សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃសុក្រនេះរុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មីដល់វិស័យអវកាសរបស់ខ្លួន។
បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដីកាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងមូស្គូ) នៅឯមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny)។ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់គន្លងក្បែរព្រះចន្ទនៅក្នុងរយៈពេល៥ថ្ងៃ ហើយបន្ទាប់មកវានឹងចំណាយពេលចន្លោះពី៣-៧ថ្ងៃ ដើម្បីជ្រើសរើសទីតាំងត្រឹមត្រូវមួយ មុនពេលចុះចតទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។
លោក អាឡិចសាន់ដឺ ប្លូឃីន (Alexander Blokhin) ដែលជាមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូស្មូស (Roscosmos) ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះថា «ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ការបញ្ជូនយានរ៉ូបូតចុះចតលើព្រះចន្ទនឹងធ្វើឡើងនៅតំបន់ប៉ូលខាងត្បូងរបស់វា។ មកទល់ឥឡូវ ប្រទេសទាំងឡាយ បាននាំគ្នាចុះចតយានតែនៅតំបន់អេក្វាទ័ររបស់ព្រះចន្ទប៉ុណ្ណោះ»។
បើតាមប្រភពដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបាន យានរបស់រុស្ស៉ីគ្រោងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទនៅខ្ទង់ថ្ងៃទី២១ ខែសីហា ពោលគឺមុនការព្យាយាមចុះចតរបស់យានរ៉ូបូតនៃបេសកកម្ម Chandrayaan 3 របស់ប្រទេសឥណ្ឌា។ យានឥណ្ឌាត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី១៤ ខែកក្កដា ហើយទើបទៅដល់គន្លងក្បែរព្រះចន្ទកាលពីប៉ុន្មានថ្ងៃមុន។ ឥណ្ឌាគ្រោងចុះចតយានរបស់ខ្លួន នៅថ្ងៃទី២៣ ខែសីហា ទៅលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទដូចទៅនឹងរុស្ស៉ីដែរ។
ការចេញបេសកកម្ម Luna-25 គឺជាបេសកកម្មឋានព្រះចន្ទលើកដំបូងបំផុតរបស់ទីក្រុងមូស្គូគិតចាប់តាំងពីឆ្នាំ១៩៧៦មក នៅពេលដែលអតីតសហភាពវៀត គឺជាប្រទេសនាំមុខគេមួយនៅក្នុងវិស័យរុករកទីអវកាស។ មកទល់ពេលនេះគឺមានតែប្រទេសចំនួន៣ប៉ុណ្ណោះដែលធ្លាប់ទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទដោយសុវត្ថិភាព គឺអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ ប្រសិនបើបេសកកម្ម Chandrayaan 3 ទទួលបានជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤៕ ដោយ៖ ធីរីណា
រូបថត៖ kosmosnews.fr