រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ – អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងព្យាយាមសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយរាតត្បាវីរុសកូរ៉ូណា ដោយមានម្ចាស់អាជីវកម្មជាច្រើនកំពុងសំឡឹងឆ្ពោះទៅរកឌីជីថលនីយកម្មសេដ្ឋកិច្ចក្នុងស្រុកដែលរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ធ្វើជាឱកាសជោគជ័យ។
ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា និងជួយសហគ្រិនឲ្យទទួលជោគជ័យលើការលក់តាមអុិនធឺណេត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីអប់រំជាភាសាខ្មែរដែលមានឈ្មោះថា «កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» ដែលមានអ្នកជំនាញផ្នែកទីផ្សារឌីជីថល ពាណិជ្ជកម្ម និងការសន្ទនាគ្នានិយាយអំពីផលិតផល និងកម្មវិធីពិសេសថ្មីៗរបស់ Facebook។
ក្នុងវគ្គចុងក្រោយបំផុតនេះ ការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកGeeks in Cambodia កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ មានអ្នកជំនាញផ្នែកបណ្តាញទំនាក់ទំនងសង្គមពីររូបបានពិភាក្សាអំពី Facebook Shops ដែលជាមុខងារថ្មីមួយ ដើម្បីគាំទ្រអាជីវកម្មនានាឲ្យសម្របខ្លួនទៅនឹងនិន្នាការអ្នកប្រើប្រាស់ និងពន្លឿនការផ្លាស់ប្ដូររបស់ខ្លួនឲ្យទៅចាប់យកការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈការបង្កើតកន្លែងមួយដែលអ្នកប្រើប្រាស់អាចស្វែងរក និងទិញទំនិញ ដែលពួកគេចង់បាន។
Facebok Shops ដែលទើបបើកឲ្យដំណើរការនៅកម្ពុជានាពេលថ្មីៗនេះ បានអនុញ្ញាតឱ្យអាជីវកម្មកម្ពុជាបង្កើតហាងលក់ទំនិញតាមប្រព័ន្ធអ៊ិនធឺណេតដោយផ្ទាល់នៅលើ Facebook Page ដោយជ្រើសរើសមុខទំនិញណាមួយដែលពួកគេចង់ដាក់បង្ហាញ សម្រាំង រៀបចំតាមបំណង ហើយពណ៌នាម៉ាកផលិផតរបស់ពួកគេ។ សហគ្រិន ក៏អាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានផងដែរតាមរយៈ Facebook Messenger ដើម្បីឆ្លើយសំណួរ ឬផ្តល់ការគាំទ្រ។
អ្នកប្រើប្រាស់អាចស្វែងរក Facebook Shops នៅលើទំព័រ «Facebook Business» ឬស្វែងរកទំនិញតាមរយៈរឿងរ៉ាវ (Stories) ឬការផ្សាយពាណិជ្ជកម្ម។ ក្រោមមក ពួកគេអាចពិនិត្យមើលត្រួសៗ រាល់ទំនិញ រក្សាទុកផលិតផលណាមួយដែល ពួកគេចាប់អារម្មណ៍ និងធ្វើការបញ្ជាទិញ។
លោក ហែម សុបញ្ញា អ្នកជំនាញផ្នែក Httpool Facebook និងជាប្រធានប្រចាំប្រទេសរបស់ក្រុមហ៊ុន Httpool Cambodia បានថ្លែងថា៖ «អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនកំពុងងាកទៅរកអនឡាញ បន្ទាប់ពីចាប់ផ្តើមកើតមានការរាតត្បាតជំងឺកូវីដ-១៩។ វាកាន់តែមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់ពួកគេ ដើម្បីធានាថា យុទ្ធសាស្រ្តធ្វើទីផ្សារឌីជីថលរបស់ខ្លួនសម្រាប់កម្មវិធីអនឡាញដូចជា Facebook និង Instagram មានប្រសិទ្ធភាព»។
លោក សុបញ្ញា បានបន្ថែមថា៖ “ខ្ញុំជឿថា Facebook Shops អាចជាមធ្យោបាយដើរឆ្ពោះទៅមុខមួយសម្រាប់សហគ្រានធុនតូច និងមធ្យមនៅកម្ពុជា ដោយសារសហគ្រាសទាំងនេះផ្តល់ជូនកិច្ចប្រឹងប្រែងមិនស្មុគស្មាញក្នុងការបង្កើតហាងទំនិញអនឡាញមួយ។ ក្នុងនាមជាអាជីវកម្មខ្នាតតូច ឬអាជិវកម្មបង្កើតថ្មី រយៈពេលប៉ុន្មានខែដំបូងមានសារៈសំខាន់ខ្លាំងដើម្បីធ្វើឲ្យអាជីវកម្មដំណើរការ។ ការប្រើប្រាស់ Facebook Shops អាចជួយពួកគេឱ្យបង្កើតហាងទំនិញឌីជីថលរបស់ខ្លួន បានតាមជំហានសាមញ្ញមួយចំនួន ហើយនឹងបង្កើតបានជាឧបករណ៍ពាណិជ្ជកម្មដ៏មានអំណាចមួយសម្រាប់ពួកគេ ដើម្បីគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ខ្លួន»។
នៅវគ្គបន្ទាប់ អ្នកជំនាញខាងបណ្តាញសង្គម និងអ្នកតំណាងក្រុមហ៊ុន Facebook នឹងជជែក និងឆ្លើយ សំណួរអំពីទិដ្ឋភាពផ្សេងៗនៃការធ្វើជំនួញនៅលើហ្វេសប៊ុក។