ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ តំបន់បឹងកក់ស្ថិតក្នុងគ្រោះអាសន្ន

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋមួយរូប ជាញយៗតែងតែប្រទះឃើញមានបញ្ហាអសកម្មបានកើតឡើងនៅតំបន់បឹងកក់ ជាពិសេសព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌដូនពេញ។ អាជ្ញាធរមានសមត្ថកិច្ចប្រដាប់អាវុធមិនមានឯកសណ្ឋាន បានចាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលធ្វើដំណើរនៅក្នុងតំបន់នោះ ដើម្បីជំរិតទារប្រាក់។ រឿងនេះបានកើតឡើងជាយូរមកហើយ ហើយបានធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងក្នុងរយៈពេលប៉ុន្មានយប់ចុងក្រោយនេះ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលបានមើលវីដេអូនៃការផ្សាយផ្ទាល់របស់ក្រុមអ្នកកាសែត អំពីករណីនៃការដេញប្រផាប់ចាប់ប្រភីង នៃក្រុងសមត្ថកិច្ចច្រើននាក់មិនស្លៀកពាក់ឯកសណ្ឋាន ចាប់បុរសម្នាក់ដាក់លើម៉ូតូជិះវិលចុះ វិលឡើងនៅក្នុងតំបន់បឹងកក់ ដោយមិនដឹងមូលហេតុនោះ គឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមានសមត្ថកិច្ច គួរស្រាយបំភ្លឺ និងចាត់វិធានការឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមតំបន់បឹងកក់បានកក់ក្តៅផង។

កាលខែមុន បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាមានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ប៉ុន្តែនៅពេលឆែកមិនឃើញមានគ្រឿងញៀននៅជាប់ខ្លួនឡើយ។ យ៉ាងណាក៏ដោយសមត្ថកិច្ចស្លៀកពាក់ស៊ីវិលទាំងនោះ ស្នើឲ្យបុរសដែលត្រូវចាប់រកប្រាក់មកលស់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ។ ម្តាយបុរសនោះស្រែកយំ ព្រោះតែគ្មានប្រាក់ឲ្យសមត្ថកិច្ចទាំងនោះ នឹងមិនដឹងថាកូនប្រុសគាត់មានខុសអ្វី។ រឿងបែបនេះបានកើតមានជាញឹកញាប់នៅតំបន់បឹងកក់ ហើយមានជនរងគ្រោះជាច្រើនរួចមកហើយ ដែលចំណាយប្រាក់ឲ្យហ្វូងបុរសស៊ីវិលទាំងឡាយ ដែលអះអាងថាខ្លួនជាសមត្ថកិច្ច។

បងប្អូនខ្ញុំបានដែលមានលំនៅឋានជិតផ្ទះសំណាក់ស្រែលាភនិយាយថា ជារឿយៗក្រុមសមត្ថកិច្ចទាំងនោះតែងតែចាប់មនុស្ស និងម៉ូតូមកទុកនៅសាលាបឋមសិក្សាវត្តនាគវន្ត ក្នុងវត្តនាគវន្ត សង្កាត់បឹងកក់ទី២ ហើយនាំតែមនុស្សចេញទៅ។ នៅពេលដែលមានការសម្របសម្រួលណាមួយហើយនោះ ទើបគេនាំមនុស្សឲ្យមកយកម៉ូតូនោះវិញ។ «ការសម្របសម្រួល» ជាទឹកប្រាក់ទៅតាមតម្លៃម៉ូតូ។ បើម៉ូតូថ្លៃត្រូវ «សម្របសម្រួល» ជូនសមត្ថកិច្ចច្រើនគួរសម ទើបអាចរួចខ្លួន និងយកម៉ូតូត្រឡប់ទៅវិញ។ មុនត្រឡប់ទៅវិញ អ្នកដែលត្រូវចាប់ខ្លួនសមត្ថកិច្ចសំពងទ្រមខ្លួនដើម្បីឲ្យឆ្លើយសារភាពទៅតាមអ្វីដែលគេចោទប្រកាន់។

បើតាមប្រជាពលរដ្ឋនៅតំបន់ក្បែរផ្ទះសំណាក់ស្រែលាភអះអាងថា ជនរងគ្រោះត្រូវបានចាប់នាំមកពីតំបន់បឹងកក់ ហើយនាំយកមកទាំងម៉ូតូ មកចរចា ឬដោះស្រាយនៅសាលាបឋមសិក្សាវត្តនាគវន្ត។ ជនស៊ីវិលដែលនៅក្នុងចំណោមសមត្ថកិច្ចទាំងនោះ ហាមប្រាមប្រជាពលរដ្ឋអ្នកជិតខាង មិនឲ្យថតរូបភាព ឬតាមឃ្លាំមើលសកម្មភាពពួកគេនោះឡើយ។ ក្នុងមួយយប់ៗសមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលទាំងនោះបានចាប់ប្រជាពលរដ្ឋច្រើននាក់ នាំមកកាន់បរិវេណវត្តនាគវន្ត។ ក្រុមសមត្ថកិច្ចទាំងនោះ មានហែរហមដោយរថយន្តពាក់ស្លាកលេខនគរបាលផងដែរ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់មិនបានចោទសមត្ថកិច្ចថា ចាប់ជំរិតប្រជាពលរដ្ឋយកប្រាក់នោះទេ។ ប៉ុន្តែបើតាមជនរងគ្រោះជាច្រើនអះអាងថា ពួកគេបានចំណាយប្រាក់យ៉ាងតិចបំផុត១ពាន់ដុល្លារ ដើម្បីរួចខ្លួន និងលស់ម៉ូតូយ៉ាងហោចពី៣រយទៅ៤រយដុល្លារ។ រឿងនេះកើតមានជាយូរមកហើយ។ ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចស្រាយចម្ងល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឡើយ។ ដូច្នេះខ្ញុំទទូចឲ្យប្រជាពលរដ្ឋមេត្តាធ្វើដំណើរយប់ព្រលប់ដោយប្រុងប្រយ័ត្ន ពេលធ្វើដំណើរឆ្លងកាត់តំបន់បឹងកក់ ឬបើអាចជៀសបាន កុំធ្វើដំណើរឆ្លងកាត់តំបន់បឹងកក់នោះ។ លើសនេះទៀតអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើគ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេគួរជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើរឆ្លងកាត់តំបន់បឹងកក់នោះផង៕


ចែករំលែក៖