ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ដោយសារពស់ចឹក ខណៈគាត់មានជំនឿ និងអះអាងខ្លួនថា៖ “ខ្លួនមានអណ្តាតពាំព្រីង” ហើយយល់ឃេីញថា អ្នកដែលមានអណ្តាតបែបនេះ ឬសត្វសុនខមានអណ្តាតពាំព្រីង ពស់ចឹក ឬខាំមិនស្លាប់នោះឡើយបែរជាបែកគំនិតទៅចាប់សត្វពស់លេង មានអីត្រូវពស់ចឹកស្លាប់បាត់។
បើតាមសម្តីបុរសម្នាក់ ដែលនាំជនរងគ្រោះមកកាន់មន្ទីរពេទ្យ បានរៀបរាប់ថា មុនពេលជនរងគ្រោះត្រូវសត្វពស់ខាំ គឺបុរសរូបនេះ គាត់អាងថា ខ្លួនមានអណ្តាតពាំព្រីង ក៏បានចាប់ពស់លេង នឹងបានយកដៃម្ខាង រួចមាត់បឺតមុខរបួសដៃម្ខាងទៀតដែលត្រូវពស់ចឹក។ លុះពេលសាច់ញាតិសួរនាំថា «ម៉េចក៏ចាប់ពស់អញ្ចឹង?» គាត់ឆ្លើយថា «អត់អីទេ ខ្ញុំមានអណ្តាតពាំព្រីង»។ ក្រោយមកបានមួយសន្ទុះស្រាប់តែ ជនរងគ្រោះ បានដួលសន្លប់បាត់ទៅ ទេីបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។
បើតាមប្រភពពីវេជ្ជបណ្ឌិតកម្ពុជា បានលើកឡើងថា “រឿងអបិយជំនឿនាំឱ្យពលរដ្ឋគ្រប់រូបនឹងរងនូវការវិនាសខ្លួន ដូចទៅនឹងបុរសរងគ្រោះ ដែលបានចាប់ពស់ស្រកាចាស់មកលេង ក៏ត្រូវពស់នោះខាំជាច្រើនចង្កូមរួចហើយក៏ដោយ ព្រោះគាត់អះអាងថា ខ្លួនមានអណ្តាតពាំព្រីងនោះ គឺមិនស្លាប់ទេ ប៉ុន្តែបែរជាស្លាប់ទៅវិញ”។
ជាមួយគ្នានេះ វេជ្ជបណ្ឌិតទូទៅនៅក្នុងប្រទេសកម្ពុជា តែងតែណែនាំ និងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទគួរយល់ដឹងនៅពេលមានពស់ចឹក ឬខាំ តើយើងគួរសង្គ្រោះបឋមបែបណានោះ?
ជាការពិតណាស់ វិធីសង្គ្រោះបឋមនៅពេលមានពស់ចឹក ឬខាំ នោះ ៖
ទី១- ត្រូវដាក់ជនរងគ្រោះដំណេកផ្ងារ និងក្បាលខ្ពស់។
ទី២- ប្រាប់គាត់កុំអោយកំរើកអវៈយវៈនិងសម្រួលអារម្មណ៍។
ទី៣- រុំបង់យឺត (ពីរជាន់) និងអបអោយមានលំនឹង។
ទី៤- រក្សាកន្លែងរបួស ទាបជាងកម្រិតបេះដូង។
ទី៥- បញ្ជូនជនរងគ្រោះទៅមន្ទើរពេទ្យ។
លើសពីនេះ ចំពោះសកម្មភាពដែលពុំគួរធ្វើវិញ មានដូចជា ៖
ទី១- បឺតឈាមត្រង់កន្លែងពស់ខាំ។
ទី២- កាត់របួស បង្ហូរឈាម។
ទី៣- ចងខ្សែការ៉ូ ឃាត់ឈាម។
ទី៤- ស្អំទឹកកក នៅកន្លែងខាំ។
គួរបញ្ជាក់ផងដែរថា ចំពោះប្រភេទពស់ ដែលបង្កគ្រោះថ្នាក់ ដូចជា ៖ ប្រភេទពស់ហនុមាន, ពស់វែកដំបូក, ពស់ក្រាយ ស.ខ្មៅ ឬពស់ក្រោយជាដើមនោះ។ ក្រៅពីនេះ ក៏មានពស់ស្រកាចាស់ ដែលបានចឹកបុរសខាងលើ បណ្ដាលឱ្យស្លាប់ផងដែរ, ពស់វែកក្របី, ពស់វែករនាម និងពស់ពព្លាក់ជាដើម៕
ដោយ៖ តារា