ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងកសិកម្មពន្យល់ «ពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃ»

ចែករំលែក៖

ភ្នំពេញ ៖ 💡មានដឹងទេថា ត្រឹមតែ«ពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃ» ក៏អាចគ្រប់គ្រាន់នឹងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះបាន? 🌾📉 ចាំខ្ញុំពន្យល់ ។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ 

លោក ឃឹម ហ្វីណង់ ពន្យល់ថា ៖ 

1️⃣ អ្នកទិញផ្អាកទិញ៖ ជារឿងធម្មតាទេ ពេលលឺគេនាំគ្នាផ្អើលថាស្រូវធ្លាក់ថ្លៃ ទាំងគេទាំងខ្ញុំប្រាកដជាចង់រង់ចាំបន្តិចហើយ ក្រែងទិញចូលលឿនពេក ថ្លៃលើសពីទីផ្សារ។ បើទោះជានៅតែបន្តទិញ ក៏ព្យាយាមតថ្លៃដែរ ដែលរឹតតែដាក់សម្ពាធថ្លៃទៅលើកសិករ។

2️⃣ កសិករលក់មិនចេញ៖ នៅពេលដែលអ្នកទិញកាន់តែច្រើនសម្រេចចិត្តរង់ចាំការធ្លាក់ចុះនៃថ្លៃ ការប្រមូលទិញចាប់ផ្តើមថយចុះភ្លាមៗ ដែលធ្វើឱ្យស្តុកស្រូវនៅស្រែកាន់តែនៅសល់គរច្រើនទៅៗ។ 

3️⃣ កសិករត្រូវសម្រេចចិត្តបន្ទាបតម្លៃ៖ រឿងនេះច្រើនកើតឡើងនៅក្នុងវិស័យដែលមានអ្នកទិញតិច-អ្នកលក់ច្រើន ដូចជាដំណាំស្រូវ ពិសេសប្រភេទដំណាំដែលងាយខូច និងមិនអាចរង់ចាំបានយូរនៅពេលត្រូវប្រមូលផល។ កាលៈទេសៈបែបនេះ កសិករម្នាក់ៗប្រាកដជាមានការព្រួយបារម្ភ និងព្យាយាមប្រកួតប្រជែងគ្នាខាងផ្នែកតម្លៃ ធ្វើយ៉ាងណាលក់ចេញឱ្យបានមុនគេ ជាពិសេសសម្រាប់បងប្អូនកសិករតូចៗ ដែលស្ថិតនៅដាច់ស្រយាលពីគេ។

4️⃣ ពាក្យចចាមអារាមក្លាយជាការពិត៖ មកដល់ចំណុចនេះ ថ្លៃស្រូវត្រូវបានធ្លាក់ចុះពិតប្រាកដមែន ហើយអ្នកទិញក៏លែងហ៊ានទិញស្រូវក្នុងតម្លៃខ្ពស់ដូចមុន ចំណែកឯកសិករក៏លែងមានជម្រើសក្នុងការចរចារថ្លៃលក់ចេញដូចមុនទៀតដែរ! ស្រូវពិតជាធ្លាក់ថ្លៃដូចគេនិយាយមែន! ✅

ទាំងនេះមិនមែនជាការស្រមើស្រមៃនោះទេ តែជាទ្រឹស្តីសេដ្ឋកិច្ចដែលមានអំណះអំណាងច្បាស់លាស់(ទ្រឹស្តីនៃការរំពឹងទុក – Expectation Theory)។ បញ្ហានេះវារឹតតែផុយស្រួយសម្រាប់សង្គមបច្ចុប្បន្ន ដែលសាធារណៈជនងាយនឹងមើលឃើញ ស្តាប់លឺពាក្យចចាមអារាមទាំងនោះពីបណ្តាញសង្គម ហើយច្រើនមានទំនោរជឿលើការផ្សព្វផ្សាយណាដែលមានអ្នកLikeនិងShareច្រើន ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយក្រុមអ្នកបង្កើតមាតិកាដើម្បីរកលុយតាមបណ្តាញសង្គម(MMO)តែប៉ុណ្ណោះ។ 

គួរធ្វើដូចម្តេចដើម្បីជៀសវាងការក្លាយជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត? មុននឹងស៊ែររឿងអវិជ្ជមាន គួរពិនិត្យមើលប្រភពឱ្យបានច្បាស់សិន ប្រសិនបើចេញពីផេករបស់MMO គួរដាក់ការសង្ស័យឱ្យបានច្រើន ឬតាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ ឬយ៉ាងហោចណាស់ គួររង់ចាំបន្តិចសិនក៏មិនហួសពេលក្នុងការចែករំលែកដែរ។ ត្រូវយល់ថា បើពិតជាចង់ជួយកសិករ យើងមានវិធីផ្សេងច្រើន ហើយការផ្សព្វផ្សាយពាក្យចចាមអារាមមិនមែនជាជម្រើសល្អនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖