀវ (៣៥​នាក់​ម្នាក់)។ ជាព្រឹត្តិការណ៍​ស្ទើរ​ជា​ប្រវត្តិសាស្ត្រ​ និង​មាន​តម្លៃ​ជានិម្មិត្តរូប​ខ្លាំងណាស់ ព្រោះនៅ​ក្នុង​ចំណោម​អ្នក​ទោស​ដោះលែង ក៏​មាន​រូប​លោក Oleg Sentsov សមិទ្ធិករ​ភាព​យន្ត អ៊ុយក្រែន​នៅ​គ្រីមេ ដែល​ត្រូវបាន​​រុស្ស៊ី​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពីបទ​ភេរវនិយម ក្រោយ​ពី​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​អស់​១៤៥​ថ្ងៃ។ រុស្ស៊ី​ក៏ទំនង​ជា​យល់​ព្រម​ផ្តល់​សន្ទុះ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងMinsk ចុះ​ហត្ថលេខា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅភាគ​ខាង​កើត​អ៊ុយក្រែន ដែល​មាន​តែ​លើ​ក្រដាស​ ​គ្មានការ​គោរព។

​បន្ទាប់ពី​ជាប់​គាំង​តាំង​ខែ​តុលា ២០១៥ មក ជំនួប​កំពូល​ដើម្បី​សន្តិភាព​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ ប្រមូល​ផ្តុំ​ទៅ​ដោយ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល អ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង អាច​ចាប់​ផ្តើម​ឡើង​វិញ​ ជា​លើក​ទី​មួយ​ នៅ​ខែ​កញ្ញា​នេះ។ប៉ុន្តែក្នុង​ដំណាក់កាល​នេះ​ ​បារាំងបដិសេធ​​មិននិយាយ​ពី​ការ​លើក​ទណ្ឌកម្ម​អឺរ៉ុប​​ពី​រុស្ស៊ី​ឡើយ។​ បើ​តាម​រដ្ឋមន្ត្រីការបរទេស​បារាំង គេ​អាច​សើរើ​​ទណ្ឌកម្ម​នេះ​បាន​ ដរាប​ណា​ទាល់​តែ​មាន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុងMinsk ដើម្បី​ស្ថិរភាព​អ៊ុយក្រែន​សិន៕


ចែករំលែក៖