ព័ត៌មានទាន់ហេតុការណ៍៖

សារាចរ ស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈរបាយការណ៍ស្តីពីការអនុវត្តច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រាជរដ្ឋាភិបាលសង្កេតឃើញថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅ តាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាលនិងឧស្សាហកម្មទេសចរណ៍ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។ មូលហេតុចម្បងៗនៃគ្រោះអគ្គិភ័យមានជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការ ចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនីនិងសម្ភារៈដំណើរការដោយចរន្តអគ្គិសនីផ្សេងៗ។

ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពីការឡើងកម្ដៅអាកាសធាតុ រហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំអំពី ចំណាត់ការនិងវិធានការ ដូចខាងក្រោម៖

១-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់ និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អំពីវិធានការបង្ការអគ្គិភ័យ និងវិធានការ សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងលិខិតបទដ្ឋានអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

២-ក្រសួងមហាផ្ទៃ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយក្រសួង ស្ថាប័ន មន្ទីរ និង អង្គភាពពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលការណ៍ វិធានការត្រួតពិនិត្យឧបករណ៍ សម្ភារៈ បរិក្ខារបង្ការនិងពន្លត់ អគ្គិភ័យ ចេញសេចក្តីបញ្ជាក់អំពីគុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធបង្ការពន្លត់អគ្គិភ័យ និងការហ្វឹកហាត់អំពីជំនាញ បង្ការនិងការពន្លត់អគ្គិភ័យ ដល់ក្រុមបង្ការនិងពន្លត់អគ្គិភ័យ ជាកាតព្វកិច្ចនិងស្ម័គ្រចិត្ត និងផ្តល់វិញ្ញាបនបត្របញ្ជាក់។

៣-ក្រសួងទេសចរណ៏ ត្រូវបន្តណែនាំដល់ប្រតិបត្តិករទេសចរណ៏ទាំងអស់ អំពីកាតព្វកិច្ចស្តីពីសុវត្ថិភាព អគ្គិភ័យ ដើម្បីធានាបានសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរ ដូចមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍ និងច្បាប់ ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យបច្ចេកទេស សំណង់ អនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពអគ្គិភ័យ ដូចមានកំណត់ក្នុងបទប្បញ្ញត្តិបច្ចេកទេសសំណង់ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងការបង្ការនិងការពន្លត់អគ្គិភ័យ និងរៀបចំចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ ដែល តម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពអគ្គិភ័យ ដោយអនុលោមតាមច្បាប់ស្តីពីសំណង់ និងច្បាប់ ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

៥-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបង្កើនការផ្សព្វផ្សាយនិងត្រួតពិនិត្យ រោងចក្រនិងសិប្បកម្ម ដោយត្រូវធានាថា គ្រប់រោងចក្រនិងសិប្បកម្មទាំងនោះ មានប្រព័ន្ធបង្ការអគ្គិភ័យ ដូចមាន ចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម និងច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

៦-រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការពង្រឹងការអនុវត្តវិធានការបង្ការនិង សុវត្ថិភាពអគ្គិភ័យប្រកបដោយប្រសិទ្ធភាព ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ និងនិយោជកនៃសហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចាត់តាំងរៀបចំថ្ងៃប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។

៧-និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននីមួយៗ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនិង វិធានការសុវត្ថិភាពអគ្គិភ័យ និងទទួលខុសត្រូវរាល់ទង្វើនិងការធ្វេសប្រហែសនានា ដែលបង្កឱ្យមានគ្រោះថ្នាក់ អគ្គិភ័យកើតឡើងនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

៨-កម្មករនិយោជិត ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពអគ្គិភ័យ ដែលសហគ្រាស គ្រឹះស្ថានបានកំណត់និងដាក់ចេញ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ កម្មករនិយោជិតត្រូវ ទទួលខុសត្រូវចំពោះការអនុវត្តបំពានលើវិធានការណាមួយ ដែលបង្កឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។

៩-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំក្រុមការងារសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងទេសចរណ៍ រៀបចំយុទ្ធនាការអប់រំនិងផ្សព្វផ្សាយសារាចរនេះនៅទូទាំងប្រទេស ដើម្បីជំរុញនិងលើក កម្ពស់ការយល់ដឹងរបស់និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតក្នុងវិស័យ កម្មន្តសាលនិងឧស្សាហកម្មទេសចរណ៍ អំពីវិធានការបង្ការនិងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថានទូទាំង ព្រះរាជាណាចក្រកម្ពុជា។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយនិងអនុវត្ត ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖