ខេត្តកណ្តាល ៖ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ លក់ដីឱ្យលោកស្រី ជា សុីណា នៅទីតាំងផ្សេង បែជាឃុបឃិតគ្នា ធ្វើប្លង់គងលើដីរបស់ ឈ្មោះ ប៊ុន កែវឡុង យកទៅឱ្យលោកស្រី ជា សុីណា ទៅវិញ ។ នេះជាការបញ្ជាក់ពី លោក ប៊ុន កែវឡុង ចោទថា លោកផ្កាយ២ ភឺន ផល្លា ឃុបឃិតគ្នាដោយអំពើពុករលួយធ្វើប្លង់មកជាន់នៅលើទីតាំងដីរបស់គាត់ ដែលបានវាស់វែងស្នើសុំចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់វិនិច្ឆ័យរួចហើយនោះ រងចាំតែទទួលប្លង់រឹងស្របតាមនីតិវិធីប៉ុណ្ណោះ។
លោក ប៊ុន កែវឡុង បានបញ្ជាក់ថា ៖ យោងតាមលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី របស់ឈ្មោះ ភឺន ផល្លា លក់ឱ្យឈ្មោះ ជា សុីណា ដែលស្ថិតនៅភូមិអន្លង់ស្នែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានទំហំ ៨០ហិកតា មានយាមការ ជាប់ព្រំដី ឈ្មោះ ប៊ុន កែវឡុង។ ប៉ុន្តែលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ធានារត់ប្លង់ឱ្យឈ្មោះ ជា សុីណា ដោយប្រើអំពើឃុបឃិតគ្នាជាប្រព័ន្ធពុករលួយ (ធ្វើប្លង់លើអាកាស) ខណះអត់មានការវាស់វែង បែជាគូសទីតាំងផ្សេងគងមកលើដីរបស់គាត់(ឈ្មោះ ប៊ុន កែវឡុង) ។ តាមការឱ្យដឹងពីលោក ប៊ុន កែវឡុង បានបញ្ជាក់ថា ៖ ចំពោះលោក ភឺន ផល្លា ធ្លាប់យកដីទៅលក់ឱ្យអ្នកផ្សេង ដល់ពេលធ្វើប្លង់ឱ្យឈ្មោះ ជា សុីណា អត់មានដីឱ្យគេ ទៅជាធ្វើប្លង់គ្របលើដីឈ្មោះគាត់ ប៊ុន កែវឡុង ។ ទីបំផុត ! ឈ្មោះ ជា សុីណា និង គាត់ឈ្មោះ ប៊ុន កែវឡុង ក្លាយជាជនរងគ្រោះ ដោយសារលោកផ្កាយ២ ភឺន ផល្លា បង្កើតឱ្យឈ្មោះ ជា សុីណា និង ប៊ុន កែវឡុង ក្លាយជាគូវិវាទដោយមិនដឹងខ្លួន ដែលជាក់ស្តែងឈ្មោះ ជា សុីណា កាន់ប្លង់ ដែលលោកផ្កាយ២ ភឺន ផល្លា រត់ការធ្វើអោយ មិនមានប្រក្រតីភាព , អត់មានដី ! ហើយឈ្មោះ ប៊ុន កែវឡុង និងប្រជាពលរដ្ឋ ១១គ្រួសារ កាន់កាប់ដី និងស្នាក់នៅប្រកបអាជីវកម្ម កសិកម្ម ជាក់ស្តែង រងចាំតែទទួលប្លង់រឹងប៉ុណ្ណោះតាមនីតិវិធី ។
សូមបញ្ជាក់ថា ៖ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, និងប្រធានភូមិបាលស្រុកមុខកំពូល ត្រូវបាន លោក ប៊ុន កែវឡុង ប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និង អង្គភាពប្រឆាំងអំពើពុករលួយ ហើយគេបង្ហើបថា ៖ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល មានបណ្តឹងជាច្រើនទៀតនៅអង្គភាព ប្រឆាំងអំពើពុករលួយ ។
សូមរម្លឹកថា ៖ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងលោកស្រី មាន សុទ្ធី ប្រធានភូមិបាលស្រុកមុខកំពូល ត្រូវបានប្រជាពលរដ្ឋ ប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សាយ សំអាល់ និង អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធ ករណីឃុបឃិតក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យអ្នកដទៃដោយគ្របលើដីរបស់ពួកគាត់ ដែលជាម្ចាស់ដីពិតប្រាកដមានទំហំ ២៥៥ ១០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិ អន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ខុសគោលការណ៍ជូនដំណឹងជាសាធារណៈ និងនីតិ នៃការចុះបញ្ជី ក្នុងកំឡុងពេលមានបណ្ដឹងជំទាស់តវ៉ាដែលមិនទាន់បញ្ចប់ ។ សូមបញ្ជាក់ថា ៖ នៅក្នុងពាក្យបណ្តឹង លោក ប៊ុន កែវឡុង មានអាសយដ្ឋានស្ថិតនៅផ្លូវលំ ភូមិដើមស្រល់ សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ៖ ពួកគាត់ប្រជាពលរដ្ឋចំនួន១១គ្រួសារ បានកាន់កាប់លើដីមួយកន្លែង មានទំហំសរុបចំនួន ២៦៤២៣៦,១២ ម៉ែត្រតការ៉េ ចាប់តាំងពីឆ្នាំ ២០០០ មានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ព្រមទាំងបានអាស្រ័យផលលើដីនោះរហូតមកដល់ឆ្នាំ២០០៦ ក៏បានលក់ដីខាងលើនេះបន្តមកឲ្យឈ្មោះ នៅ សៀម តាមចំណែកដីរបស់ខ្លួនដោយមានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងការទទួលស្គាល់ពីមេភូមិ មេឃុំ ព្រមទាំង អភិបាលស្រុកមុខកំពូល ឈ្មោះ អ៊ូ ចេវ តាមរយៈលិខិតផ្ទេរសិទ្ធិ១១គ្រួសារ ត្រឹមត្រូវតាមច្បាប់ ដោយពេលនោះឈ្មោះនៅ សៀម ក៏បានបន្តឲ្យប្រជាពលរដ្ឋ១១គ្រួសារជាម្ចាស់ដីដើម អាស្រ័យផលលើដី និងជួយថែរក្សាមើលដីជូនគាត់ រហូតដល់កំឡុងឆ្នាំ ឡុងឆ្នាំ ២០១៩ ក៏បានដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៩៦៤/១៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នឹងធ្វើការចុះទៅវាស់វែង ព្រមទាំងបានលក់ដីខាងលើនេះបន្តមកឲ្យគាត់(ប៊ុន កែវឡុង) ដោយធ្វើតាមលំហូរនីតិវីធីផ្ទេរសិទ្ធិ (បង់ពន្ធ) រួចរាល់ មានសាលកបត្រវាស់វែង នឹងនិយាមកាបបញ្ជាក់ទំហំ និង ទីតាំងដីច្បាស់លាស់និងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីរបស់រដ្ឋបាលស្រុកមុខកំពូល លេខ: ៩៦០ មព ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បន្ទាប់មក គាត់បានកាន់កាប់នឹងអាស្រ័យផល ដោយឲ្យប្រជាពលរដ្ឋទាំងដប់មួយគ្រួសារធ្វើស្រែ ដាំឈូក ហើយគាត់ បានជីកប្រឡាយលើកជាផ្លូវហ៊ុំព័ន្ធដីធ្វើជាព្រំ ដោយសន្តិវិធីគ្មានហឹង្សាស្របតាមច្បាប់ ហើយក៏គ្មានបុគ្គលណាប្តឹងជំទាស់តវ៉ាអ្វីឡើយ ។ ក្រោយមកនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតជូនដំណឹងស្ដីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ចុះ: បញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ) និងកសាងប្លង់សុរិយោដីដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដីនោះ បន្ទាប់ពី ទទួលបានដំណឹង គាត់(ប៊ុន កែវឡុង) ក៏បានគោរពតាមការណែនាំពីមន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ និងបំពេញបែបបទទៅតាម នីតិវិធីចប់សព្វគ្រប់ដោយទទួលបានបង្កាន់ដៃទាំង ០៦ក្បាលដី ដែលមានក្បាលដីលេខ: ៣០៤០, ២៨០៤, ៣០៣០, ៣០២៩, ៣០៣១ និងក្បាលដីលេខ ២២៥១ រង់ចាំតែទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) តែប៉ុណ្ណោះ ។
ស្រាប់តែនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ គាត់បានទទួលព័ត៌មានថា មានឈ្មោះ ជា ស៊ីណា បានដាក់ពាក្យស្នើសុំចុះបញ្ជីដីដែលមានទំហំ ៨០ហិកតា និងឈ្មោះ ហៀ ហុីន ទំហំ ១០ហិកតា (សូមបញ្ជាក់ ៖ ដីដែលស្នើសុំចុះបញ្ជីទាំងនេះបានមកពីការទិញលក់ជាមួយឈ្មោះ ភឺន ផល្លា នៅក្នុង ចំណោមផ្ទៃដី ២២០ហិកតា) ។ បន្ទាប់មកនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមុខកំពូលបានចេញ សេចក្តីជូនដំណឹងចំនួន ០៣ច្បាប់ ស្តីពីការអោយក្រុមមន្ត្រីជំនាញចុះកំណត់ព្រំវាស់វែង និងបំពេញបែបបទ ប្រមូល ទិន្នន័យក្បាលដីអោយឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង ០០នាទីព្រឹកតទៅ និងតម្រូវអោយមានវត្តមានម្ចាស់ដី អ្នកស្នើសុំចុះបញ្ជី អ្នកមានដីជាប់ព្រំ និងជនដែលមានការពាក់ព័ន្ធនឹងក្បាល់ដីដែលបានស្នើសុំចុះបញ្ជីចូលរួមតាមពេលកំណត់ ។ នៅក្នុងដំណាក់កាលការបិទប្រកាសកំណត់កាល បរិច្ឆេទជួបជុំគ្នាដើម្បីវាស់វែងនេះ គាត់(ប៊ុន កែវឡុង) បានដាក់ពាក្យប្ដឹងទប់ស្កាត់ទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការតវ៉ាជំទាស់ទៅនឹងការចុះវាស់វែង ពីព្រោះទីតាំងដីដែលស្នើសុំចុះបញ្ជី និងត្រូវ វាស់វែងប្រមូលទិន្នន័យរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន នេះគឺជាន់នៅលើទីតាំងដីរបស់គាត់ ដែលបាន វាស់វែងស្នើសុំចុះបញ្ជីជាលក្ខណៈប្រព័ន្ធនៅក្នុងតំបន់វិនិច្ឆ័យរួចហើយ ដែលមានក្បាលដីលេខ ៣០៤០ , ២៨០៤,៣០៣០,៣០២៩,៣០៣១ និងក្បាលដីលេខ២២៥១ ។ ហើយជាពិសេសនៅក្នុងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង០០នាទីព្រឹក ដែលថ្ងៃកំណត់ជួបជុំគ្នាដើម្បីចុះវាស់វែងនោះ គាត់(ប៊ុន កែវឡុង) និងប្រជាពលរដ្ឋ ផ្សេងទៀតដែលមានការពាក់ព័ន្ធបានទៅដល់ទីតាំងដីនោះរង់ចាំមន្ត្រីជំនាញចុះទៅពេញមួយថ្ងៃ តែមិនឃើញមាន វត្តមានមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធណាមួយចុះទៅឡើយ ។ បន្ទាប់មកស្រាប់តែនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមុខកំពូលក៏បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរួម មានផែនទីក្បាលដី គំនូសបង្ហាញផែនទីក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី ពាក់ព័ន្ធនឹងក្បាលដីមួយកន្លែងរបស់ឈ្មោះ ភឺន ផល្លា ស្ថិតនៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីអោយសាធារណជន ពិសេសអ្នកកាន់កាប់ដីដែលពាក់ព័ន្ធនឹងទិន្នន័យក្បាលដីនេះធ្វើការ ប្តឹងជំទាស់ ឬតវ៉ា ដោយទុកពេលប្ដឹងតវ៉ា រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅក្នុងដំណាក់កាលនៃការបិទផ្សាយឯកសារនៃការវិនិច្ឆ័យនេះ គាត់(ប៊ុន កែវឡុង) បានដាក់ពាក្យប្ដឹងទប់ស្កាត់ និងជំទាស់ទៅនឹងទិន្នន័យ ក្បាលដីនេះដើម្បីកុំអោយចេញប័ណ្ណកម្មសិទ្ធិ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ព្រោះទីតាំងដី ដែលមានឯកសារវិនិច្ឆ័យរួមមានផែនទីក្បាលដី គំនូសបង្ហាញផែនទីក្បាលដី និងបញ្ជី ឈ្មោះម្ចាស់ដីឈ្មោះ ភឺន ផល្លា ជាន់នៅលើទីតាំងដីរបស់គាត់ ដែលបានវាស់វែងស្នើសុំចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់វិនិច្ឆ័យរួចហើយ ដែលមានក្បាលដីលេខ: ៣០៤០, ២៨០៤, ៣០៣០,៣០២៩,៣០៣១ និងក្បាលដី លេខ២២៥១ ។ ប៉ុន្តែ ចំពោះការប្តឹងជំទាស់របស់គាត់ទៅនឹងការចេញប័ណ្ណកម្មសិទ្ធិអោយទៅឈ្មោះ ជា ស៊ីណា ឈ្មោះ ហៀ ហុីន គ្មានន័យអ្វីសោះ ដោយស្ថាប័នបានទទួលពាក្យបណ្ដឹងរួចហើយមានដូចជា មេឃុំ ប្រធានភូមិបាលស្រុក អភិបាលស្រុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលខេត្ត ស្ថាប័ន ក្រសួងដែនដី ពុំមានចំណាត់ការ ឬអនុវត្តទៅតាមនីតិវិធី តាមស្មារតីអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ និងសារាចរណែនាំលេខ ១៤ ដនស/ សរណន ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០០៩ ស្តីពីការ អនុវត្តនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំឡើយ ។ មិនតែប៉ុណ្ណោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទី រេរៀបចំដែនដី និងលោកស្រី មាន សុទ្ធី ប្រធានភូមិបាលស្រុកមុខកំពូល នៅតែបំពានច្បាប់ មិនមែនត្រឹមតែមិនព្រម អញ្ជើញភាគីពាក់ព័ន្ធមកធ្វើការសម្របសម្រួល ឬដោះស្រាយចំពោះបណ្ដឹងតវ៉ានោះទេ គឺបានធ្វើការយ៉ាងប្រញ៉ាប់ ប្រញ៉ាល់ពន្លឿននីតិវីធីដោយមានភាពមិនប្រក្រតី ដើម្បីចេញប័ណ្ណកម្មសិទ្ធិអោយទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហុីន ខានតែបាន ហើយជាក់ស្តែងលោក សុក កាន់ណារិទ្ធ បានចេញប័ណ្ណកម្មសិទ្ធិ ចំនួន០២ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ អោយទៅឈ្មោះ ជា ស៊ីណា ដែលមានលេខប័ណ្ណ ០៨០៧១០០១-៤៦៧៨, លេខ: ០៨០៧១០០១-៤៦៧៩ និងមួយប័ណ្ណទៀតអោយទៅឈ្មោះ ហៀ ហុីន មានលេខប័ណ្ណៈ ០៨០៧១០០១-៤៦៨០ ដែលប័ណ្ណកម្មសិទ្ធិទាំង ០៣ នេះ បានជាន់ទៅលើដីរបស់គាត់ ដែលកំពុងរស់នៅ និងធ្វើអាជីវកម្មបង្ករបង្កើនផល លើវិស័យកសិកម្ម ទំហំ២៥៥.១០៦ម៉ែត្រការ៉េ ដែលមានក្បាលដីលេខៈ ៣០៤០,២៨០៤,៣០៣០,៣០២៩, ៣០៣១ និងក្បាលដីលេខ ២២៥១ ជាក្បាលដីបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចហើយ តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ។ រាល់សកម្មភាព និងការអនុវត្តនីតិវិធីរបស់លោកស្រី មាន សុទ្ធី និងលោក សុក កាន់ណារិទ្ធិ គឺបង្ហាញ អោយឃើញយ៉ាងច្បាស់ថា មានភាពមិនប្រក្រតី ហាក់បីដូចជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ដោយមិនបាន ខ្វល់ខ្វាយ ឬ ដោះស្រាយបណ្ដឹងដែលបានប្តឹងទប់ស្កាត់មិនអោយចេញប័ណ្ណកម្មសិទ្ធិនោះឡើយ ។ ម្យ៉ាងទៀត ក្នុងការចេញប័ណ្ណនេះ ដោយសំអាងតែទៅលើលិខិតលេខ ១១៩៥ ស.ជ.ណ ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ដែលប្រគល់ភារកិច្ចអោយលោកប្រធានមន្ទីរអនុវត្តចុះបញ្ជីដីជូនឈ្មោះ ភឺន ផល្លា ស្របតាមនីតិវិធី ដែលលិខិតរបស់រដ្ឋបាលខេត្តកណ្តាលនេះ បានចេញផ្ទុយអំពីខ្លឹមសារស្មារតីលិខិតលេខ ២២៧៥ ដនស/អសដភ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ និងលិខិតលេខ ២២១៧ ដនស/អសដភ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា “ក្រសួងសូមប្រគល់ករណីវិវាទនេះជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ ដោយអញ្ជើញអាជ្ញាធរមូលដ្ឋានមកពិនិត្យ ឯកសារដែលខ្លួនបានបញ្ជាក់ចុះហត្ថលេខា និងធ្វើការ បដិសេធនូវលិខិតទាំងឡាយណាដែលមិនប្រក្រតី និងទទួលស្គាល់សិទ្ធិកាន់កាប់ចំពោះបុគ្គលដែលមានឯកសារ ច្បាស់លាស់ត្រឹមត្រូវ ដើម្បីឈានទៅធ្វើការចុះបញ្ជីជូន តាមគោលការណ៍ និងនីតិវិធីជាធរមាន”។
លោក ប៊ុន កែវឡុង បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទៀតថា៖ ចំពោះទង្វើ និងសកម្មភាពទាំងឡាយដែលឈ្មោះ សុក កាន់ណារិទ្ធ និងលោកស្រី មាន សុទ្ធី ដែលបានប្រព្រឹត្តក្នុងការរៀបចំកសាងឯកសារក្នុងការចេញប័ណ្ណកម្មសិទ្ធិ អោយឈ្មោះ ជា ស៊ីណា, ឈ្មោះ ហៀ ហុីន និង ឈ្មោះ ភឺន ផល្លា គឺជាការបំពានច្បាប់ទាំងស្រុង ដែលធ្វើអោយប៉ះពាល់ដល់កំណែទម្រង់កម្មវិធីនយោបាយ នៅក្នុងអាណាត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអនុវត្តកំណែទម្រង់កម្មវិធីនយោបាយ ប្រព័ន្ធយុត្តិធម៌ គោលនយោបាយដីធ្លី និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនក្នុងគោល ដៅបំរើប្រជាពលរដ្ឋ និងប្រទេសជាតិក្រោមម្លប់សន្តិភាព ដោយមិនទុកអោយប្រជាជនណាម្នាក់ជួបទុក្ខលំបាក ដែលរាជរដ្ឋាភិបាលមិនបានជួយដោះស្រាយនោះឡើយ។ ដូច្នេះ គាត់សូមសំណូមពរ លោកឧបនាយករដ្ឋមន្ត្រី មានដូចតទៅ ៖ ១- បើកការត្រួតពិនិត្យទៅលើភាពមិនប្រក្រតីនៃការចេញប័ណ្ណកម្មសិទ្ធិ របស់មន្ត្រីសុរិយោដីភូមិបាលស្រុក មុខកំពូល និងមន្ត្រីសុរិយោដីខេត្តកណ្តាល ក្នុងកំឡុងពេលមានបណ្ដឹងជំទាស់តវ៉ា និងទប់ស្កាត់ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៃតំបន់ដី មានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ២-សុំមោឃៈភាព និងបដិសេធចោល នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០៣ប័ណ្ណ រួមមាន ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ: 08071001-4678 ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ មានទំហំ ៦០០.០០០ម៉ែត្រការ៉េ (ហុកសិបម៉ឺន) ម៉ែត្រការ៉េ របស់ឈ្មោះ ជា ស៊ីណា ។ – វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ 08071001-4679 ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ មានទំហំ២០០.០០០ម៉ែត្រការ៉េ(ម្ភៃម៉ឺន) ម៉ែត្រការ៉េ របស់ឈ្មោះ ជា ស៊ីណា ។ – វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ 08071001-4680 ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ មានទំហំ ១០០.០០០ម៉ែត្រការ៉េ (ដប់ម៉ឺន)ម៉ែត្រការ៉េ របស់ឈ្មោះ ហៀ ហុីន។ ៣-ស្នើសុំបន្តនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនរូបគាត់ ផ្អែកតាមបង្កាន់ដៃទទួលប័ណ្ណ មានក្បាលដីលេខ ៖ ៣០៤០, ២៨០៤, ៣០៣០, ៣០២៩, ៣០៣១ និងក្បាលដីលេខៈ២២៥១។ ពាក់ព័ន្ធករណី លោកស្រី មាន សិទ្ធី ប្រធានភូមិបាលស្រុកមុខកំពូល នៅរសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ ចំពោះសំណួរសួរថា ៖ «ក្នុងកំឡុងពេលមានបណ្ដឹងជំទាស់តវ៉ា និងទប់ស្កាត់ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៃតំបន់ដី មានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល » លោកស្រីបានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»តាមទូរស័ព្ទថា ៖ រឿងហ្នឹងខ្ញុំមិនហ៊ានឆ្លើយ ឬបកស្រាយអ្វីទេ សំខាន់សូមសួរទៅខាងមន្ទីរវិញ ខ្ញុំអត់មានសិទ្ធឆ្លើយទេ ..! សូមអរគុណហើយ …! ។
ដោយឡែក លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដី ខេត្តកណ្តាល បានបញ្ជាក់ថា ៖ ខ្ញុំមិនចង់និយាយទេ សូមមេត្តាអញ្ជើញ មកមន្ទីរខ្ញុំចាំទទួលចាប់ពី២រសៀលរហូត …លោកថា, យកល្អមកនិយាយគ្នានៅមន្ទីរ ..! ។ បើទោះជាជំនាញមិនព្រមបកស្រាយឆ្លើយបំភ្លឺក៏ដោយ ប៉ុន្តែមានឯកសារមិនប្រក្រតីកំពុងបែកធ្លាយបណ្តើរៗហើយ ចំពោះ អវត្តមាន អ្នកវាស់វែង អង្កេត វិនិច្ឆ័យ ក៏ដូចជាសំឡេងដែលករណីចេញប្លង់នោះធ្វើតាមបញ្ជា(…..?) ។ នេះជាបញ្ជាក់ពីលោក ប៊ុន កែវឡេង ។ ក្នុងនោះសូម្បីតែលោកស្រី មាន សិទ្ធី ប្រធានភូមិបាលស្រុកមុខកំពូល ក៏ធ្លាប់ប្រាប់មកឈ្មោះ ប៊ុន កែវឡុង ថា ៖ «មិនយល់ទេ គួរឱ្យខ្លាច» មានន័យថា, ពាក្យនេះអាចលោកស្រីរងសម្ពាធ ឬថ្នាក់លើបញ្ជាអោយធ្វើ ទើបធ្វើរបាយការណ៍ នៃការបិទផ្សាយជាសាធារណះនូវឯកសារ នៃការវិនិច្ឆ័យ ជូនទៅមន្ទីរបញ្ជាក់យ៉ាងច្បាស់ថា ដីហ្នឹងមានបណ្តឹងតវ៉ា ទីបំផុត នៅតែមន្ទីរចេញប្លង់ឱ្យ …. ?
ពាក់ព័ន្ធរឿងនេះ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ មិនអាចទាក់ទងសុំការបំភ្លឺ បានឡើយ នៅរសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ ចំពោះគាត់លក់ដី៨០ហិកតា ទៅឱ្យឈ្មោះ ជា សុីណា ចេញប្លង់មកជាន់លើដី ឈ្មោះ ប៊ុន កែវឡុង ជាង២០ហិកតា ។ ដោយឡែកតាមប្រព័ន្ធTelegram លោកបានចូលមើល ប៉ុន្តែលោកមិនធ្វើបកស្រាយបញ្ជាក់។
ចំពោះលោក សេង ឡូត អ្នកពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មិនអាចសុំការបំភ្លឺបានជុំវិញត្រង់ថា ៖ តើក្នុងកំឡុងពេលមានបណ្ដឹងជំទាស់តវ៉ា និងទប់ស្កាត់ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៃតំបន់ដី មានទីតាំងមានភាពមិនប្រក្រតី តើអាចចេញប្លង់បានឬទេ បើមានប្តឹងជំទាស់ដល់ទៅ២លើក ហើយគ្មានការដោះស្រាយនោះ ? ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
សូមបញ្ជាក់ថា ៖ ជនរងគ្រោះ ឈ្មោះ កែវ ប៊ុនឡុង និងប្រជាពលរដ្ឋ ១១ គ្រួសារ ប្តឹងលោកស្រី មាន សុទ្ធី ប្រធានភូមិបាលស្រុកមុខកំពូល និងលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ដែលរឿងនេះវាំងននខ្មៅនឹងបើក ទើបយុត្តិធម៌ មានចំពោះអ្នកកាន់កាប់ដីពិតប្រាកដ។ ចំពោះ លោក យី យ៉េន អភិបាលស្រុកមុខកំពូល នៅរសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ មិនអាចទាក់ទងសុំការបំភ្លឺបាន ។
សូមរម្លឹកថា ៖ រឿងនេះបើខាង ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្រាវជ្រាវអាចរកឃើញពាក់ព័ន្ធនឹងអំពើពុករលួយដូចសម្លកំពឹស ខណះលោកស្រី ជា សុីណា បានត្រឹមកកាន់ប្លង់ដែលលោក ភឺន ផល្លា ធ្វើអោយ តែអត់មានដី ហើយឈ្មោះ ប៊ុន កែវឡុង និងប្រជាពលរដ្ឋ ១១គ្រួសារ កាន់កាប់ដី និងស្នាក់នៅប្រកបអាជីវកម្ម កសិកម្ម ជាក់ស្តែង រងចាំតែទទួលប្លង់រឹងប៉ុណ្ណោះតាមនីតិវិធី ។
ក្នុងរាជរដ្ឋាភិបាលអាណត្តិនីតិកាលទី៧ ឃើញថា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សាយ សំអាល់ ខិតខំយកចិត្តទុកដាក់ចេញបណ្ណកម្មសិទ្ធ ដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ មានភាពទទួលខុសត្រូវខ្ពស់ ។ ដោយឡែកអ្នកពាក្យក្រសួង លោក សេង ឡូត ហាក់ព្រងើយកន្តើយឆ្លើយតបអ្នកសារព័ត៌មាន ទូរស័ព្ទចូលមិនលើក តាមប្រព័ន្ធ Telegram បើកមើលមិនឆ្លើយ នេះការផ្ទុយពី គោលការរបស់ថ្នាក់ដឹកនាំ ដែលខ្វះការពន្យល់បកស្រាយជូនសារព័ត៌មាន ដើម្បីឱ្យមានការបញ្ជាក់ពីជំនាញនោះ ។ ម្យ៉ាងទៀត អាចធ្វើអោយប៉ះពាល់ដល់កំណែទម្រង់កម្មវិធីនយោបាយ នៅក្នុងអាណាត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអនុវត្តកំណែទម្រង់កម្មវិធីនយោបាយ ប្រព័ន្ធយុត្តិធម៌ គោលនយោបាយដីធ្លី និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនក្នុងគោល ដៅបំរើប្រជាពលរដ្ឋ និងប្រទេសជាតិក្រោមម្លប់សន្តិភាព ដោយមិនទុកអោយប្រជាជនណាម្នាក់ជួបទុក្ខលំបាក ដែលរាជរដ្ឋាភិបាលមិនបានជួយដោះស្រាយនោះឡើយ។
បច្ចុប្បន្នជនរងគ្រោះ ដោយសារលោក ភឺន ផល្លា លក់ដីអោយ ឈ្មោះ ជា សុីណា រត់ប្លង់ក្នុងអំពើពុករលួយជាប្រព័ន្ធ មកជាន់លើដីរបស់ខ្លួន ក៏គោរពស្នើដល់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សាយ សំអាល់ ក៏ដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយផ្តល់យុត្តិធម៌ដល់រូបគាត់ផង ក្នុងសម័យ វះ កាត់នេះ ប្រជាពលរដ្ឋគាំទ្រ ខ្លាំងណាស់លើចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថ្នាក់ដឹកនាំតាមស្ថាប័ន ក្រសួង ដែលផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយតម្លាភាព ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”