ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុក្តៅខ្លាំងបង្ខំឱ្យអាជ្ញាធរថៃប្រកាសឱ្យប្រជាជននៅខេត្តជាច្រើនរួមទាំងរាជធានីបាងកក ប្រុងប្រយ័ត្នការពារខ្លួន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសថា អាជ្ញាធរថៃបានចេញសេចក្តីប្រកាសឱ្យប្រជាជននៅតាមបណ្តាខេត្តជាច្រើនរួមទាំងរាជធានីបាងកកផងដែរ ចៀសវាងការចេញដើរហើរនៅខាងក្រៅ ដោយសារតែអាកាសធាតុដែលកំពុងតែឡើងកម្តៅខ្លាំងក្លា។
ក្នុងខែមេសានេះ ផ្នែកជាច្រើននៃតំបន់អាស៉ីទាំងមូល បាននិងកំពុងរាយការណ៍ពីស្ថានភាពអាកាសធាតុកើនឡើងកម្តៅខ្លាំង ដោយប្រទេសមួយចំនួនបានកត់ត្រានូវសីតុណ្ហភាពខ្ពស់ក្នុងកម្រិតបំបែកកំណត់ត្រា។ នៅបង់ក្លាដែសនិងឥណ្ឌា បញ្ហាកើនឡើងកម្តៅខ្លាំងនេះបានជំរុញឱ្យតម្រូវការប្រើប្រាស់ថាមពលស្ទុះឡើង ជាហេតុនាំឱ្យមានការដាច់និងខ្វះខាតថាមពលផ្គត់ផ្គង់សម្រាប់មនុស្សរាប់លាននាក់។
រីឯនៅទីក្រុងបាងកក សីតុណ្ហភាពបានឈានដល់កម្រិត៤៤អង្សាសេ ក្នុងសង្កាត់បាងណា (Bangna)នាថ្ងៃសៅរ៍នេះ ហើយអាជ្ញាធរបានទទូចឱ្យប្រជាជនចៀសវាងធ្វើសកម្មភាពផ្សេងៗនៅខាងក្រៅ និងប្រុងប្រយ័ត្នការពារខ្លួនពីគ្រោះថ្នាក់នៃជំងឺស្រ្តូកកម្តៅ។ បើតាមអាជ្ញាធរថៃ សីតុណ្ហភាពនឹងស្ថិតក្នុងកម្រិតលើសពី៤០អង្សាសេ នៅតាមខេត្តយ៉ាងហោច២៨ ក្នុងថ្ងៃសៅរ៍នេះ។
បើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងមួយរយៈនេះ ការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងរហូតបំបែកកំណត់ត្រា គឺការប្រើអគ្គិសនីសរុបរបស់ប្រទេសថៃមានចំនួនជាង ៣៩,០០០មេហ្កាវ៉ាត់ កាលពីថ្ងៃទី៦ ខែមេសា ធៀបនឹងកំណត់ត្រាចាស់ ៣២,០០០មេហ្កាវ៉ាត់ កាលពីខែមេសា ឆ្នាំមុន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CNN

រូប​ថត​ ៖ zingnews.vn

 


ចែករំលែក៖