ខេត្តតាកែវ-កំពត៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២២៤នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងចំនួនបី រួមមាន៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ,លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះ បានសហការជាមួយគ្នាអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួង ដើម្បីចុះពិនិត្យវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្ដានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុនពេល ឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា សំដៅបង្កើនប្រសិទ្ធភាព និងសហថាមពល លើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទាំងបី បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពសិ្នទ្ធស្នាលជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងភូមិសាស្ត្រភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងអាងទឹកអូររំដួលដែលមានសភាពគោករាក់និងអាចស្ដុកទឹកបានត្រឹមតែប្រមាណ១០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ និងបន្តចុះពិនិត្យទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
សូមជម្រាបថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ មានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងមានផ្ទៃដីផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ព្រមទាំងមានសមត្ថភាពផលិតបន្លែ ៣តោនក្នុងមួយថ្ងៃ។
ដោយឡែក ទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងខេត្តកំពត មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគនិរតីនៃរាជធានីភ្នំពេញ មានទំនប់ប្រវែង ៤៥០០ម៉ែត្រ និងមានតួនាទីទទួលយកទឹកពីប្រភពទឹកជ្រោះភ្នំដំរី ជ្រោះអន្លង់វង់ ជួរភ្នំលះបង់ តាមរយៈស្ទឹងភេ និងផ្ទៃរងទឹកភ្លៀងតាមជួរភ្នំខាងលើមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ សរុបប្រមាណ ១២៥០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨០៧គ្រួសារ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី២ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ហើយដែលជាលទ្ធផលនៃកិច្ចប្រជុំបានព្រមព្រៀងជាគោលការណ៍លើបីចំណុចគឺ ទី១)រៀបចំលេខាធិការដ្ឋានក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងលក្ខខណ្ឌការងារ ទី២)ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជាជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងទី៣)ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា៕
ដោយ៖ តារា