ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានជ្រើសរើសមន្ត្រីតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ស្របតាមពាក្យស្លោក «អ្នកចេះ គឺជាប់»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថាក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានជ្រើសរើសមន្ត្រីតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមពាក្យស្លោក «អ្នកចេះ គឺជាប់» ព្រមទាំងបានពិនិត្យឡើងវិញនិងមានការ វិភាគមុខងារវិស័យអប់រំនិងប្រតិបត្តិការរដ្ឋបាលសាធារណៈ។

សម្តេចធិបតីបញ្ជាក់ថា ៖ ក្នុងឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ១៦៥ ១៣៨នាក់ ស្មើនឹង៩៤,៥៤% និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩% (បេក្ខជនជាប់និទ្ទេសA មានចំនួន១ ៦៧៣នាក់)។ ចំពោះកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងគោលដៅយុវជនចំនួន ១,៥លាននាក់ កំពុងដំណើរការដោយរលូន ជាក់ស្តែង គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៤ មានយុវជនប្រមាណ ជិត២៨ពាន់នាក់ បានចុះឈ្មោះចូលរៀន ហើយទទួលបានថវិកាឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុង១ខែ។

ក្នុងការកែទម្រង់វិស័យអប់រំ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយអនុវត្តនីតិវិធីជ្រើសរើសសាលាគោលដៅចំនួន៥០ កម្រិតបឋមសិក្សា នៅតាមបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់ការអនុវត្តជំហានដំបូង ដែលផ្តោតលើវិន័យ សីលធម៌ ចរិយាធម៌ការងារស្ម័គ្រចិត្តសហគមន៍ ការចូលរួមពីសហគមន៍ សកម្មភាពសង្គម និងកីឡា។ ចំពោះការកែទម្រង់វិស័យសុខាភិបាល រាជរដ្ឋាភិបាលបាននិងកំពុងបន្តពង្រឹងសេវានៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុង វិស័យសុខាភិបាល និងដាក់ពង្រាយបុគ្គលិកសុខាភិបាល ដើម្បីធានាសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង១សប្តាហ៍។

សម្តេចធិបតីបន្តថា ៖ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគាំទ្រដល់ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រាជរដ្ឋាភិបាលបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការអនុវត្តយុទ្ធនាការ ហើយបានដាក់ចេញបទបញ្ជាលេខ០០១ ក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបញ្ចប់ការផ្តល់អាជ្ញាបណ្ណថ្មី និងបិទទីតាំងល្បែងផ្សងសំណាងតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលគ្មានអាជ្ញាបណ្ណ។

ក្នុងការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ រាជរដ្ឋាភិបាលបានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបានដាក់ចេញយុទ្ធនាការ២ គឺទី១ យុទ្ធនាការជំរុញ

 និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងបានរៀបចំឡើងវិញនូវគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ ចំពោះការកសាងច្បាប់ រាជរដ្ឋាភិបាលបានរៀបចំសេចក្តី ព្រាងច្បាប់ចំនួន៨ ដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិ ពិនិត្យនិងអនុម័ត ហើយត្រូវបានព្រះមហាក្សត្រឡាយ ព្រះហស្តលេខាប្រកាសឱ្យប្រើរួចផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖