ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ÷រឿង​បុរស ៣ នាក់​ធ្វើ​ទូកឈ្មួញឲ្យលិច

ចែករំលែក៖

មាន​និទាន​មួយ​ថា ៖ មាន​បុរស ៣ នាក់​សុំ​ដោយសារ​ទូក​ឈ្មួញ​ទៅ បុរស​ម្នាក់​យក​ឈើ​ដូច​ជា​ដង​សាដៀវ​មក​ដេញ​ធ្វើ​ជា​ភ្លេង បុរស​ម្នាក់​ទៀត​កាល​បើ​ឮ​គេ​ដេញ​សាដៀវ​ធ្វើ​ជា​ភ្លេង​ដ៏​ពីរោះ​ដូច្នោះ​ហើយ​ ក៏​ទះ​ដៃ​ឮ​សូរ​ស្រួយ​ពីរោះ, បុរស​ម្នាក់​ទៀត​ឮ​គេ​ទះ​ដៃ​ពីរោះ​ដូច្នោះ​ក៏​ក្រោក​ឈរ​ឡើង​រាំ​រំពេន​បត់​បែន​រត់​ទៅ​មក​លើ​ទូក ។ ទូក​នោះ​ក៏​ឃ្លេងឃ្លោង​ផ្អៀង​ក្រឡាប់​លិច​ទៅ ខូច​បង់​របស់​របស់​ទ្រព្យ​ឈ្មួញ​អស់ ។ ឈ្មួញ​បន្តឹង​ឲ្យ​បុរស​ទាំង ៣ នាក់​សង​ទ្រព្យ​សម្បត្តិ​ដែល​លិច​លង់​ទៅ​ក្នុង​ទឹក​បាត់​អស់​នោះ ។

ឯ​បុរស​ទាំង ៣ នាក់​ឈ្លោះ​ប្រកែក​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​រក​ទ្រព្យ​សង​ឈ្មួញ ។ បុរស​ម្នាក់​និយាយ​ថា “ព្រោះ​ហេតុ​តែ​ចៅ​នេះ​រាំ​បាន​ជា​ទូក​ឃ្លេងឃ្លោង​ទាល់​តែ​ក្រឡាប់​លិច​ទៅ ត្រូវ​ឲ្យ​ចៅ​នេះ​ឯង រក​ទ្រព្យ​សង​គេ ” ។ បុរស​អ្នក​រាំ​នោះ​ឆ្លើយ​ឡើង​ថា “ព្រោះ​ហេតុ​តែ​ចៅ​នេះ​ទះ​ដៃ​ឮ​សូរ​ស្រួយ​ពីរោះ បាន​ជា​ខ្ញុំ​ក្រោក​ឈរ​ឡើង​រាំ ត្រូវ​ឲ្យ​ចៅ​នេះ​រក​ទ្រព្យ​សង​គេ” ។ បុរស​អ្នក​ទះ​ដៃ​បន្ទោស ទៅ​បុរស​ម្នាក់​ទៀត​ថា “ព្រោះ​ហេតុ​តែ​ចៅ​ដេញ​សាដៀវ ធ្វើ​បទ​ភ្លេង ឮ​សំឡេង​ពីរោះ បាន​ជា​ខ្ញុំ​ទះ​ដៃ តាម​ចង្វាក់​ភ្លេង ត្រូវ​ឲ្យ​ចៅ​នេះ​ឯង​រក​ទ្រព្យ​សង​គេ” ។ ឯ​បុរស​អ្នក​ធ្វើ​ភ្លេង​ឆ្លើយ​ឡើង​ថា “ខ្ញុំ​ធ្វើ​ភ្លេង​មែន​ពិត ប៉ុន្តែ​ទូក​ឥត​កម្រើក ឃ្លេងឃ្លោង​សោះ មក​ពី​ចៅ​នេះ​ទះ​ដៃ​ឮ​សូរ​ពីរោះ បាន​ជា​ចៅ​ម្នាក់​ទៀត​ក្រោក​ឈរ​រាំ ធ្វើ​ឲ្យ​ទូក​លិច​លង់​ខូច​បង់​របស់​ទ្រព្យ​គេ​អស់ ដូច្នេះ ត្រូវ​តែ​ចៅ​ទាំង​ពីរ​នាក់ នេះ​រក​ទ្រព្យ​សង​គេ ” ។

បុរស​ទាំង ៣ នាក់​ចេះ​តែ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អ្នក​ណា​សុខ​ចិត្ត​រក​ទ្រព្យ​សង ឈ្មួញ​ម្ចាស់​ទូក​ឡើយ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ជំនុំ​ជម្រះ ​មិន​ដាច់​ស្រេច​ក៏​នាំ​រឿង​នេះ ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ តាម​ដំណើរ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ។ ព្រះមហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា ពិចារណា​កាត់​ក្ដី​បុរស​ទាំង ៣ នាក់​ធ្វើ​ជា​ភាគ ៗ ចែក​ឲ្យ​សង​ឈ្មួញ​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ព្រះស្ដែង​ជា​អ្នក​ធ្វើ​បទភ្លេង​នោះ ឲ្យ​សង​ភាគ​មួយ , ឯ​ព្រះស្ដែង​អ្នក​ទះ​ដៃ​ឲ្យ​សង​ភាគ​ពីរ, ចំណែក​ព្រះស្ដែង​ដែល​ក្រោក​ឈរ​ឡើង​រាំ​ឲ្យ​សង​ភាគ​បី” ។ បុរស​ទាំង ៣ នាក់​ទទួល ព្រម​សុខ​ចិត្ត តាម​ព្រះបន្ទូល​នោះ​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​ទីទៃ​ៗ ។ ព្រះ​មហាក្សត្រ​កាត់​សេចក្ដី​យ៉ាង​នេះ ហៅ​សុគតិគមនំ​ហោង ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖