ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន​ជប៉ុន។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ថា ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រ សើរថែមទៀតនោះ គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យ បានកាន់តែច្រើន និងប្រសើរថែមទៀត។

-សម្ដេចធិបតី ថ្លែង​ថា ការរៀបចំ ឬមិនរៀបចំអង្គរសង្ក្រាន្តគ្មានអ្វីសំខាន់ឡើយ អ្វីដែលសំខាន់គឺការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមខេត្តនានា ដែលអនុញ្ញាតឱ្យពលរដ្ឋតាមខេត្តមានលទ្ធភាពសប្បាយរីករាយ។

-សម្ដេចធិបតី ថ្លែងថា​ ការពង្រីកពេទ្យតំបន់ទី១ គឺធ្វើទំនើបកម្ម ដោយ បំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ, ទី២ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម។

-សម្ដេចធិបតី ប្រកាសចាត់ទុកមណ្ឌលផ្ដល់សេវាវះកាត់នៃមន្ទីរបង្អែកសៀមរាប ដែលសម្ពោធដាក់ឱ្យប្រើជាផ្លូវការនាព្រឹកនេះ ជាកាដូដែលជប៉ុនផ្ដល់ឱ្យកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេច ក៏បានអរគុណជប៉ុនតាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

-សម្ដេចធិបតី​ ថ្លែងអរគុណដៃគូកម្ពុជា ដែលជួយផ្ដល់ជំនួយដើម្បីស្ដារប្រទេសឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្គ្រាម។

-សម្ដេចធិបតី​ ថ្លែងទៅកាន់ក្រុមគ្រូពេទ្យថា ការព្យាបាលមនុស្សម្នាក់ឱ្យជាសះស្បើយ ជាការផ្ដល់ដល់សុភមង្គលដល់មនុស្សមួយក្រុមគ្រួសារ។ សម្ដេចធិបតី បញ្ជាឱ្យគ្រូពេទ្យ ត្រូវធានាថា គ្មានអ្នកជម្ងឺណាម្នាក់ត្រូវបានទុកចោលដោយការមិនមានប្រាក់ព្យាបាល។

-សម្ដេចធិបតី ថ្លែងណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដោយធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានរើស អើងដោយសារកត្តាណាមួយនោះឡើយ ។

-សម្ដេចធិបតី រំពឹងថា គ្រប់មន្ទីរពេទ្យនានានឹងមានគ្រូពេទ្យ និងបរិក្ខាគ្រប់គ្រាន់ បើកទ្វារជាប់ជានិច្ច ដើម្បីផ្ដល់សេវាពលរដ្ឋគ្រប់វិនាទី។

-សម្ដេចមហាបវរធិបតី​ ថ្លែងអះអាង​ថា កម្រិតសមត្ថភាពគ្រូពេទ្យ និងមន្ទីរពេទ្យមានកម្រិតខ្លាំង ក៏ជាផ្នែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរផង។

-សម្ដេចធិបតី បញ្ជាឱ្យក្រសួងសុខាភិបាលត្រូវបង្កើនការបណ្ដុះបណ្ដាលគ្រូពេទ្យ ដើម្បីបំពេញបន្ថែមតម្រូវការគ្រូពេទ្យ ក្រោយពេលសាងសង់មន្ទីរពេទ្យទំនើបនៅតាមខេត្តរួចរាល់ ជៀសវាងសាងសង់មន្ទីរពេទ្យរួចរាល់បែជាជួបបញ្ហាកង្វះក្រុមគ្រូពេទ្យ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ថា ការមានមន្ទីរពេទ្យ និងគ្រូពេទ្យដែលមានសមត្ថភាពព្យាបាលខ្ពស់ គឺជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ។

-សម្ដេចធិបតី ថ្លែងថា ពេទ្យតំបន់ប្រសើរ នឹងជួយសម្រាលបន្ទុកមន្ទីរ ពេទ្យនៅភ្នំពេញ។

-សម្ដេចធិបតី ថ្លែងថា ការពង្រឹងសមត្ថភាពពេទ្យនៅខេត្តសៀមរាប មិនមែនត្រឹមតែសម្រាប់ពលរដ្ឋនៅសៀមរាប និងខេត្តជិតខាងប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់ទេសចរ ដែលមកកម្សាន្តទស្សនានៅសៀមរាបផងដែរ។

-សម្ដេចធិបតី ថ្លែងថា ការត្រៀមនូវការផ្ដល់សេវាសុខាភិបាលកម្រិតខ្ពស់ជាតម្រូវការចាំបាច់ សម្រាប់រយៈពេលតទៅមុខទៀត ខណៈដែលចំនួនប្រជាពលរដ្ឋកាន់តែមានកំណើន ។

-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធ សាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែងតាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌលសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។ មណ្ឌលសុខភាពក៏ នឹងបំពាក់ឱ្យមានរថយន្តពេទ្យ ដើម្បីដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ឬ មន្ទីរពេទ្យកម្រិតលើមន្ទីរ ពេទ្យបង្អែកផងដែរ។

សូមជម្រាបថា​ នាឱកាសនោះដែរ​ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានថ្លែងដែរថា​ ទោះបីជាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គា ល់ក្ដី ក៏ជប៉ុននៅតែបន្តជួយដល់វិស័យសុខាភិបាលនៅកម្ពុជាជាបន្តទៀតជាដដែល ដើម្បីពង្រឹងវិស័យ សុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

-លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ ថ្លែង​ថា​ អក្សរជប៉ុនដែលសរសេរនៅលើសសរនៃប្រាសាទអង្គរវត្ត របស់ក្រុមសាមូរ៉ៃ នៅក្នុងពេលបច្ចុប្បន្នត្រូវចាត់ទុកជាទង្វើខុសច្បាប់ ប៉ុន្តែអក្សរជប៉ុនដែលបានសរ សេរតាំងពីអំឡុងជាង ៤០០ ឆ្នាំមុនកន្លងមកនេះ បញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និង ជប៉ុន។ បច្ចុប្បន្នប្រជាជនជប៉ុនមកទស្សនាកម្សាន្តខេត្តសៀមរាប និងស្គាល់អង្គរវត្តច្រើនជាងគេ។

-លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានបញ្ជាក់ថា​ គម្រោងជួយលើកម្មវិធីជំងឺមិនឆ្លង(ទឹកនោមផ្អែម, ដាច់សរ សៃឈាមខួរក្បាល, មហារីក, តម្រងនោម, ពុកឆ្អឹង,… ) របស់ជប៉ុនដល់កម្ពុជា បានចាប់អនុវត្តនៅក្នុង ឆ្នាំ២០២៤ នេះ។

-លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ កម្ពុជាទើបបញ្ចប់កិច្ចពិធីចូលឆ្នាំថ្មី ឆ្នាំរោងដែលចូលមក ដល់នឹងនាំមកនូវការរីកចម្រើនខ្លាំងឡើងថែមទៀតដល់កម្ពុជា។ ខ្ញុំ(ឯកអគ្គរាជទូតជប៉ុន)កើតក្នុងឆ្នាំ រោង ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីចំណងមិត្តភាពកម្ពុជា-ជប៉ុន កាន់តែប្រសើរ។ 

គួរបញ្ជាក់ថា​ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាល​ដ៏​សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណា​និគម​របស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល​ជិត៤ឆ្នាំ។

មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាល​ត្រូវ​​បានខូច​ខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយ​សម្តេច​​តេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការ​មនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា​ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមានគុណភាពខ្ពស់៕

ដោយ​៖ ស​ តារា​


ចែករំលែក៖