ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សំរាមជាបញ្ហា នៅចុងឆ្នាំនេះ សម្រាប់អ្នកទីក្រុង

ចែករំលែក៖

ការប្រមូលសំរាមហាក់ដូចជាកាន់តែពន្យារពេលបន្តិចម្តងៗ នៅក្នុងភូមិសាស្រ្ត ខណ្ឌមួយចំនួននៅកណ្តាលរាជធានី ដែលមានខណ្ឌទួលគោកជាដើម។ កាលមុនក្រុម ហ៊ុនប្រមូលសំរាមស៊ិនទ្រីបានចុះប្រមូលរយៈពេល២ថ្ងៃម្តង។ កាលពីដើមខែធ្នូ ការ ប្រមូលសំរាមបានពន្យារពេលរហូតដល់៤ ឬ៥ថ្ងៃ ទើបឃើញរថយន្តប្រមូលសំរាម​មកម្តង។ ឥឡូវនេះគឺសប្តាហ៍ទី៣ នៃខែធ្នូ ការប្រមូលសំរាមបានពន្យារពេលជាងមួយសប្តាហ៍ ហើយមិនឃើញរថយន្តប្រមូលសំរាម មកប្រមូលនោះឡើយ។

នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅខណ្ឌទួលគោក មិនដឹងថាបញ្ហានេះត្រូវដោះស្រាយ យ៉ាងណានោះទេ? ប៉ុន្តែសំរាមបើទុកចោលតែមួយថ្ងៃវានឹងជះក្លិនស្អុយ ដង្កូវចោះជា មិនខានឡើយ។ សាកស្រមៃបន្តិចទៅមើល អំពីទិដ្ឋភាពគំនរសំរាមនៅតាមដងផ្លូវ ខែនេះប៉ះនឹងខ្យល់ហើរ ថង់ប្លាស្ទីកព័ទ្ធក្បាលអ្នកជិះម៉ូតូ…។ ក្រៅពីនោះសំរាមសំណល់ ផ្ទះបាយបានបង្កឲ្យមានដង្កូវស្អុយរលួយ នៅលើចិញ្ចើមផ្លូវ។ មិនដឹងថា ត្រូវដោះស្រាយ បញ្ហានេះដោយវិធីណានោះទេ? នៅទីណាក៏សុទ្ធតែមានស្លាក«ហាមចោលសំរាម»នេះដែរ។ តាមពិតនាងខ្ញុំមិនពឹងទាំងស្រុងទៅលើក្រុមហ៊ុនប្រមូលសំរាមនោះឡើយ ក៏ប៉ុន្តែ មិនដឹងថាតើត្រូវយកសំរាមទាំងនេះទៅចោលនៅទីណា? នៅទីលានចោល​សំរាមខណ្ឌដង្កោ ឬយ៉ាងណា?

នៅពេលដែលនាងខ្ញុំសួរនាំកម្មករប្រមូលសំរាមក្រុមហ៊ុនសិុនទ្រី ពួកគេប្រាប់ថា ចាប់ពីនេះតទៅការប្រមូលសំរាមនឹងកាន់តែយឺតយូរ ពីព្រោះក្រុមហ៊ុនមិនមានរថយន្ត គ្រប់គ្រាន់សម្រាប់ដឹកជញ្ជូននោះទេ។ រីឯអាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ ក៏មិនឃើញ មានចំណាត់ការយ៉ាងណា អំពីបញ្ហាសំរាមដែលកាន់តែគរច្រើនឡើងៗ នៅតាមដង ផ្លូវក៏ដូចជានៅតាមមុខលំនៅឋានប្រជាពលរដ្ឋ។ នាងខ្ញុំគិតថា ថ្ងៃណាមួយប្រជាពល​រដ្ឋអាចនឹងយកសំរាមទៅចោលនៅមុខសាលាសង្កាត់ ឬមុខប៉ុស្តិ៍នគរបាលជាមិន​ខានឡើយ។ ពីព្រោះថា អាជ្ញាធរហាក់ដូចជាមិនបានចូលរួម ចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងជួបទុក្ខ កង្វល់នោះឡើយ។ នេះមិនមែនជាបញ្ហាប្រជាពលរដ្ឋមួយគ្រួសារ ឬពីរគ្រួសារនោះទេ ផ្ទុយទៅវិញ វាជាបញ្ហារួមស្ទើរតែនៅក្នុងទីក្រុងនេះទៅហើយ។

នាងខ្ញុំយល់ថាវាជាបញ្ហាចម្បង ដែលអាជ្ញាធរត្រូវដោះស្រាយ មិនមែនត្រូវអង្គុយ ក្នុងម៉ាស៊ីនត្រជាក់ប្រជុំបួនដប់ដងហើយ នៅតែមិនចេញផ្លែផ្កានោះទេ។ ត្រូវដឹងថា សំរាមបើគរទុកលើសតែមួយថ្ងៃ វាមុខជាមានបញ្ហាមិនខានឡើយ។ ដូច្នេះអាជ្ញាធរត្រូវ តែរូតរះដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពីព្រោះថាសេវា ប្រមូលសំរាមបានបង់មិនដែលខកខាននោះទេ។

ក្នុងនាមប្រជាពលរដ្ឋពិតជាចង់រួមចំណែកជាមួយអាជ្ញាធរ ដើម្បីធ្វើឲ្យទីក្រុងនេះ មានសោភណភាព, បរិស្ថានល្អ និងអនាម័យ។ ក្រៅតែពីការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរក៏មានតួនាទីនាំមុខ ដើម្បីធ្វើឲ្យទីក្រុងនេះគ្មានសំរាមផងដែរ។ សម្រាប់ប្រជា ពលរដ្ឋក្រៅពីតែមានស្មារតីក្នុងការចូលរួម ក៏បានរួមចំណែកបង់សេវាថ្លៃប្រមូលសំរាម នេះរៀងរាល់ខែ…។ ចាំមើលពេលខាងមុខ តើការលំបាកទាំងនេះអាចដោះស្រាយ កាត់បន្ថយទុក្ខកង្វល់ប្រជាពលរដ្ឋខ្លះបានដែរ ឬទេ?៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖