ភ្នំពេញ ៖ គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។
១) រោគសញ្ញា៖
រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ
– សភាពអ្នកជំងឺឡេះឡះ
– ពិបាកទ្រាំ
– ខ្សោយកម្លាំង
– ចុកពោះលើថ្ងាស់
– ពិបាកនោម
– នោមក្រហល់ក្រហាយ
– ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ
– ជួនក្ដៅខ្លួន ទឹកនោមល្អក់
– ស្ទះនោមជិតឈឹង
– មានទឹកនោមប៉ោងលើថ្ងាស់
– បើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។
២) ការធ្វើរោគវិនិច្ឆ័យ៖
តើយើងអាចដឹងថាគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធីណា ?
– ពិនិត្យអេកូសាស្ដ្រ
– ថតកាំរស្មីអ៊ិច
៣) វិធីព្យាបាល៖
ដំណោះស្រាយនៃការព្យាបាលរួមមានៈ
ក. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើៈ
– យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម (Pression Hydrostatique) រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។
បញ្ជាក់៖ ជៀសវាងការវះកាត់បង្ហួរនោមយកគ្រួសចេញ ដែលជាហេតុធ្វើឱ្យបង្ហួរនោមរួមតូច។
ខ. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral):
– យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។
៤) ផលវិបាក៖
បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជាៈ
– ការបង្ករោគធ្ងន់ធ្ងរតាមប្លោកនោម បង្ហួរនោម
– រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ
– បង្ហួរនោមរួមតូច
– បង្ហួរនោមស្ទះជិតឈឹង
៥) ដំបូន្មានក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម៖
សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវ ដែលបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើ សូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិ បំបែកគ្រាប់គ្រួសតាមរយៈម៉ាស៊ីនឡាហ្សែរ LASER។
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital៕
ដោយ ៖ សិលា