ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 រាជបុត្រឡើងសោយរាជ្យបាន ៧ ថ្ងៃ ចក្ករ័តន៍ជាទិព្វក៏បាត់ទៅព្រះរាជាក៏យាងទៅដណ្តឹងសួរព្រះរាជឥសីបិតា ៗ ទ្រង់ត្រាស់នឹងព្រះរាជបុត្រ ទើបនឹងមុទ្ធាភិសេកថា ម្នាលបា! កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ អ្នកកំមានសេចក្តីតូចចិត្តឡើយ ព្រោះថាចក្ករ័តន៍ជាទិព្វនោះមិនមែនជាមរតកមិនមែនជាមរតកដែលមានមកអំពីបិតារបស់អ្នកទេខណ្ឌចូលអ្នកអនុវត្តន៍នូវធម៌របស់ស្ដេចចក្រពត្តិដ៏ប្រសើរ នោះចក្ករ័តន៍ជាទិព្វមានកាំមួយពាន់ ព្រមទាំងខ្នងក្នុងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការសព្វគ្រប់នឹងកើតឡើងវិញប្រាកដ ដល់បាដែលកក់សក់ហើយ រក្សាឧបោសថក្នុង ១៥ ថ្ងៃ រាល់ថ្ងៃឧបោសថនោះ ។ ឯវត្តប្រតិបត្តិរបស់ស្ដេចចក្រនោះ ព្រះរាជឥសីជាបិតាទ្រង់ត្រាស់ថា ចូរអ្នកអាស្រ័យនូវធម៌ ធ្វើសក្ការៈចំពោះធម៌ គោរពធម៌រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាស្ពាន យកធម៌ជាអធិបតី ចាត់ចែងការថែរក្សា ទប់ទល់គ្រប់គ្រងដោយធម៌ តាំងពីបុត្រ ភរិយា ពួករាជបុរស ពួកពល ពួកសមណៈ គហបតី ពួកអ្នកនិគមជនបទរហូតដល់ពួកម្រឹគបក្សី អ្នកកុំធ្វើអកុសលក្នុងដែនរបស់អ្នកឡើយ បើពួកជនក្នុងដែនមិនមានទ្រព្យនឹងគប្បីផ្ដល់ទ្រព្យដល់ជនទាំងនោះ(អភិវឌ្ឍន៍សេដ្ឋកិច្ច)។ បើឃើញសាមណៈ ឬបណ្ឌិតណាជាអ្នកវៀរចាកសេចក្តីស្រវឹងក្នុងអំណាច វៀរចាកសេចក្តីប្រមាថតាំងនៅក្នុងខន្តី និងសោរច្ចៈធ្វើខ្លួនឯងឱ្យរលត់ចាករាគាទិក្កិលេស បាចូរគប្បីទៅរកសមណៈបណ្ឌិតនោះសព្វៗកាលដើម្បីដណ្តេឹងសួរលោកថា អ្វីជាកុសល អ្វីជាអកុសល អ្វីជាអំពើប្រកបដោយទោស អ្វីជាអំពើមិនប្រកបដោយទោស អ្វីគួរសេពគប់ អ្វីមិនគួរសេពគប់ អំពើដូចម្ដេចធ្វើទៅមិនមានប្រយោជន៍ ជាទុក្ខជាសុខ អស់កាលដ៏យូរ ។ លុះបានស្ដាប់ហើយ គប្បីវៀរចាកអំពើជាអកុសល ហើយសមាទានអំពើជាកុសល នោះហើយដែលហៅថា វត្តប្រតិបត្តិរបស់ស្ដេចចក្រដ៏ប្រសើរនោះ។ ទទួលស្តាប់ពាក្យព្រះរាជឥសីថាហើយ ក៏ចាប់ប្រព្រឹត្តចក្រពត្តិវត្តដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកម្មមួយពាន់ក៏កើតប្រាកដឡើង ទ្រង់ទតឃើញ។ ព្រះរាជាក៏មានព្រះតម្រិះថា អាត្មាអញបានឮមកដូច្នេះថា ចក្ករតន័ជាទិព្វមានកម្មមួយពាន់កើតឡើងប្រាកដដល់ព្រះរាជាក្សត្រិយអង្គណាដែលសមាទានឧបោសថក្នុងថ្ងៃ ១៥ ព្រះរាជាអង្គនោះនឹងបានជាស្ដេចចក្រពត្តិ..ឱហ្ន! អាត្មាអញប្រាកដជាស្ដេចចក្រពត្តិហើយតើ? ព្រះរាជាទ្រង់ប្រោះព្រំចក្ករតន៍ហើយអធិដ្ឋានថា សូមឱ្យចក្ករ័តន៍ដ៏ចម្រើនប្រព្រឹត្តទៅមានជ័យជម្នះចុះ។ គ្រានោះចក្ករ័តន៍ក៏អណ្ដែតត្រសែតទៅកាន់ទិសខាងកើត រួចឆ្លងឡើងចុះទៅកាន់សមុទ្រក្នុងទិសខាងត្បូង ទិសខាងលិចទិសខាងជើង។ ព្រះបាទចក្រព័ត្តិក៏ស្ដេចទៅតាមចក្ករតន៍នោះ ព្រមដោយចតុរង្គសេនា ឯស្ដេចជាសឹកសត្រូវទាំងឡាយក៏ចូលគាល់ព្រះបាទចក្រពត្តិហើយក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជស្ដេចចូលមកចុះ ព្រោះព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ សូមទ្រង់ប្រៀនប្រដៅចុះ ។ ទ្រង់ប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ! មិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យសម្បត្តិដែលគេមិនឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាម មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ ហើយចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ។ ឯស្ដេចសឹកសត្រូវទាំងឡាយដែលនៅក្នុងទិស..ក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ លំដាប់នោះចក្ករ័តន៍ក៏បង្ក្រាបផែនដីដែលមានសមុទ្រជាព្រំប្រទល់រួចត្រឡប់មកកាន់រាជធានីវិញនៅនឹងថ្កល់ហាក់ដូចជាបាក់ភ្លៅ។

  ផ្អែកតាមសេចក្តីនៃអតីតនិទានអំពីស្ដេចចក្រពត្តិព្រះនាមទល្ហនេមិ ការគ្រប់គ្រងផ្អែកលើអង្គការរចនាសម្ព័ន្ធ ស្ថាប័ននយោបាយសំខាន់ៗមាន ៧ វិស័យគឺចក្ករ័តន៍១ ហត្ថីរតន៍១ អស្សរតន៍១ មណីរតន៍១ ឥត្ថីរតន៍១ គហិបតីរតន៍១ បរិនាយករតន៍១ ជាគំរប់ ៧ ផ្នែក។

  ពាក្យថារតនៈ សំដៅដល់វត្ថុជាទីត្រេកអរនៃជនទាំងឡាយ ឬជាវត្ថុម្យ៉ាងដែលត្រេកអរឱ្យកើតឡើងប្រៀបដូចជាវិការនៃកែវកងពិទូរ្យសូរ្យកាន្ត ឬមាសពេជ្រដែលញ៉ាំងសេចក្តីត្រេកអរដល់ជនទាំងឡាយ។ យ៉ាងណាមិញឃើញថា រចនាសម្ព័ន្ធនយោបាយទាំង ៧ ស្ថាប័ននេះសុទ្ធតែមានទិសដៅដើម្បីញ៉ាំងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការសំរាប់ជនក្នុងដែនទាំងអស់។ ដើម្បីសម្រេចបាននូវគោលដៅនេះ ព្រះបាលទល្ហនេមិ ដែលជាស្ដេចចក្រពត្តិទ្រទ្រង់ធម៌ ទ្រង់បានពង្រឹងសមត្ថភាព បណ្ដុះស្មារតីបញ្ញាញាណផ្ទៃក្នុងប្រកបដោយនូវធម៌ដ៏ប្រសើរ ចំពោះមនុស្សនៅក្នុងស្ថាប័ននយោបាយទាំង ៧ឲ្យបានដល់នូវរតនៈវត្ថុពិតទុកជាកម្លាំងចលករ ធ្វើជាកម្លាំងស្នូលដើម្បីពង្រឹងសុវត្ថិភាព ស្ថេរភាពផ្ទៃក្នុងញ៉ាំងការអភិវឌ្ឍ ផ្តល់សេចក្តីត្រេកអរជូជនក្នុងដែនដោយមិនប្រើអាវុធអាជ្ញា។  ចុងក្រោយទ្រង់ក៏បានញ៉ាំងចក្ករតន៍ជាទិព្វ ព្រមទាំងចតុរង្គសេនាបង្ក្រាបស្តេចជាសឹកសត្រូវទាំងឡាយដោយនូវធម៌ មិនបាច់ប្រើសាស្ត្រាវុធ។ ស្ដេចជាសឹកសត្រូវទាំងឡាយ សុទ្ធតែចូលគាល់ស្ដេចចក្រពត្តិដើម្បីទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ ។ ទ្រង់បានប្រៀនប្រដៅឲ្យស្ដេចទាំងឡាយនោះសមាទានសិក្ខាបទ ៥ ស្ដេចជាសឹកសត្រូវគ្រប់ទិសក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ៕ (នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖