ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ មានគោលដៅសំខាន់ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ៖ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ មានគោលដៅសំខាន់ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ លោកក៏បានបង្ហាញអំពីលទ្ធផល៦ចំណុច នៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរផងដែរ ដោយក្នុងនោះរួមមាន៖

១៖ វិស័យថាមពលភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិ​បត្តិ​ការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤ គោលដៅ គឺបន្ត​ធានា​​ការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។

២៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើក​ទី១៥​ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការJCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈ​កម្ម​ការ​​ពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមា​ហរណ​កម្មសេដ្ឋ​កិច្ច​​តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំនិញ​ផ្លូវគោក និង​ទេស​ចរណ៍។

៣៖ ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះ​ហើរ​ត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សា​លើ​គម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។

៤៖ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​តាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការ​យោធាដែល​មានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និង​គ្រឿងញៀន។

៥៖ កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថ​លេខា​លើ​កំណត់​ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជា​រំពឹង​ថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាម​ការ​ឯក​ភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍​អន្តរ​ជាតិដែល​មានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។

កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖