យ៉ាងហោចណាស់ក៏មានមនុស្ស១៥ពាន់នាក់ស្លាប់នៅក្នុងរដូវក្តៅកន្លងមកក្នុងតំបន់អឺរ៉ុប ។ ក្នុងនោះប្រទេសអេស្ប៉ាញនិងអាល្លឺម៉ង់គឺជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកម្តៅ ។
នៅក្នុងប្រទេសអេស្ប៉ាញមានមនុស្ស៤ពាន់នាក់ស្លាប់នារដូវក្តៅកន្លងមក ។ ចំណែកនៅព័រទុយហ្គាល់វិញមានអ្នកស្លាប់ជាង ១ពាន់នាក់ ប្រទេសអង់គ្លេស ជាង៣២០០នាក់ និងប្រទេសអាល្លឺម៉ង់ជាង៤៥០០នាក់ …។
រដូវក្តៅចាប់ផ្តើមនៅខែមិថុនាដល់ខែសីហាឆ្នាំ២០២២ គឺជាពេលវេលាក្តៅបំផុតនៅក្នុងតំបន់អឺរ៉ុបមិនធ្លាប់មានពីមុនមក បង្កឱ្យមានគ្រោះរាំងស្ងួតទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រតាំងពីសម័យបុរាណរហូតមកទល់ពេលនេះ។
នៅថ្ងៃទី២០ខែកក្កដា កម្តៅនៅតំបន់ភាគខាងត្បូងប្រទេសអាល្លឺម៉់ង់បានកើនឡើងដល់ទៅ៤០អង្សាសេ ខណសីតុណ្ហភាពខ្ពស់បំផុតនៅឆ្នាំមុនៗនោះខ្ពស់បំផុតត្រឹម៣៤ ឬ ៣៧អង្សាសេប៉ុណ្ណោះ។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺប្រទេសអេស្ប៉ាញសីតុណ្ហភាពកើនឡើងដល់ទៅ ៤៥អង្សាសេ បង្កឱ្យមានភ្លើងឆេះព្រៃនៅតំបន់ជាច្រើន ។ នៅក្នុងប្រទេសអង់គ្លេសក៏មានសីតុណ្ហភាពកើនឡើងដល់ទៅ៤០អង្សាសេផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករថា សីតុណ្ហភាព នឹងបន្តកើនឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ។ ក្នុងពេលខាងមុខកម្តៅនឹងបន្តកើនឡើងខ្ពស់និងអូសបន្លាយយូរជាងឆ្នាំមុនៗ ។
កាលពីថ្ងៃទី១០ ខែតុលា ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌ និងអង្គការកាកបាទក្រហម អភិចន្ទក្រហម ព្រមានថា កម្តៅក្តៅខ្លាំងនឹងបន្តកើនឡើងខ្ពស់ប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិក្នុងទសវត្សរ៍ខាងមុខ៕
ដោយ៖ ធីរីណា(រូបថត៖ AP)