កាលពីថ្ងៃទី២ខែមិថុនា តំណាងរដ្ឋាភិបាលយេម៉ែន និងក្រុមប្រដាប់អាវុធ ហ៊ូធី បានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់បន្ថែម២ខែទៀត ក្នុងពេលដែលបទឈប់បាញ់អស់សុពលភាពនៅវេលាម៉ោង១៩ ថ្ងៃទី ២ខែមិថុនា (ពេលវេលាក្នុងតំបន់)។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថាអង្គការសហប្រជាជាតិ បានឱ្យដឹងថា ភាគីជម្លោះក្នុងប្រទេសយេម៉ែនបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល២ខែទៀត ក្រោមលក្ខខណ្ឌដូចគ្នាទៅនឹងកិច្ចព្រមព្រៀងដើម ។ បទឈប់បាញ់ដែលបានចាប់ផ្តើមចូលជាធរមាន កាលពីថ្ងៃទី២ ខែមេសាកន្លងមកនេះ បានមើលឃើញការបញ្ឈប់ ប្រតិបត្តិការយោធាសំខាន់ៗក្នុងប្រទេសយេម៉ែន និងការវាយប្រហារឆ្លងព្រំដែនក្នុងសង្រ្គាមដែលបានអូសបន្លាយពេល៧ឆ្នាំរវាងក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាមហ៊ូទី (Houthi) គាំទ្រដោយអ៉ីរ៉ង់ ហើយវាក៏បានជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងគ្រោះអត់ឃ្លានផងដែរ។
បទឈប់បាញ់នោះគឺជាការបោះជំហានដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបន្ថែមភាពតានតឹងដល់ទំនាក់ទំនងដែលតឹងតែងរួចទៅហើយរវាងទីក្រុងរីយ៉ាដ (Ryadh) នឹងទីក្រុងវ៉ាស៉ីនតោន។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាប្រទេសយេម៉ែន លោក ហាន់ ហ្ក្រូនបឺគ (Hans Grundberg) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សម្រាប់រយៈពេល២ខែកន្លងមកនេះ ប្រទេសយេម៉ែនទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងនៃបទឈប់បាញ់»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានស្វាគមន៍ចំពោះការបន្តបទឈប់បាញ់ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងមិនអាចសម្រេចទៅបានទេបើគ្មានកិច្ចប្រឹងប្រែងផ្នែកការទូត នៅក្នុងតំបន់។ លោក បៃឌិន បានបន្ថែមថា «អារ៉ាប៊ីសាអូ៊ឌីតបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ក្លាហាន ដោយបានផ្តួចផ្តើមយល់ព្រមនិងអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ។ ប្រទេសអូម៉ង់ អេហ្ស៉ីប និងហ្ស៊កដានី ក៏បានដើរតួនាទីក្នុងការបើកដំណើរការបទឈប់បាញ់ផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN