ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ«១០០០ឆ្នាំមាន១» កើតឡើងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់៥១នាក់ហើយ។
គ្រោះទឹកជំនន់នេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមានពលរដ្ឋជាង ១លាននាក់រងផលប៉ះពាល់ ក្នុងនោះពលរដ្ឋជាង៣៩៥ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ តាមការវាយតម្លៃគ្រោះទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង៦៥ពាន់លានយ័ន(ប្រមាណ១០ពាន់លានដុល្លារអាមេរិក) ។
ផ្លូវថ្នល់នៅក្នុងទីក្រុង Zhengzhou គ្របដណ្តប់ដោយទឹកជំនន់ហូរខ្លាំង ដូចជាព្រែក កួចយករថយន្តជាច្រើនគ្រឿង និងមនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង បង្ខំឲ្យពលរដ្ឋត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ក្រៅពីនេះនៅក្នុងតំបន់ផ្សេងទៀតក្នុងខេត្ត Henan ក៏ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងដូចចាក់ទឹកបង្កឲ្យជន់លិចតំបន់ជាច្រើន។
ក្រុមអ្នកឯកទេសអាកាសធាតុ នៅថ្ងៃទី ២២ខែកក្កដាកន្លងមកបានឱ្យដឹងថា ទីក្រុង Zhengzhou មានភ្លៀងធ្លាក់ខ្លាំង ដែលមានកម្រិតទឹកដល់ទៅ ៦៤៤,៦មិលី្លម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង គឺច្រើនជាងកម្រិតទឹកភ្លៀងជាមធ្យម ក្នុងរយៈពេល១ឆ្នាំ ដែលមានតែ ៦៤០,៨មិលី្លម៉េត្រ។ នោះជាប្រវត្តិសាស្ត្រ នៃការធ្លាក់ភ្លៀងខ្លាំង មិនធ្លាប់មានពីមុនមក៕
ដោយ៖ធីរីណា(រូបថត៖AFP)