គ្រាដែលប្រទេសអ៊ីរ៉ង់ និងអាម៉េរិក កំពុងផ្ទុះអាវុធដាក់គ្នាដែលអាចឈានដល់ធ្វើឲ្យមានសង្រ្គាមនោះ នាយជាល កាន់តែប្រហោងពោះ ព្រោះនឹកឃើញដល់កម្ពុជាកាលពីអតីតកាលបានឆ្អែតនឹងសង្រ្គាម ឆ្អែតនឹងគេចគ្រាប់កាំភ្លើង ឆ្អែតនឹងឃើញប្រទេសជាតិខ្ទេចខ្ទាំ ជាពិសេសឆ្អែតនឹងឃើញជីវិតប្រជាពលរដ្ឋស្លូតត្រង់ស្លាប់រដូករណែលដោយគ្រាប់កាំភ្លើង ។ ការវិនាសហិនហោចដោយសារសង្រ្គាមទាំងអស់នេះហើយ ទើបធ្វើឲ្យខ្ញុំស្អប់សង្រ្គាម និងស្រលាញ់តែសន្តិភាពរហូតមកដល់សព្វថ្ងៃ ។
សម្រាប់អ្នកដែលមិនធ្លាប់ឆ្លងកាត់សង្គ្រាម នាយជាលគិតថា ពិតជាមិនឈឺឆ្អាលឬស្រក់ទឹកភ្នែកឡើយ ព្រោះអ្នកទាំងនោះមិនដែលស្គាល់និងភ្លក្សរសជាតិសង្រ្គាមយ៉ាងដូចម្តេច ជាពិសេសក្រុមអ្នកប្រឆាំងតែម្តង ដែលនាយជាលចង់និយាយសំដៅកន្លងមកតែងញុះញង់ បង្កឲ្យមានហិង្សារវាងជាតិសាសន៍ឯង និងប្រទេសជិតខាងភូមិផងរបងជាមួយ ។ ដូច្នេះការញុះញង់ ការសងសឹក ការប្រើអំពើហិង្សាគ្មានការពិចារណា។ល។ វានឹងធ្វើឲ្យមានសង្គ្រាមយ៉ាងពិតប្រាកដ មិនថានៅផ្ទៃក្នុង ឬនៅខាងក្រៅនោះឡើយ ។
តើសង្រ្គាមមានផលចំណេញដល់ប្រទេស ឬ ប្រជាពលរដ្ឋមែនទេ? ចម្លើយមានតែមួយ គឺមិនចំណេញទេ មានតែវិនាសហិនហោច ប៉ុណ្ណោះឯង ។ ដោយសារខ្លាចសង្រ្គាមនេះហើយ ទើបនាយជាល សុំមិនសរសើរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាមិនបាន ព្រោះមានតែសម្តេចតេជោទេដែលជាអ្នកពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជាបាននិងនាំមកសន្តិភាពយ៉ាងពេញលេញ រហូតមានការអភិវឌ្ឍន៍ប្រទេសជាតិជឿនលឿនដល់សព្វថ្ងៃនេះ។
នាយជាលគិតថា បើអ្នកមិនស្រលាញ់សន្តិភាពទេនោះ គួរតែនៅម្តុំ ហើយបើមានលទ្ធភាពគួរជិះយន្តហោះទៅមើលប្រទេសកំពុងមានសង្រ្គាមដូចជាប្រទេសអ៊ីរ៉ង់-អាម៉េរិក តើវាយ៉ាងណា? តើចំណេញឬខាត ? សម្រាប់នាយជាលដែលឆ្អែតនឹងសង្រ្គាមវិញ សូមប្រកាសថា ស្អប់ណាស់សង្រ្គាម តែស្រលាញ់ និងអរគុណសន្តិភាព ដែលសម្តេចតេជោពុះពារធ្វើបានជូនកម្ពុជាដូចសព្វថ្ងៃ ៕ នាយជាល