ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ទទួលបានជ័យជម្នះក្នុងសវនាការ ថ្ងៃទី០២ខែមេសា

ចែករំលែក៖

តុលាការថៃ បានប្រកាសច្រានចោលសំណើរបស់ក្រុសួងហិរញ្ញវត្ថុទាមទារឱ្យលោកស្រីសងប្រាក់ ១,១ ពាន់លានដុល្លារជុំវិញកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករបស់ប្រជាកសិករនៅក្នុងអំឡុងឆ្នាំ២០១១-២០១៤។
តុលាការថៃបានបញ្ជាក់ថា សំណើកាលពីឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុ ទាមទារឱ្យលោកស្រីយីងឡាក់សងសំណងគឺជារឿងមិនសមហេតុផល ខ្វះមូលដ្ឋានច្បាប់ដើម្បីដាក់ទោស។ មួយវិញទៀតលោកស្រីយីងឡាក់ មិនត្រូវទទួលខុសត្រូវ នៅក្នុងអំពើពុករលួយរបស់មន្ត្រី អនុវត្តកម្មវិធីនោះឡើយ។
តាមការសម្រេចរបស់តុលាការ ក្រសួងហិរញ្ញវត្ថុថៃ មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា លោកស្រីយីងឡាក់ ត្រូវទទួលខុសត្រូវពាក់ព័ន្ធការខាតបង់ជុំវិញកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករនោះឡើយ។
រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ រងការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ ។ លោកស្រីក៏ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ៥ឆ្នាំចាប់ពីឆ្នាំ២០១៧ ។ លោកស្រីយីងឡាក់ បានចាកចេញពីប្រទេសថៃ មុនពេលតុលាការសម្រេចសាលក្រម។
សារព័ត៌មាន AP បានផ្សាយថា កម្មវិធីជំនួយតម្លៃស្រូវអង្ករ គឺជាយុទ្ធសាស្ត្រជួយឲ្យគណបក្សភឿថៃទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០១១។ រដ្ឋាភិបាលបានទិញស្រូវអង្កររបស់ពលរដ្ឋក្នុងតម្លៃថ្លៃជាងទីផ្សារ ជួយឲ្យជីវភាពរបស់ប្រជាកសិករកាន់តែប្រសើរជាងមុន ។ទាំងនោះហើយទើបទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ។
បច្ចុប្បន្នលោកស្រីយីងឡាក់ និងបងប្រុស លោក Thaksin Shinawatra ជាអតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា ត្រូវយោធាថៃធ្វើរដ្ឋប្រហារទាំងពីរនាក់បងប្អូន ហើយពេលនេះកំពុងតែរស់នៅបរទេសមិនអាចចូលក្នុងប្រទេសថៃបានឡើយ៕ដោយ៖ធីរីណា

រូបភាព៖ AP


ចែករំលែក៖