ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប។
បេីតាមការបញ្ជាក់ពីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានឱ្យដឹងថា សិស្ស និងសិក្ខាកាមដែលទទួលវិញ្ញាបនបត្រនេះ រួមមានសិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងសិក្ខាសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦។ វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបំរើវិស័យយុត្តិធម៌។ វិជ្ជាជីវៈមេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមធាវី។
មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី ឬជួយការពារកូនក្ដីនៅគ្រប់ សាលា ជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធីលើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេស ក្នុងរឿង រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។
ក្នុងរឿងព្រហ្មទណ្ឌ មេធាវីជួយការពារជនជាប់ចោទ ហើយមិនអាចតំណាងជនជាប់ចោទបានឡើយ លើកលែងតែក្នុងករណីអនុវត្តបទបញ្ញត្តិពិសេសនៃច្បាប់ មេធាវីអាចតំណាង អ្នកទទួលខុសត្រូវក្នុងបទរដ្ឋប្បវេណ និងដើមបណ្តឹងរដ្ឋប្បវេណីបាន។ មេធាវីអាចជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សាវិន័យ។
មេធាវីផ្តល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត។ មេធាវីអាចត្រូវបានចាត់តាំងដោយគូក្ដី ឬចៅក្រមឱ្យបំពេញមុខងារជាអ្នកផ្សះផ្សា ឬជាអ្នកសម្រុះសម្រួល។ មេធាវីនឹងអាចត្រូវបានចាត់តាំងជាអាជ្ញាកណ្តាលបាន លុះត្រាតែមានច្បាប់អនុញ្ញាត។
ក្រៅពីមេធាវីដែលជាសមាជិកនៃគណៈមេធាវី គ្មានជនណាម្នាក់អាចប្រកបមុខរបរយកកម្រៃក្នុងការពិគ្រោះច្បាប់ ឬតាក់តែងលិខិតស្នាមគតិយុត្តបានឡើយ លើកលែងតែការពិគ្រោះច្បាប់ ឬការតាក់តែងលិខិតស្នាមនោះជាការងារបន្ទាប់បន្សំនៃមុខរបររបស់ខ្លួន ឬជាមុខងារដែលច្បាប់បានអនុញ្ញាត។
វិជ្ជាជីវៈមេធាវី បានបង្ហាញវត្តមាននៅក្នុងសង្គមកម្ពុជា តាំងពីសម័យអាណានិគមនិយមបារាំង តាមរយៈព្រះរាជប្រកាសលេខ៣២ ចុះថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៣២ បានណែនាំឱ្យប្រទេសកម្ពុជាស្គាល់នូវ «ស្មាក្តី» និងអ្នកដែលអនុវត្តវិជ្ជាជីវៈនេះ ត្រូវបានហៅថា «អ្នកថណាយក្តី»។
វិជ្ជាជីវៈមេធាវីបានអវត្តមានមួយរយៈ ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍។ វិជ្ជាជីវៈនេះមានវត្តមានជាថ្មី នៅអំឡុងឆ្នាំ១៩៩២ ដោយក្នុងសម័យនោះ មានបញ្ញត្តិច្បាប់មួយចំនួនដែលកំណត់អំពីសិទ្ធិរបស់មេធាវី ដូចជាមាត្រា៨៥ នៃរដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិតកម្ពុជា ឬមាត្រា៧ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់ការអនុវត្តនៅក្នុងកម្ពុជាក្នុងសម័យអន្តរកាល ប៉ុន្តែមិនមានច្បាប់គ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះទេ ហើយជាក់ស្ដែងក៏ពុំទាន់មានវត្តមានមេធាវីផងដែរ។
នៅក្រោយការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ ពោលគឺនៅឆ្នាំ១៩៩៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ ដោយអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ច្បាប់នេះបានទុកសិទ្ធិឱ្យក្រុមប្រឹក្សាគណៈមេធាវី ធ្វើការបំពេញបន្ថែមនូវអត្ថបទ ក្រោមច្បាប់ សម្រាប់គ្រប់គ្រងការអនុវត្តវិជ្ជាជីវៈនេះ។
កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាគណៈមេធាវី បានអនុម័តបទបញ្ជាផ្ទៃក្នុងគណៈមេធាវី និងក្រមសីលធម៌មេធាវី ហើយសេចក្តីសម្រេចនានាដែល មានលក្ខណៈជាបទបញ្ជា ក៏ត្រូវបានចេញជាបន្តបន្ទាប់ ដែលមានលក្ខណៈវឌ្ឍនភាពទៅតាមសម័យកាល សម្រាប់ជាវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី ដោយចូលរួមចំណែកធ្វើយ៉ាងណាឱ្យវិជ្ជាជីវៈមួយនេះ មានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងមានតម្លៃក្នុងសង្គម ក្រោមមូលបទ «វិជ្ជាជីវៈ មេធាវី និងយុត្តិធម៌សង្គម» ប្រកបដោយអន្តរានិស្សរភាព និងកាលានុវត្តភាព។
គណៈមេធាវី ដឹកនាំដោយប្រធានមួយរូប និងបច្ចុប្បន្នគ្រប់គ្រងដោយក្រុមប្រឹក្សាគណៈមេធាវីចំនួន៣៣រូប។ ប្រធានគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់អាណត្តិ២ឆ្នាំ ហើយអាចត្រូវបន្តបានតែម្តងគត់ដោយវិធីបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់អាណត្តិ៣ឆ្នាំ។ អាណត្តិនេះ អាចបន្តទៀតបាន ប៉ុន្តែមិនអាចបន្តភ្ជាប់ពីចប់អាណត្តិភ្លាមនោះទេ។
ចាប់តាំងពីការចាប់ផ្តើមដំណើរការគណៈមេធាវីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន គណៈមេធាវីបានរៀបចំបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីបានចំនួន១៤អាណត្តិ និងក្រុមប្រឹក្សាគណៈមេធាវី បានចំនួន១០អាណត្តិ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអគ្គលេខាធិការដ្ឋានជាសេនាធិការ។ អគ្គលេខាធិការដ្ឋានដឹកនាំ ដោយអគ្គលេខាធិការមួយរូប និងមានអគ្គលេខាធិការរងមួយរូប ព្រមទាំងមាននាយកដ្ឋានចំណុះចំនួន៦ បែងចែកជា ១១ការិយាល័យ និង៥គណៈកម្មការជំនាញ ដែលមានបុគ្គលិកសរុបចំនួន៤៤រូប បុគ្គលិកស្ម័គ្រចិត្តចំនួន១៧រូប និង ទីប្រឹក្សាចំនួន១០រូប។
គណៈមេធាវីក៏មានការិយាល័យប្រតិភូគណៈមេធាវីប្រចាំរាជធានី ខេត្ត សាលាឧទ្ធរណ៍តំបន់ និងសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល សរុប៣០ការិយាល័យប្រតិភូ មានប្រតិភូគណៈមេធាវីចំនួន២៧រូប លេខាប្រតិភូ៣០រូប និងអ្នកស្ម័គ្រចិត្តជួយលេខាប្រតិភូចំនួន៣០រូប។
មកដល់បច្ចុប្បន្ន គណៈមេធាវីមានសមាជិកសរុបចំនួន ២,៩៩៦រូប (មេធាវីជាស្ត្រីចំនួន ៧៦៤រូប)។ ក្នុងនោះ មេធាវីមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈចំនួន ២,៥៤៣រូប (មេធាវីជាស្ត្រីចំនួន ៦៥០រូប) មេធាវីកំពុងធ្វើកម្មសិក្សា ចំនួន ២៣០រូប (មេធាវីជាស្ត្រីចំនួន ៧៧ រូប) មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប (មេធាវីជាស្ត្រីចំនួន ៣៣រូប) មេធាវីសុំនៅក្រៅបញ្ជីចំនួន ២២រូប (មេធាវីជាស្ត្រីចំនួន ៤រូប) ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប (មេធាវីជាស្ត្រីចំនួន ៦រូប) និងមេធាវីទទួលទណ្ឌកម្មលុបឈ្មោះចេញពីបញ្ជីគណៈមេធាវីចំនួន ១៨រូប (មេធាវីជាស្ត្រីចំនួន ៣រូប)៕
ដោយ៖ តារា