ភ្នំពេញ៖ សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង៤របស់វាវែង។ ផ្នែកខាង លើដងខ្លួនសម្បុរខ្មៅនិងផ្នែកក្រោមនៃជើងចាប់ពីក្បាល ជង្គង់ចុះមានពណ៌ចម្រុះខ្មៅប្រផេះ លឿង។ បើតាមការឱ្យដឹងពី USAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៤ថា បើគិតប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ ពេលបន្តពូជ សត្វកែះត្រូវពពោះចន្លោះពីប្រាំពីរ ទៅប្រាំបីខែ ហើយវាបង្កើតកូនបានម្តងតែមួយប៉ុណ្ណោះ ក្នុងចន្លោះពីខែកញ្ញា ដល់ខែធ្នូ។
សត្វកែះ មានស្រទាប់រោមវែងៗការពារខ្លួនរបស់វាដែលគ្របដណ្ដប់ពីលើស្រទាប់រោមខ្លីៗដែលនៅ ជុំជិតស្បែករបស់វា។ គេអាចសំគាល់សត្វកែះឈ្មោល ដោយវាមានស្នែងពណ៌រាងស្រាលប្រវែង ប្រហែល ១៥ សង់ទីម៉ែត្រ និង កោងទៅ ខាងក្រោយ។ សត្វកែះមានទំហំធំ ហើយអាចមានប្រវែងដល់ទៅ១៨០ សង់ទីម៉ែត្រ និងទម្ងន់ជាង១៥០ គីឡូក្រាម។ សត្វកែះ ចូលចិត្ត រស់នៅតែឯងនៅ តំបន់ព្រៃភ្នំ និងមានទឹកដីរបស់ខ្លួនច្បាស់លាស់។ ជាធម្មតាវារស់នៅដោយកំណត់ព្រំដែនរបស់ខ្លួនត្រឹមតែពីរបីគីឡូម៉ែត្រការ៉េប៉ុណ្ណោះ ហើយវាតែងចេញរកស៊ីសកម្មបំផុតនៅពេលព្រឹកព្រលឹម និងពេលព្រលប់។
គួរបញ្ជាក់ថា ចំនួនសត្វកែះនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងៗទៀតកំពុងថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបរបាញ់យកសាច់ និងផ្នែកផ្សេងៗនៃរាងកាយរបស់វាដើម្បីប្រើក្នុងឱសថព្យាបាល។ សូមបញ្ជាក់ថា សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល ៕
ដោយ៖ សូរិយា