អន្តរជាតិ៖ បន្ទាប់ពីឥណ្ឌា បានពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca សម្រាប់ខែមីនា និងខែ មេសា កាលពីពេលថ្មីៗនេះ អង្គការ UNICEF អះអាងថា យន្តការ COVAX ដែលឧបត្ថម្ភដោយអង្គការសុខភាពពិភពលោក(WHO) រំពឹងទទួលបានវ៉ាក់សាំងពេញលេញពីវិទ្យាស្ថាន Serum របស់ឥណ្ឌាឡើងវិញ នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីចែកចាយឲ្យប្រទេស ក្រីក្រ។
បេីតាមការបញ្ជាក់របស់អ្នកនាំពាក្យ UNICEF ក្នុងសារអេឡិចត្រូនិកឆ្លើយតបទៅសារព័ត៌មានReuters នៅថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ បានបញ្ជាក់ថា៖«ការដឹកជញ្ជូនវ៉ាក់សាំង ត្រូវបានរំពឹងថាចាប់ផ្តើមទាំងស្រុងឡើងវិញក្នុងខែឧសភា»។ អ្នកនាំពាក្យរូបនេះ ក៏អះអាងដែរថា ខ្លួននឹងពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងនេះដើម្បីបំពេញសេចក្តីត្រូវការក្នុងខែមីនា និងមេសាផងដែរ។
អ្នកនាំពាក្យ UNICEF បន្តទៀតថា យន្តការ COVAX កំពុងតែចរចាជាមួយរដ្ឋាភិបាលឥណ្ឌាដើម្បីទទួលបានវ៉ាក់សាំង មួយចំនួនក្នុងខែមេសា។ ដោយឡែកសម្រាប់ខែមីនា និងមេសា យន្តការនេះសង្ឃឹមថា នឹងអាចទទួលបានវ៉ាក់សាំងចំនួន៩០ លានដូស ប៉ុន្តែមកដល់ពេលនេះទើបតែទទួលបាន២៨លានដូសប៉ុណ្ណោះ។
សូមជម្រាបថា យន្តការ COVAX ដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ទំនងជាអាចទទួលបានវ៉ាក់សាំង ដើម្បីចែកចាយទូទាំងពិភពលោកជាថ្មីក្នុងខែឧសភា។ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ឥណ្ឌាដែលជាប្រទេស ផលិតវ៉ាក់សាំងឱ្យយន្តការនេះ អះអាងថា ខ្លួននឹងពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ខែមីនា និងមេសាដើម្បីផ្តល់ អាទិភាពដល់ការចាក់វ៉ាក់សាំងក្នុងស្រុក។
ទាក់ទិននឹងបញ្ហានេះដែរ ឥណ្ឌា ធ្លាប់លើកឡើងនៅថ្ងៃទី២៦ ខែមីនាថា ខ្លួនផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ប្រទេសខ្លួន ខណៈករណីឆ្លងកំពុងកើនឡើង។ ឥណ្ឌា ក៏បានពន្យល់អន្តរជាតិពីការសម្រេចចិត្តរបស់ខ្លួនផងដែរ។
ដោយឡែកអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ចំពោះការផ្អាកផ្គត់ផ្គង់វ៉ាក់សាំងនេះដែរ ក៏បានអះអាងថា ការសម្រេចចិត្តរបស់ឥណ្ឌា ជារឿងដែលអាចយោគយល់បាន និងថា ស្ថាប័ននេះនៅតែបន្តការពិភាក្សាដើម្បីអាច ផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍឯទៀត។
ចំពោះយន្តការ COVAX នេះដែរ គិតត្រឹមចុងខែមីនានេះ បានផ្គត់ផ្គងវ៉ាក់សាំងចំនួន៣២លានដូស ដល់ប្រទេសចំនួន៦១ ខណៈប្រទេសចំនួន៣៦ផ្សេងទៀតដែលស្ថិតក្នុងយន្តការនេះពុំទាន់បានទទួលវ៉ាក់សាំងនៅឡើយទេ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBC នាថ្ងៃទី២៨ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកអំពីបញ្ហាក្នុងការបែងចែកវ៉ាក់សាំងនេះដែរថា៖លោក ព្រួយបារម្ភពីការបែងចែកវ៉ាក់សាំងដែលមានលក្ខណៈអយុត្តិធម៌នៅជុំវិញពិភពលោក។ បន្ថែមពីនេះលោក ហ្គូតេរ៉េស សង្កត់ធ្ងន់ថា UN បានអំពាវនាវទៅ ប្រទេសអ្នកមានឱ្យជួយចែករំលែកវ៉ាក់សាំងដែលខ្លួនមាន ដ្បិតអីប្រទេសខ្លះមានវ៉ាក់សាំងច្រើនជាងចំនួនត្រូវការ ទៅទៀត។
គួរបញ្ជាក់ថា ចំពោះការលើកឡើងរបស់លោក ហ្គូតែរ៉េស ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប(EU) ដែលមានសមាជិកចំនួន២៧ បានរឹតបន្តឹងការនាំចេញវ៉ាក់សាំង។ ជាមួយគ្នានេះ ប្រមុខ UN រំឭកថា វាជាផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងការធានាថា មនុស្ស នៅគ្រប់ទីកន្លែងទាំងអស់បានទទួលវ៉ាក់សាំង ហើយវ៉ាក់សាំងគឺជាសម្បត្តិសាធារណៈសាកល៕ដោយ៖ស តារា
រូបភាព៖ពីUNICEF