ខេត្តបន្ទាយមានជ័យ៖ ពលកខ្មែរ៤១នាក់ មកពីបណ្តាខេត្តចំនួន៥ ធ្វើដំណើរតាមរថយន្តធុនធំ១គ្រឿង ព្យាយាមបើកទៅចំណុចច្រករបៀងព្រំដែន ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ត្រូវបាន កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសហការនិងនគរបាល ប៉ុស្ថិ៍រដ្ឋបាលឃុំអូរបីជាន់ កម្លាំងវៈនគរបាលការពារព្រំដែនលេខ៩១១ បានឃាត់ និងទប់ស្កាត់មិនឱ្យពលករខ្មែរទាំងនោះចាកចេញទៅប្រទេសថៃខុសច្បាប់ទាំងប្រថុយប្រឋានបែបនោះឡើយ ។
កម្លាំងនគរបាលឃាត់និងទប់ស្កាត់ពលករខ្មែរនោះដែរបានធ្វើឡើងកាល ពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ការធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវគេមើលឃើញថា ពលករខ្មែរប្រឈមនិងហានិភ័យខ្ពស់បញ្ហាគ្រោះថ្នាក់បាត់អាយុជីវិត រងការបាញ់សម្លាប់ ចាប់ដាក់គុក ធ្វើទារុណកម្មពីទាហានថៃ និងបញ្ហាប្រឈម ចាញ់បោកមេខ្យល់ជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្សជាដើមនោះ។គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថារយៈជាង១០ថ្ងៃមកនេះ មានពលករខ្មែរ១នាក់បានស្លាប់នៅក្នុងខេត្តនគររាជសីម៉ាប្រទេសថៃមិនទាន់រកសាច់ញាតិឃើញនៅឡើយនោះទេនិង២នាក់ទៀតរងការចាប់ខ្លួន ពីទាហានថៃ ដែលការស្លាប់នោះគេរាយការណ៍ឱ្យដឹងថាមូលហេតុធ្លាក់ពីលើភ្នំ ។ពួកគេលួចចូលឆ្លងដែនខុសច្បាប់ឡើងលើភ្នំមួយក្នុងខេត្តនគររាជសីម៉ា។ការស្លាប់និងការចាប់ខ្លួនពលករខ្មែរ៣នាក់នោះត្រូវប្រភពព័ត៌មានពីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រាប់ឱ្យដឹងថា ពួកគេឡើងទៅលើភ្នំ ដើម្បីទៅលួចកាប់ឈើគ្រញូងនៅក្នុងខេត្តនគររាជសីម៉ា ពួកគេឆ្លងដែនតាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធការឃាត់ និងទប់ស្កាត់ពលករខ្មែរខាងលើលោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ពលកខ្មែរ៤១នាក់នោះ មកពីខេត្តបន្ទាយមានជ័យ៥នាក់ ឧត្ថរមានជ័យ២នាក់ កំពង់ស្ពឺ២៣នាក់ ពោធិ៍សាត់៧នាក់ និងខេត្តព្រះវិហារ៤នាក់។ពួកគេឆ្លងដែនទៅប្រទេសថៃដើម្បីស៊ីឈ្នួលទៅកាប់ដើមឈើយូខា។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ការទប់ស្កាត់ពលកខ្មែរគឺកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យតែងតែធ្វើជាប្រចាំដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់និងអប់រំណែនាំឱ្យបងប្អូនពលករបានយល់ដឹងពីកត្តាប្រឈមជាច្រើនចំណុចដែលកើតមានឡើងគ្រប់ពេលវេលា ចំពោះពួកគាត់នៅពេលដែលចាកចេញទៅប្រទេសថៃគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះ។
ពលករខ្មែរខាងលើនៅយប់ថ្ងៃដដែល ក៏ត្រូវបានអប់រំណែនាំនិងឱ្យពួកគាត់ធ្វើដំណើរ ត្រប់ទៅស្រុកកំណើតដើម្បីរកការងារធ្វើក្នុងស្រុកវិញ ៕ សំ វិច្ឆិកា