ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ ដែលរៀបចំឡើងនៅឯវិមានសន្តិភាព។ ចំពោះវេទិកានេះ គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា និងឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។
-សម្ដេចធិបតី ថ្លែងថា ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។
-សម្ដេចធិបតី ថ្លែងថា ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ, សម្រួល ពេលវេលា និងមានតម្លាភាពជាដើម។
-សម្ដេចធិបតី ថ្លែងថា សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។
-សម្ដេចធិបតី ថ្លែងថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។
-សម្ដេចធិបតី ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
សម្តេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងមួយឆ្នាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចុះធ្វើអធិការកិច្ចរួមគ្នាតែម្តងគត់នៅតាមរោងចក្រ សហគ្រាស លើកលែងតែមានការប្តឹងផ្តល់ពីកម្មករ និយោជិត។
-សម្ដេចធិបតី ថ្លែងថា ស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុងមួយឆ្នាំ នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង។
-សម្ដេចធិបតី ថ្លែងថា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
-សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផល ចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។
-សម្ដេចធិបតី ថ្លែងថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។
-សម្ដេចធិបតី ថ្លែងថា ដីដែលមិនបានប្រើប្រាស់ ហើយមិនមានជាប់ការបង់ពន្ធនោះ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។
-សម្ដេចធិបតី ថ្លែងថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត សមិទ្ធផលថ្មីៗ ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ។
-សម្តេចធិបតី ថ្លែងបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមជូន ជាតិ មាតុភូមិ ទាំងមូល នោះរាជ រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែល មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ កាន់តែច្រើន»។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តប្រតិវេទន៍តម្លៃពន្ធគយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់នៅចំពោះមុខវិស័យឯកជននៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា រដ្ឋមិន ចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ស្នើរៀបចំឱ្យមាននីតិវិធី និងបែបបទសម្រាប់ មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ។ សម្ដេចធិបតី ប្រកាសលើកលែងការបង់ពន្ធបែបបទគយ ចំពោះការនាំទំនិញចេញ-ចូល ដែលមានតម្លៃ ១០០០ដុល្លារចុះក្រោម។
-សម្តេចធិបតី ថ្លែងប្រសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព។
-សម្ដេចធិបតី ថ្លែងបន្តថា វិស័យឯកជន បានស្នើឲ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប ដែលធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក មិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការ ដូចជា៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនមែនតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ខុសច្បាប់ នោះទេ។ម្យ៉ាងទៀត ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឲ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួល នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ ក្នុងរូបភាពផ្សេងៗ។
ក្នុងនោះ ក៏ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពី ការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឲ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពប្រជាជន ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្ត ជាធរមាន។ ចំណែកឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជារជាតិតែមួយ សម្រាប់ការសម្រួលការស្នើសុំលិខិតអនុញ្ញាតឲ្យបានលឿន៕
ដោយ៖ ស តារា