ខេត្តស្វាយរៀង៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា តាមរយៈការពិនិត្យជាក់ស្ដែងរបស់មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ឃើញថា ក្នុងរយៈពេល ២ថ្ងៃនេះ គឺពិធីកាន់បិណ្ឌ១និងបិណ្ឌ២សម្រាប់វត្តនៅតាមទីប្រជុំជនមានពុទ្ធបរិស័ទអញ្ជើញទៅច្រើនជាប្រក្រតី។ ដោយឡែកវត្តដែលនៅតាមជនបទ មានពុទ្ធបរិស័ទអញ្ជើញទៅជាមធ្យម ប៉ុន្តែតាមការសង្កេតទៅ គឺមិនមានវត្តអារាមណាដែលខ្វះខាតចង្ហាន់ឬក៏បច្ច័យបួននោះទេ។
លោកបានគូសបញ្ជាក់ថា វត្តទាំង២៤៦វត្តត្រូវបានពុទ្ធបរិស័ទ ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននាំយកចង្ហាន់ បច្ច័យ បរិក្ខារបុណ្យទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញ្ញាតកា ទាំង៧សន្តាន និងអ្នកស្នេហាជាតិដែលបានចែកឋានទៅកាន់បរលោកដូចរាល់ឆ្នាំផងដែរ។
ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យធំរបស់ពលរដ្ឋខ្មែរ និងជាតិសាសន៏មួយចំនួនដែលជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃ ដែលចាប់ផ្តើមនៅ ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីវត្តអារាមដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយខន្ធទៅកាន់លោកខាងមុខ។
ព្រះតេជគុណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមានថេរដីកាបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ មានអត្ថប្រយោជន៍៣ជាសំខាន់ ទីមួយគឺ រំលឹកគុណចំពោះបុព្វការីជន ពីព្រោះនៅក្នុងព្រះពុទ្ធសាសនាតែងតែសរសើរ នូវបុគ្គលដែលជាអ្នកមានធម៌កត្តញ្ញូកត្តវេទី គឺការនឹករលឹកចំពោះគុណបការៈ ចំពោះលោកដែលមានគុណ, ទីពីរ-ការប្រារព្វពិធីបុណ្យគឺស្វែងរកបុណ្យកុសលសម្រាប់យើងទាំងអស់គ្នា ពីព្រោះថាជីវិតសង្ខារបស់យើងមិនទៀងទាត់ឋិតថេរជានិច្ចជាកាលឡើយ តែងតែមកដល់នូវសេចក្តីស្លាប់ជាទីបញ្ចប់ និងអត្ថប្រយោជន៍ទី៣គឺសាមគ្គីធម៌រវាងព្រះសង្ឃ នឹងពុទ្ធបរិស័ទ ព្រោះពុទ្ធបរិស័ទជាអ្នកមានការទំនុកបម្រុងជាមួយព្រះសង្ឃ ហើយព្រះសង្ឃក៏រស់នៅដោយអាស្រ័យលើអាហារបិណ្ឌបាត ហើយមួយវិញទៀត នៅពេលព្រះសង្ឃមានទេយ្យទាន តែងតែរំលែកជូនទៅកាកបាទក្រហម ពិសេសជួយដល់គ្រួសារពលរដ្ឋដែលជាជនទុរគតវិញផងដែរ៕
ដោយ៖ សុថាន