ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានថ្លែងថា  រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម, ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើ “ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា “ ក្រោមកិច្ចសហការរួមគ្នារវាង ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុន CAMBREW សមាគម WSBIDA សមាគម APISWA, ។

   ពិធីចុះហត្ថលេខានេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

    លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះហត្ថលេខានាឱកាសនេះ គឺជាការបង្កើតបាននូវកាលានុវត្តភាពថ្មីមួយក្នុងបរិបទការរីកលូតលាស់យ៉ាងឆាប់រហ័សសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹង និងកិច្ចប្រតិបត្តិការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

បទប្បញ្ញត្តិនៃក្រមប្រត្តិបត្តិនេះ ថ្មីត្បិតតែមិនមានលក្ខណៈចាប់បង្ខំ និងចងកាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែជាបទប្បញ្ញត្តិខាងផ្នែកសីលធម៌ ដែលមានដាក់ចេញនូវគោលការណ៍អនុវត្តល្អបំផុតមួយ សម្រាប់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភាគីពាក់ព័ន្ធទាំងអស់អាចយក ទៅអនុវត្តនៅក្នុងកិច្ចការធុរកិច្ចរបស់ខ្លួនប្រកបដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះសង្គម ដូចជាគោលការណ៍៖  លើកកម្ពស់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ការទិញផលិតផលគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ មិនត្រូវផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង  ដោយការជំរុញ ឬញុះញង់ឱ្យទទួលគ្រឿងស្រវឹងច្រើនលើសលប់ ឬការប្រើប្រាស់គ្រឿងស្រវឹងមិនសមស្របណាមួយដែលអាចបង្កហានិភ័យដល់សង្គម។ 

   ក្រមប្រតិបត្តិនេះ ស្របនឹងបរិបទនៃការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអន្តរជាតិ រួមមាន សម្ព័ន្ធអន្តរជាតិដើម្បីការទទួលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដែលស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការការពារអនីតិជន សេចក្តីថ្លៃថ្នូររបស់ស្ត្រី សិទ្ធិបុគ្គលឯកជន វប្បធម៌ សីលធម៌ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃការពង្រឹងការធ្វើធុរកិច្ចរបស់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ជំរុញ និងគាំទ្រដល់ការប្រកួតប្រជែងដោយ ស្មើភាពក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា។

   រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម កុំឱ្យជ្រុលហួសហេតុ និងថ្លឹងថ្លែងអំពីការធានានិរន្តរភាព នៃដំណើរការលូតលាស់សេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋ និងធានាចំណូលសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលកំពុងប្រឈមទៅនឹងស្ថានភាពបិទទ្វារជាបណ្តើរៗ ដោយសារការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ទំនើប និងវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ។

  ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ចេញនូវយន្តការ នីតិវិធី បទដ្ឋានគតិយុត្ត និងការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលមានក្រសួងព័ត៌មានជាប្រធាន និងមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ហើយក្រុមការងារ មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស លើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត ។ រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាព។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានអញ្ចើញម្ចាស់ក្រុមហ៊ុនទូរទស្សន៍ចំនួន១៦ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មចំនួន៧ ដែលកំពុងប្រតិបត្តិការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា មកប្រជុំពិភាក្សា និងធ្វើការណែនាំដោយបានដាក់ចេញនូវគោលការណ៍ ៤ចំណុចសំខាន់ៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មត្រូវអនុវត្ត៖

ទី១ .ហាមអនុញ្ញាតឱ្យមនុស្សឡើងលើឆាកប្រកួត ឬឆាកសម្តែងនានាទទួល ទានគ្រឿងស្រវឹង ។

ទី២. ហាមពិធីករ ពិធីការិនី និងសិល្បៈករ សិល្បៈការិនី ឬជនដែលមានឥទ្ធិពលនៅក្នុង បណ្តាញទំនាក់ទំនងសង្គមគាស់ក្រវឹលកំប៉ុង និងជំរុញឱ្យគេទទួលទានគ្រឿងស្រវឹង ។

ទី៣. រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវតែដាក់សារព្រមាន “ទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ” ឬ “ ទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ”។

ទី៤.  តម្រូវឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយសារអប់រំឱ្យបានញឹកញាប់អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ព្រមទាំងអនុវត្តតាមបទបញ្ជា សារាចរណែនាំស្តីពីការផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ដែលមានដាក់ចេញនាពេលកន្លងមក។

  ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនផលិតគ្រឿងស្រវឹង ក្រុមហ៊ុននាំចូល ចែកចាយ និងក្រុមហ៊ុនផ្សព្វផ្សាយគ្រឿងស្រវឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការ ទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា  និងវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាបានផលប្រយោជន៍រួម ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា និងធានាប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ ដែលជាកម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរីកចម្រើនថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាង ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាតំណាង លោកស្រី ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលកំពុងធ្វើធុរៈកិច្ចក្នុងវិស័យគ្រឿងស្រវឹង ក្នុងការធានាការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ទាំងផ្នែកសុខភាព និងផ្នែកសេដ្ឋកិច្ច ដែលកិច្ចការងារនេះកំពុងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ។ ការបង្កើតក្រមប្រតិបត្តិនេះឡើង បានបញ្ជាក់អោយឃើញអំពី ទំនោលខុសត្រូវ និងការចូលរួមគាំពារសង្គមដោយមិនគិតតែផលចំណេញរបស់ក្រុមហ៊ុនប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានចូលរួមយកចិត្តទុកដាក់រួមចំណែកកាត់បន្ថយបន្ទុកចំណាយសង្គមកើតចេញពីការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុទៀតផង ។ 

   នៅក្នុងឱកាសនៃអង្គពិធី ថ្នាក់ដឹកនាំតំណាងអោយ ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុន CAMBREW សមាគម WSBIDA សមាគម APISWA បានបញ្ជាក់ពីជំហរគាំទ្រ និងត្រៀមអនុវត្តន៍ក្រមប្រតិបត្តិ ស្តីពីការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ។

  បណ្តាក្រុមហ៊ុនដែលជាហត្ថលេខីនៃក្រមប្រតិបត្តិនេះ បានរួមគ្នាជាក្រុមមួយក្នុងនាមជាឧស្សាហកម្ម គ្រឿងស្រវឹងក្នុងស្រុក បានប្តេជ្ញាចិត្តក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវខ្ពស់។ 

   ក្រមប្រតិបត្តិនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងបង្កើតជា ស្តង់ដារួមមួយសម្រាប់អនុវត្ត។ ក្រមប្រតិបត្តិនេះ មិនមានលក្ខណៈចាប់បង្ខំ និងចងកាតព្វកិច្ចផ្លូវច្បាប់ តែជាគោលការណ៍អនុវត្តល្អបំផុតមួយសម្រាប់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភាគីពាក់ព័ន្ធទាំងអស់ អាចយកទៅអនុវត្តក្នុងធុរកិច្ច។ ជាជំហានបន្ទាប់ ក្រុមហ៊ុនដែលជាហត្ថលេខីនៃក្រមប្រតិបត្តិនេះ លើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាជំរុញ និងលើកកម្ពស់ការ ទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាដោះស្រាយការផ្តល់រង្វាន់ជ្រុលហួសហេតុ ដែល អាចនាំឱ្យមានការ ទទួលទាន ឬទិញផលិតផលគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖