ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចបជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ។

តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ គណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

មុនពេលកិច្ចប្រជុំ លោក សាលើមស គុំម៉ាស៊ីត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ លើកទី ៥ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២។ លោក សាលើមស គុំម៉ាស៊ីត បានពាំនាំនូវការថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្តល់ ជំនួយផ្នែកហិរញ្ញវត្ថុ និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ និងបានគូសបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឡាវសម្រាប់ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ ២០២២ នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ លោក សាលើមសៃ គុំម៉ាស៊ីត ដែល បច្ចុប្បន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចចរន្តដ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេល សហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបានផ្ដល់អនុសាសន៍ឱ្យភាគីទាំងពីរបន្លំ លើកកម្ពស់ទំនាក់ទំនងនេះឲ្យកើនឡើងដល់កំរិតខ្ពស់ជាងនេះទៀត។

នៅក្នុងកិច្ចប្រជុំ JCBC លើកទី ១៤ លោក ប្រាក់ សុខុន និងលោក សាលើមស គុំម៉ាស៊ីត បានពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី ១៣ ក៏ដូចជាសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយផ្ទៀងផ្ទាត់លើគ្រប់ទិដ្ឋភាពន កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចសហប្រតិបត្តិការ អនុតំបន់ និងតំបន់ ក៏ដូចជាការស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេល អនាគត។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការលើកកម្ពស់កម្រិតទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងឡាវ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩ និងបានលើកឡើងពីលទ្ធផលដោយជោគជ័យនៃការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់នាពេល ថ្មីៗនេះរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង ភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន។

សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះ វឌ្ឍនភាពនៃការបញ្ចប់ “សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និង យូរអង្វែង ឆ្នាំ២០២៣-២០២៧២ រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាក្នុងឱកាស គម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសឡាវ នាដើម ឆ្នាំ២០២៣ ខាងមុខនេះ។ អង្គប្រជុំបានឯកភាពបន្តរក្សាដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំ រវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពជាប្រពៃណីកម្ពុជា-ឡាវផងដែរ។

សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យ ព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទ ល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់ និងបទល្មើសផ្សេងៗទៀតនៅតាម បណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសកម្មភាព

ជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរច ពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤% ដើម្បីធ្វើការកសាងឌី បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យនេះ រួមទាំងការរៀបចំសកម្មភាពរួមគ្នា ដូចជាការផ្គូផ្គងធុរកិច្ច ការតាំង ពិពណ៌ និងសិក្ខាសាលា ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ ទន្ទឹមនឹង ការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ។

សម្រាប់វិស័យអប់រំ ភាគីទាំងពីរបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ និងបានលើកទឹកចិត្តឲ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ ២០១៩-២០២៣ និងការបន្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកីឡា។

សម្រាប់វិស័យទេសចរណ៍ ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ និងបានលើកទឹកចិត្តឲ្យមានការចាប់ផ្តើមនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍ចម្រុះលើកទី១ នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ។

អង្គប្រជុំក៏បានពិភាក្សា និងរិះរកមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតផងដែរ រួមមាន៖ វិស័យហិរញ្ញវត្ថុ វប្បធម៌ ការងារសុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ចូន ព័ត៌មាន ទូរគមនាគមន៍និងព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាព ពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់នានា ដែលប្រទេសទាំងពីរជាសមាជិក។ លោកឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត បានគូសបញ្ជាក់ ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាច នឿយហត់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលជាផ្លែផ្កាដែលទទួលបានកន្លងមក។

កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ត្រូវបានបញ្ចប់ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីលើកស្ទួយភាពជា ដៃគូដែលមានស្រាប់ឲ្យកើនឡើងទៅកម្រិតថ្មីមួយទៀត។ ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី១៥ នៅឆ្នាំ ២០២៤ នៅប្រទេសឡាវ ផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖