ទីក្រុងហ្សឺណែវ ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ – គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួម កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូ លើសមិទ្ធិផលសម្រេចបានគួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។
គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជា សម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជា ច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។ កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។ គណៈ ប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្តួចផ្តើមកម្មវិធីគាំពារសង្គមជាច្រើន រួម ទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនិងការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីសក៏ត្រូវ បានទទួលស្គាល់ផងដែរ។ គណប្រតិភូខ្លះបានទទួលស្គាល់វឌ្ឍនភាពនិងសមិទ្ធិផលសម្រេចបាន របស់កម្ពុជាលើការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការមុខងារសារធារណៈ សន្តិភាពនិងសន្តិសុខ ការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ គណប្រតិភូខ្លះបានកត់សម្គាល់នូវភាពរស់រវើកនិងចំនួនដ៏ច្រើននៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។
ដោយឡែក គណៈប្រតិភូចំនួន ៩ ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញ មតិទិតៀន អំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែម ទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើនវិភាជថវិកាសម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចខិតខំប្រឹង ប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហ ប្រជាជាតិនៅហ្សឺណែវ បានគូសរំលេចនូវចន្លោះខ្វះខាតលើរបាយការណ៍របស់អ្នករាយការណ៍ ពិសេស ដូចតទៅ៖
យើងខ្ញុំសោកស្ដាយដែលរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាពនិងពេញលេញ នូវអង្គហេតុនិងអង្គច្បាប់ ដែលផ្ដល់ដោយ ស្ថាប័នជាច្រើនរបស់រដ្ឋ។ ការអនុវត្តបែបនេះវៀរចាកពីគោលការណ៍ដែលបានកំណត់យ៉ាង ច្បាស់ក្នុង “ក្រមប្រតិបត្តិ” និង “សៀវភៅប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ជាហេតុបណ្តាលឱ្យមានការដាក់ពិន្ទុខុសឆ្គង និងវាយតម្លៃយ៉ាងអយុត្តិធម៌លើទិដ្ឋភាពសិទ្ធិ ពលរដ្ឋនិងនយោបាយ។
– និយាមដែលបានស្នើ ពុំឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពឥតឈប់ឈរជាច្រើន រួមទាំងបរិយាកាសជុំវិញការបោះឆ្នោត ការផ្តល់និតិសម្បទាសិទ្ធិនយោបាយឡើងវិញដល់ ក្រុមប្រឆាំង កំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ និងការបង្ក្រាបការជួញដូរមនុស្ស ។ល។
ឯកអគ្គរាជទូតកម្ពុជាក៏ថ្លែងតបជាមួយនឹងអ្នករាយការណ៍ពិសេស លើប្រធានបទមួយចំនួនដទ ទៀតផងដែរ ដូចខាងក្រោម៖
– ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ និងសភា ក្នុងឆ្នាំ២០២២ និង២០២៣ លំហ ពលរដ្ឋនិងនយោបាយត្រូវបានពង្រីក។ ក្នុងនោះ បម្រាមសកម្មនយោបាយរបស់បុគ្គល ជាង១០០ នាក់ ក្នុងចំណោមទណ្ឌិតដែលជាប់ពាក់ព័ន្ធនឹងការបង្ករអសន្តិសុខជាតិ ត្រូវ បានរំសាយបញ្ចប់។ ពួកគេបានបង្កើតនិងចូលរួមគណបក្សនយោបាយផ្សេងៗដើម្បីប្រកួត ប្រជែងក្នុងការបោះឆ្នោតថ្មីៗនេះ។ ទណ្ឌិតប្រមាណ៣០ រូប បានទទួលការលើកលែង ទោស និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ការបោះឆ្នោតសកលនាពេលថ្មីៗនេះមានអត្រាវត្តមានអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩% ដើម្បីជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ និងមេដឹកនាំអនាគត ដែលប្រជាជនជឿជាក់ថា អាចបន្ត ដឹកនាំជាតិលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ កិច្ចដំណើរការ បោះឆ្នោតត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកសង្កេតការណ៍ឯករាជ្យជាតិនិងអន្តរ ជាតិជិតមួយពាន់នាក់ ដែលបានវាយតម្លៃយ៉ាងទូលំទូលាយ ថាការបោះឆ្នោតបានប្រព្រឹត្តិ ទៅដោយសេរី ត្រឹមយុត្តិធម៌ និងដោយសន្តិវិធី។ ការផ្ទេរអំណាចត្រូវបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។
អវត្តមានគណបក្សនយោបាយចំនួនពីរក្នុងដំណើរការបោះឆ្នោត ដោយសារការមិនគោរព តាមច្បាប់ មិនអាចបដិសេធលក្ខណៈនៃសេរីភាព ពហុភាព និងប្រជាធិបតេយ្យរបស់កម្ពុជា បានឡើយ។ ដើម្បីធានាបរិយាកាសរស់រវើក និងប្រកបដោយក្តីស្ថាបនាសម្រាប់គណបក្ស នយោបាយទាំងអស់ដែលមានបំណងចង់ចូលរួមជាមួយរដ្ឋាភិបាលថ្មី តាមរយៈការផ្តល់ គំនិត និងការពិគ្រោះយោបល់ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់ ត្រូវបានបង្កើតឱ្យ ដំណើរការឡើងវិញជាផ្លូវការ។ កន្លងមកនេះ គណបក្សនយោបាយចំនួន៣០ បានដាក់ បេក្ខភាពជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាន់ខ្ពស់។
ជាប្រការមិនអាចប្រកែកបានដែលលំហពលរដ្ឋនិងនយោបាយមានភាពសេរី និងបើកចំហរ ស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើករបស់វត្តមានអង្គការមិនមែនរដ្ឋាភិបាលជាង៦០០០ និងអង្គភាពសារព័ត៌មានទាំងឌីជីថលនិងប្រពៃណីជាង២០០០ ប្រតិបត្តិការដោយគ្មានការ រឹតត្បិត។ ជាងនេះទៅទៀត រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តវេទិកាសន្ទនាភាពជាដៃគូជាមួយ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឡើង ២ដង ក្នុងមួយឆ្នាំ ដើម្បីដោះស្រាយសេចក្តីព្រួយ បារម្ភ រួមទាំងវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាបន្ត បន្ទាប់។
ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ មានឧទាហរណ៍ជា ច្រើន បង្ហាញថា អ្នកគាំទ្រនិងសមាជិកបក្សកាន់អំណាចក៏ត្រូវបានកាត់ទោសដោយតុលាការ តែមួយដូចគ្នានោះ។ សម្ព័ន្ធភាពជាមួយគណបក្សនយោបាយ សហជីព ឬអង្គភាពដែល ប្រកាសថាធ្វើការលើសិទ្ធិណាមួយនោះ ពុំមែនជាអាជ្ញាប័ណ្ណឱ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានថ្លែងបញ្ចប់ដោយគូសបញ្ជាក់នូវ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ កម្ពុជា ជាប្រទេសដែលបានផ្តល់សច្ចាប័នលើលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗស្ទើរត ទាំងអស់ ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សទៅតាមរដ្ឋធម្មនុញ្ញនិងនៅក្នុងក្របខណ្ឌនៃនីតិ រដ្ឋ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាពដែលសម្រេចបានដោយលំបាក និង ដើម្បីបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ៕
ដោយ ៖ សិលា