ប្រហែល ១០ឆ្នាំមុន សហរដ្ឋអាមេរិកបានចាប់ផ្តើមកាត់បន្ថយឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ វាក៏ជាពេលដែលចិនឆ្លៀតឱកាសចូលប្រើប្រាស់តំបន់មជ្ឈិមបូព៌ា ដែលត្រូវបានចាត់ទុកថាជា “ចំណុចរារាំង” ដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
តាមពិតទៅ ចិនមិនវិនិយោគលើសក្តានុពលយោធាដូចដែលអាមេរិកកំពុងធ្វើនោះទេ ប៉ុន្តែតាមរយៈការសម្របសម្រួលជម្លោះដើម្បីជួយបង្កើតទំនាក់ទំនងឡើងវិញរវាងប្រទេសនានាក្នុងពិភពអារ៉ាប់ ជាពិសេសការលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដើម្បីបន្តពង្រីកឥទ្ធិពលរបស់ខ្លួន។ ក្នុងនាមជាអ្នកវិនិយោគធំជាងគេនៅមជ្ឈិមបូព៌ា ទីក្រុងប៉េកាំងបាន “ចាក់” ចូលទៅក្នុងតំបន់ច្រើនជាង 273 ពាន់លានដុល្លារនៅចន្លោះឆ្នាំ 2005 និង 2022។ “យក្សអាស៊ី” ក៏ទិញប្រេងពីអុីរ៉ាក់ និងឧស្ម័នពីកាតារផងដែរ និងការនាំចេញអាវុធទៅកាន់ប្រទេសអាល់ហ្សេរី ម៉ារ៉ុក ទួរគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូ៊ឌីត។
ក្នុងពេលនេះ អារ៉ាប៊ីសាអូ៊ឌីតធ្វើជាម្ចាស់ផ្ទះនៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ ដោយចាត់ទុកចិនជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់ នៅក្នុងសុន្ទរកថាបើកនៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ នៅទីក្រុងរីយ៉ាតរបស់អារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan បានមានបន្នូលថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
នៅក្នុងសន្និសីទដែលមានការចូលរួមពីប្រទេសចំនួន២៣ ក្រោមបាវចនា «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព» ព្រះអង្គម្ចាស់ Faisal បានគូសបញ្ជាក់អំពីឆន្ទៈរួមរបស់ប្រទេសអារ៉ាប់ និងប្រទេសចិន ក្នុងការអភិវឌ្ឍភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ពួកគេដោយផ្អែកលើលទ្ធផលនៃវេទិកានេះចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ទន្ធឹមគ្នានេះ លោក Khaled Al-Falih រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអូ៊ឌីតក៏បាននិយាយថា វាដល់ពេលហើយសម្រាប់ប្រទេសចិនក្នុងការក្លាយជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងតំបន់។
សន្និសីទដែលមានរយៈពេលពីរថ្ងៃដោយបានចាប់ផ្តើមពីថ្ងៃទី១១ និង១២ ខែមិថុនានេះ គឺជាការប្រមូលផ្តុំដ៏ធំបំផុតរបស់អារ៉ាប់-ចិនសម្រាប់អាជីវកម្ម និងការវិនិយោគ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល នាយកប្រតិបត្តិ វិនិយោគិន និងសហគ្រិនជាង២,០០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្រោមការឧបត្ថម្ភគាំទ្រដោយរជ្ជទាយាទអារ៉ាប៊ីសាអូ៊ឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ហើយបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងការវិនិយោគ និងហិរញ្ញប្បទានតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន ព្រមទាំងបញ្ហាបរិស្ថាន ទេសចរណ៍ និងកសិកម្មផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)