ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែង​អគ្គ​នាយក​រង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ប៊ុនហាក់​ករណី​បើករថយន្ត​បុក​បុរស​ម្នាក់​ស្លាប់​

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ បាន​ដោះលែង​លោក​ អូន​ ប៊ុន​ហាក់​ អគ្គ​នាយក​រង​នៃ​នាយកដ្ឋាន​ទ្រព្យ​រដ្ឋ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ បន្ទាប់​ពី​មាន​ហេតុការណ៍​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ។

ប្រភព​ព័ត៌មាន​ ច្បាស់​ការណ៍​ បង្ហើប​ឲ្យ​ដឹង​ថា​ លោក​ អូន​ ប៊ុន​ហាក់​ ត្រូវ​បាន​ដោះលែង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ដោយ​ពុំ​បាន​បញ្ជូន​មក​តុលាការ​ទេ​ ។

មូលហេតុ​នៃ​ការ​ដោះលែង​នេះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ដោយសារ​លោក​ អូន​ ប៊ុន​ហាក់​ មិន​មែន​ជា​អ្នក​បើកបរ​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​៨:២០​យប់​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​៧មករា​ ភូមិ​ស្លាគូ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។​ ជនរងគ្រោះ​ជា​កម្មករ​ក្រុម​ហ៊ុន​ស៊ិនទ្រី​ ។

ក្រោយ​កើត​ហេតុ​ភ្លាមៗ​ នគរបាល​បាន​ឃាត់ខ្លួន​លោក​ អូន​ ប៊ុន​ហាក់​ បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ ។ ប៉ុន្តែ​ក្រោយ​មក​ ត្រូវ​បាន​ដោះលែង​វិញ​ ។

ប្រភព​ព័ត៌មាន​ ទម្លាយ​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ឡិចស៊ីស​ RX300 ពាក់​ស្លាក​លេខ​រដ្ឋ​ 10.2.0288 ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក​ អូន​ ប៊ុន​ហាក់​ ។ សាក្សី​ឃើញ​ហេតុការណ៍​ បញ្ជាក់​ថា​ ពេល​បង្ក​ហេតុ​បើក​បុក​មនុស្ស​ស្លាប់​ គឺ​ លោក​ អូន​ ប៊ុន​ហាក់​ ជា​អ្នក​បើកបរ​រថយន្ត​ដោយ​ផ្ទាល់​ ។

ប្រភព​ព័ត៌មាន​ បន្តថា​ ប៉ុន្តែ​នៅ​ពេល​បំភ្លឺ​នៅ​សមត្ថកិច្ច​ លោក​ អូន​ ប៊ុន​ហាក់​ បញ្ជាក់​ថា​ លោក​ទទួល​ស្គាល់​ថា​រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ប្រាកដ​មែន​ តែ​ពេល​កើតហេតុ​លោក​ពុំមែន​ជា​អ្នក​បើក​នោះ​ទេ​ ពោល​គឺ​ មាន​អ្នក​បើកបរ​ផ្សេង​ដែល​បាន​រត់​គេច​ខ្លួន​ ។

សមត្ថកិច្ច​លួច​បង្ហើប​ឲ្យ​ដឹង​ថា​ ករណី​នេះ​កំពុង​តែ​បន្ត​នីតិវិធី​អាច​នឹង​សុំ​គោលការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនបង្ក​ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​គ្រួសារ​នៃ​សព​ ៕​ ចេស្តា

រថយន្តស្លាកលេខរដ្ឋបង្កគ្រោះថ្នាក់

រថយន្តស្លាកលេខរដ្ឋបង្កគ្រោះថ្នាក់


ចែករំលែក៖