ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តស្តង់ដារសាលាគម្រូនេះរួច ត្រូវយកបទពិសោធន៍ទាំងអស់ទៅចែករំលែកគ្នាដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការសប្បាយចិត្តនៅពេលដឹងថា នាយកសាលាផ្សេងៗ មានការចង់យល់ដឹង ពីកម្មវិធីថ្មីនេះតាមរយៈការសាកសួរពីសាលាដទៃដែលបានអនុវត្តកម្មវិធីនេះជោគជ័យរួចហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ក៏ដូចជានាយកសាលាផ្សេងៗទៀត ពិសេសការិយាល័យអប់រំទាំងអស់ យករូបមន្តថ្មីនេះទៅពង្រាយបន្ថែមទៀត។
សូមបញ្ជាក់ថា ៖ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់ការអប់រំនេះ សម្តេចធិបតីសូមផ្ដល់អនុសាសន៍សំខាន់ៗចំនួន១០ សម្រាប់អនុវត្តបន្តដូចខាងក្រោមនេះ៖
ទី១) បន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេ សកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននិងកំពុងមាន ការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងការធានាបាននូវ សេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ទី២) បន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅ តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា ដូចជា ចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ, និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នា ជាមួយបណ្តាប្រទេសជឿនលឿន។
ទី៣) ដាក់ឱ្យប្រើប្រាស់វិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៤) បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងត្រូវពង្រឹងគុណវុឌ្ឍគ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន, កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀន» និងផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
ទី៥) បន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និង អ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សាត្រៀមវិធានការឆ្លើយតប និង ចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណី- អាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថាន សាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។
ទី៧) ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាម សាលារៀនគំរូ និងរៀបចំសេចក្ដីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ដូចជាការបង្កើតមូលនិធិសមធម៌ ដើម្បីប្រើប្រាស់ថវិកាបដិភាគដោយស្ម័គ្រចិត្តពីមាតាបិតាសិស្ស សម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ, ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្ដល់ព័ត៌មាន និងការអប់រំមាតាបិតាឱ្យផ្តល់តម្លៃបន្ថែមទៀត និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្សដល់ការអប់រំ និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមជាមួយការសិក្សារបស់កូនកាន់តែច្រើន។
ទី៨) បន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ», កម្មវិធីយុវជនស្ម័គ្រចិត្ត, និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍, ព្រមទាំងបន្តបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាស ការងារ និងភាពរឹងមាំនៃកោសិកាសង្គម។