ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាវេលាយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ប្រកបដោយជោគជ័យគួរជាទីមោទនៈ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ទស្សនកិច្ចនេះ បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណី ដោយភាគី ទាំងពីរបានសម្រេចដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ ស្របតាមស្មារតីនៃ ការពង្រឹង ភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បាន ទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅអាកាសយានដ្ឋានជនមឿង មុននឹងទទួលការស្វាគមន៍ផ្លូវការ ដោយផ្ទាល់ពី លោក សេដ្ឋា ថាវីស៊ីន និងលោកជំទាវ នៅវិមានរដ្ឋាភិបាលថៃ។ នាយករដ្ឋមន្ត្រីថៃគឺជា ប្រមុខរដ្ឋាភិបាលដំបូងគេដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីការចូលកាន់មុខតំណែង នាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី។ ជាមួយគ្នានេះ សម្តេចធិបតី ក៏ជាភ្ញៀវដំបូងរបស់នាយករដ្ឋមន្ត្រីថៃផង ដែរ។ បន្ទាប់ពីចុះហត្ថលេខាលើសៀវភៅក្រាំងមាស ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានប្រព្រឹត្តទៅក្នុង បរិយាកាសមិត្តភាពនិងស្និទ្ធស្នាលបំផុត ដោយក្នុងឱកាសនោះ ភាគីទាំងពីរ បានបង្ហាញការពលទ្ធចិត្តនិងវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្តូរយោបល់គរយទស៊ីជម្រៅ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិសន្តិសុខពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងសន្តិសុខថាមពល។ អ្វីដែលជាការកត់សម្គាល់បំផុតគឺ នាយករដ្ឋមន្ត្រី ទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី ភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ទៅជា ភាពជាដៃ គូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សា អំពីកិច្ចការតំបន់និងអន្តរជាតិ ដោយបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអនឡាញ ការចរាចរ គ្រឿងញៀនខុសច្បាប់ និងអំពើជួញដូរមនុស្ស។ ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពបង្កើតស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប។ ភាគីថៃ ក៏បានឯកភាពផ្តល់ការសម្របសម្រួល ដល់ដំណើរចេញចូលរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមសំណើ សម្តេចធិបតី។ ជាមួយ គ្នានោះដែរ នាយករដ្ឋមន្រ្តីទាំងពីរ បានបញ្ជាក់ជំហរជាឱឡារិក មិនអនុញ្ញាតឱ្យបុគ្គលឬក្រុមណាមួយប្រើប្រាស់ទឹកដី របស់ខ្លួនប្រឆាំងនឹងប្រទេសមួយទៀតជាដាច់ខាត។

ក្រោយកិច្ចប្រជុំទ្វេភាគី ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារ ចំនួន៥ ពាក់ព័ន្ធនឹងវិស័យជាអាទិ៍ ការកាត់បន្ថយគ្រោះមហន្តរាយនិងគ្រោះអាសន្ន វិស័យសិក្សាធិការ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការដឹកទំនិញឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្ម។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនោះដែរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចូលក្រាប ថ្វាយបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះប៉ាជីរ៉ាក់ក្តៅ ចៅយូហូរ និងព្រះមហាក្សត្រី នៅព្រះបរមរាជវាំងផងដែរ។

ក្រៅពីនេះ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោកសាស្ត្រាចារ្យ ផន ភេត វិឈិតចូលលៃ ប្រធានព្រឹទ្ធសភា និង លោក វ៉ាន់មូហាម៉ាត់លា បះថា ប្រធានរដ្ឋសភា ថៃ។ ក្នុងជំនួបដាច់ដោយឡែកនោះ ប្រធានសភាទាំងពីរ បានស្វាគមន៍និងចូលរួមអបអរសាទរ សម្តេចធិបតី ដែលត្រូវ បានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបង្ហាញជំនឿចិត្តខ្ពស់ថា ក្រោមការដឹកនាំ របស់ សម្តេចធិបតី កម្ពុជានឹងកាន់តែមានការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ហើយទំនាក់ទំនងកម្ពុជា-ថៃ នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ សម្តេចធិបតី បានជម្រាបជូនប្រធានសភាថៃទាំងពីរថ្នាក់ អំពី លទ្ធផលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឈានទៅឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី ភាពជាដៃគូ ដើម្បីសន្តិភាពនិងវិបុលភាព ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ និងឯកសារសហប្រតិបត្តិការទ្វេភាគី។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញចូលរួម ជាអធិបតីក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីក្រុមហាជន កម្ពុជា-ថៃ ប្រមាណ៣០០នាក់ មកពីក្រុមហ៊ុនជាង១៦០។ វេទិកាធុរកិច្ចនេះបានផ្ដល់នូវតែមានុវត្តតែ វិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តកម្ពុជា ថៃឱ្យបានកាន់តែរឹងមាំ បន្ថែមទៀត។ ក្នុងសុន្ទរកថានាឱកាសនោះ សម្តេចធិបតី បានរម្លឹកអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃក្នុង វិស័យសំខាន់ៗជាអាទិ៍ វិស័យទេសចរណ៍ សេដ្ឋកិច្ច-ឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មជាដើម។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីបរិយាកាសដ៏ល្អប្រសើររបស់កម្ពុជាសម្រាប់ការវិនិយោគដូចជា កត្តាសុខ សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ភាពអំណោយផលនៃច្បាប់នឹងគោលនយោបាយដែលផ្តល់ ការអនុគ្រោះនិងលើកទឹកចិត្តខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រការដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងបណ្តាប្រទេសធំៗក្នុងតំបន់និងពិភពលោក។ ភាគីទាំងពីរ បាន ឯកភាពបង្កើតក្រុមការងារចម្រុះដើម្បីសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលបំណង ផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មរវាងប្រទេសទាំងពីរ តាមសំណើរបស់ សម្តេចធិបតី។

ដោយឡែក នាឱកាសរួមដំណើរ សម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនោះដែរ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ថៃ ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់បំផុតពីសំណាក់លោលស្រីភរិយានាយករដ្ឋមន្ត្រីថៃ។

ជារួម ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ដែលជាទស្សនកិច្ចក្រៅប្រទេសលើកទី១០ របស់ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត គឺជាជោគជ័យថ្មីមួយទៀតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការទូតនឹង ពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែស៊ីជម្រៅជាងមុន។ ជាក់ស្តែង ការដំឡើងកម្រិតនៃទំនាក់ទំនង ទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ គឺជាលទ្ធផលផ្លែផ្កាដ៏ធំធេងក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ដែលនឹង ផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនបន្ថែមទៀតដល់ប្រទេសទាំងពីរ និយាយដោយឡែក និងជារួម ដើម្បីផ្តល់ការចូលរួមចំណែកពង្រឹងភាពសុខដុមរមនាក្នុងតំបន់អាស៊ានទាំងមូល ៕

ដោយ ៖ សិលា 


ចែករំលែក៖