ព័ត៌មានទាន់ហេតុការណ៍៖

មូរម៉ៅក្នុងចិត្តវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបាញ់ប្អូនដោយចម្ពាមកៅស៊ូរបួសធ្ងន់ ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្ត​កណ្តាល ៖ ​​កម្លាំងងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនយុវជនម្នាក់​​ដែលបាន​ធ្វើ​សកម្មភាព​ដុត និង​វាយ​បំផ្លាញខ្ទេច​​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ​ ព្រមទាំង​បង្ក​ឲ្យ​បុរសជា​ប្អូនម្នាក់​ត្រូវ​របួសទៀត​ផង ដោយមិនដឹងថា​ផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែមួរម៉ៅក្នុងចិត្តប្រព្រឹត្តអំពើបែបនេះតែម្តង ។​

ហេតុ​ការ​ណ៍​​ខាងលើ​នេះ ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទីយប់ ​​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ​ហើយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​​កាលពី​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​ឈ្មោះ ហេង មក​រា ហៅ​មា​ក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។ចំណែក ស្ត្រីជា​ម្តាយ​ឈ្មោះ ជុំ សំណាង អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ ​ និងជន រងគ្រោះជា​ប្អូន​​​ឈ្មោះ ហេង សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​ គេមិនដឹងថាផ្តើម​ចេញពីមូលហេតុអ្វីនោះទេ ស្រាប់​តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ក្រណាត់​វាំងនន​ពីក្រោម​ផ្ទះ​​ទៅ​ដុត​នៅ​រោង​ដាក់​ឈើ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ឆេះ​រងការ​ខូចខាត​អស់​ទាំងស្រុង ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​បានថែមទាំង​យក​ពូថៅ និង​ដែក​បំពង់​ទីប វាយ​កញ្ចក់​ទ្វារផ្ទះ និង​បង្អួច បណ្តាល​ឲ្យបែក​ខ្ទេច ​ព្រមទាំង​​​វាយ​ពាងទឹក និង​វាយ​ជញ្ជាំង​ផ្ទះ​ធ្វើ​អំ​ពី​ស័ង្ក​សី​ប​ណ្តោ​ល​ឲ្យ​ខូចខាតថែមទៀត​ផង ។​

តាម​ប្រភពព័ត៌មាន​​បាន​​ឲ្យដឹង​បន្តទៀតថា​ នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​​ដែរ ​ជនសង្ស័យ​បាន​យក​ចំ​​ពាម​កៅស៊ូ​បាញ់​ត្រូវ​ចំ​ឆ្អឹងជំនីរ​ឈ្មោះ ហេង សុភ​ក្រ័ ភេទ​ប្រុស ត្រូវជា​ប្អូនប្រុសបង្កើតរបស់ខ្លួន​ បណ្តាល​ឲ្យរ​ងរ​បួស។ បន្ទាប់​មក​ស្ត្រីជា​ម្តាយទ្រាំលែងបានក៏​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ពញាឮ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹងរួចមក​ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុធ្វើកំណត់ហេតុ លុះដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​ ទើប​កម្លាំង​ប៉ុស្តិ៍​ពញាឮ​បាន​សហ​ការជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖