ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន រួមមាន ឥណ្ឌា នូវែលសេឡង់ អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប កាណាដា និងចក្រភពអង់គ្លេស និងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤ នៅរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី លោក ឧបនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាន ជាមួយ លោក សឺរជី ឡាវរ៉ូហ្វ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន រួមមានការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត តាមរយៈការចែករំលែកព័ត៌មាន និងវិធានការកសាងសមត្ថភាពដែលមានគោលដៅល្អផ្សេងទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ដើម្បីពន្លឿនការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនៃផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ី ដែល បានកែសម្រួល និងកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ និងរាល់សកម្មភាពអាទិភាពសំខាន់ៗផ្សេង ទៀត ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឆ្នាំ២០២០-២០២៥។ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ី ក្នុងឱកាសអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៥ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា៖
អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិស ខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍន- ភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។ រដ្ឋមន្ត្រីការបរទេសបានអនុម័តឧបសម្ព័ន្ធ បន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានទន្ទឹងរង់ចាំការបញ្ចប់និង ដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការ ពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាមផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់៖
អាស៊ានបានបង្ហាញពីការកោតសរសើរចំពោះការបន្តគាំទ្ររបស់នូវែលសេឡង់លើមជ្ឈភាព អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការ ដែលដឹកនាំដោយអាស៊ាននានា។ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមអាស៊ាន-នូវែលសេឡង់ ស្ដីពី កិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទន្ទឹងរង់ចាំការចុះហត្ថលេខា លើពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបង្កើតពាណិជ្ជកម្មសេរីអាស៊ាន- អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) នៅខែសីហា ឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ត្រី ក៏ បានលើកទឹកចិត្តនូវែលសេឡង់ផ្តល់ការគាំទ្របន្ថែមទៀត ចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងអាចសម្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ រួមមានតាមរយៈការអនុវត្តផែនការការងារទី៤។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី៖
អាស៊ានបានកោតសរសើរចំពោះវឌ្ឍនភាពគន្លឹះសំខាន់ៗ ដែលបានផ្ដល់ជូនក្រោមភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី (CSP) តាមរយៈកញ្ចប់នៃគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អាស៊ាន (Aus4ASEAN) រួមមាន គំនិតផ្តួចផ្តើមស្ដីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) ដែលមានទឹកប្រាក់ចំនួន ២០៤លានដុល្លារអូស្ត្រាលី កម្មវិធី អាហារូបករណ៍ (AusAASEAN) ចំនួន១០០កន្លែង និងគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីធ្វើបរិវត្តកម្ម ឌីជីថល និងអនាគតជំនាញអាស៊ាន។ កិច្ចប្រជុំក៏បានទន្ទឹងរង់ចាំនូវការរៀបចំកិច្ចប្រជុំកំពូល ពិសេសដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែល នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ដែលនឹងបង្កើតបានជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយបន្ថែមទៀត នៃភាពជាដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា AANZFTA បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់អាស៊ាន។
សូមអាននូវខ្លឹមសារ លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤ ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា