ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២០ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តែសមត្ថកិច្ចរឹបអូសបានវត្ថុតាងដទៃទៀតជាច្រើនប្រភេទ ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មនាពេលកន្លងមក ។
លោកពេជ្រ សារ៉េន អធិការស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូន ណុប អាយុ៣៤ឆ្នាំ រស់នៅចំណុចភូមិ-ឃុំខាងលើ ។ ជននេះ ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនតាមឃាត់ខ្លួនបាន នៅពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្ដែង ប៉ុន្តែបន្ទាប់ពីឃាត់ខ្លួនដកហូតបានគ្រឿងញៀនមួយចំនួន ដែលជននេះរក្សាទុកជាប់ខ្លួន កម្លាំងជំនាញក៏បានរកឃើញវត្ថុតាងជាច្រើនទៀត ដែលលាក់ទុកនៅឯផ្ទះរបស់ខ្លួន ហើយវត្ថុតាងទាំងនោះយើងសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មទៀតផង ។
នៅក្នុងកំណត់ហេតុដកហូត វត្ថុតាងដែលកម្លាំងអធិការស្រុកសំពៅលូនដកហូតពីជនសង្ស័យមានដូចជា ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១ថង់, កូនជញ្ជីងថ្លឹងគ្រឿងញៀន១, សម្ភារ:វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, លុយខ្មែរជាង២លានរៀល, លុយថៃជាង២,២០០០បាត, លុយដុល្លា១៧៥ដុល្លារ, កូនកាំបិទតស្នៀត៣, ពូថៅ២, ម៉ូទ័រឆក់ត្រី ម៉ូទ័រកាត់ដែក ម៉ូទ័រស្វាន ប៉ុសផ្សារដែក, ស្នប់សប់កង់៣, បំពង់បូមខ្យល់៧, កាណុងកាំភ្លើង១ដើម, កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម, កាំភ្លើងវែវកែច្នៃបាញ់គ្រាប់កង់១ដើម និង គ្រាប់កង់មួយចំនួនទៀត ដែលឧបករណ៍ទាំងនេះអាចជនសង្ស័យទាំងនេះយកទៅប្រព្រឹត្តអំពើចោរកម្មផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ូន ណុប បានសារភាពទទូលស្គាល់វត្ថុតាងដែលមន្ត្រីជំនាញបានដកហូតទាំងអស់នោះហើយ ។ រីឯសមត្ថកិច្ចបាននិយាយដែរថា បើតាមចម្លើយសារភាព វត្ថុតាងមួយចំនួនក្រៅពីគ្រឿងញៀន គឺជារបស់ខ្លួន តែមួយចំនួនទៀតអាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មដែនជននេះធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ។
ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យបន្តទៀត ដើម្បីស្រាវជ្រាវរកប្រភពនៃវត្ថុតាងទាំងនោះនិងទីកន្លែងដែលជនសង្ស័យប្រព្រឹត្ត មុនពេលកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះនិងវត្ថុតាងទៅតុលាការ៕ ប្រាថ្នា