ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលបុព្វសិទ្ធិ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

ចែករំលែក៖

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥ លានដុល្លារអាម៉េរិក, នាព្រឹក ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងនោះ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និង កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១ មានដូចខាងក្រោម÷

(១) កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦ លានយ៉េនជប៉ុន ត្រូវ ជាប្រមាណ ២,៥ លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាង ប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។ តាមរយៈ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ ក្រោមកម្មវិធី JDS មន្ត្រីរាជការសរុបចំនួន ២៦ រូប នឹងទទួល បានឱកាសទៅសិក្សានៅប្រទេសជប៉ុន ដែលក្នុងនោះ ២៤ រូប នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិត និង ២ រូប ទៀត សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ ក្នុងក្របខណ្ឌកម្មវិធី JDS គិតចាប់ពីឆ្នាំ ២០០០ មក មន្ត្រីរាជការប្រមាណ ៥៣០រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

(២) កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ឥណទានដំណាក់កាលទី ៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់តម្រោង ដើម្បីឈាន ទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។

កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦,០៤ គ.ម ក្នុងនោះ ពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩២១ គ.ម ជាផ្លូវ ៤ គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ ១១,៦៩ គ.ម និង កំណាត់ផ្លូវពីក្រុងសិរី សោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥,១៤ គ.ម។

ជារួម គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម – ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌ ឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គ.ម ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ ម ដោយ ក្រាលកៅស៊ូ A/C កម្រាស់ ១៥ ស.ម និងមានសួនច្បារកណ្តាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងបាន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពី ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំង ការដាក់ ចេញនូវគំនិតផ្តួចផ្តើមថ្មីៗទៅភាតិមិត្ត ក្នុងការផ្តល់ការសិក្សា និងលើកបេក្ខភាពគម្រោងអាទិភាពបន្ថែមទៀត ដែលមានភាពប្រទាក់ក្រឡាជាមួយគម្រោងអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្តទៀត។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគាំទ្រដល់ការពង្រឹងបន្ថែមទៀតនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖