ខេត្តត្បូងឃ្មុំ៖ ម្ចាស់ដេប៉ូខ្សាច់មួយ កន្លែងនៅខាងក្រោមស្ពានគីស្សុ៊ណាបានខឹងសម្បានឹងក្រុមហ៊ុនធ្វើថ្នល់ “វិថីតេជោ សែនតស៊ូ” បានបិទផ្លូវហាមឃាត់មិនឲ្យរថយន្តដឹកខ្សាច់របស់ខ្លួនឆ្លងកាត់លើផ្លូវបេតុង ដែលទើបសាងសង់រួចនោះបែរជាសងសឹកភ្លាមៗវិញដោយយករថយន្តគ្មានស្លាកលេខរបស់ ខ្លួនទៅបិទផ្លូវសាធារណៈអស់ជាច្រើនម៉ោងបណ្តាលឲ្យប៉ះពាល់ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរឃុំទន្លេបិទរវាងភាគីទាំង២គឺឲ្យម្ចាស់ដេប៉ូខ្សាច់ឈ្មោះ ហ៊ាង វិបុល ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់រថយន្តធំៗធ្វើសកម្មភាពដឹកខ្សាច់លើផ្លូវបេតុងដែលពុំទាន់ដល់កំណត់អាយុដាក់ឲ្យប្រើប្រាស់ហើយស្ថាបនាដោយក្រុម ហ៊ុនធ្វើផ្លូវឈ្មោះ សាន ប៉ោង នោះទើបមាន ការដករថយន្តចេញវិញក្រោយពីបានបិទផ្លូវអស់រយៈពេលជាង២ម៉ោងមក ។
លោកអនុសេនីយ៍ឯក ប៉ន ស៊ាងហ៊ី នាយ ប៉ុស្តិ៍នគរបាលទន្លេបិទបានឲ្យដឹងថា ដំបូងឡើយខាងក្រុមហ៊ុនសានប៉ោងបានប្រាប់ទៅម្ចាស់ដេប៉ូលក់ក្រួស ខ្សាច់ ហ៊ាង វិបុល កុំឲ្យប្រើរថយន្តបែនធុនធំផ្ទុកខ្សាច់ ឬក្រួស បើកឆ្លងកាត់ផ្លូវបេតុងដែលទើបនឹងសាងសង់។ ប៉ុន្តែខាងម្ចាស់ដេប៉ូ ក្រួសខ្សាច់នោះ នៅតែបន្តប្រើប្រាស់រថយន្តដែលខាងក្រុមហ៊ុនធ្វើថ្នល់ហាមឃាត់ដដែលនាំឲ្យខាងក្រុមហ៊ុនយករថយន្តដាក់បិទផ្លូវខាងដេប៉ូខ្សាច់ឈ្មោះហ៊ាង វិបុល ដែលមានទីតាំងឃ្លាតពីខាងក្រោមស្ពានគីស្សុ៊ណាប្រវែងជាង៥០ម៉ែត្រស្ថិតក្នុងភូមិទន្លេបិទលើ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ខាងដេប៉ូខ្សាច់បានយករថយន្តម៉ាកស៊ើបពណ៌ក្រហមគ្មានស្លាកលេខ របស់ខ្លួនទៅដាក់បិទទទឹងថ្នល់បេតុង ចំណុចទន្ទឹមនឹងប៉មចម្ងាយប្រហែល១០០ ម៉ែត្រពីខាងរថយន្តក្រុមហ៊ុនសាងសង់ថ្នល់បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេសរថយន្តពុំអាចឆ្លងកាត់បានទេ។ លោកនាយប៉ុស្តិ៍បានបន្តថា ដេប៉ូខ្សាច់មួយនេះបានបង្កសកម្មភាពប៉ះពាល់ដល់ផ្លូវ សាធារណៈនៅពេលដឹកជញ្ជូនធ្វើឲ្យធ្លាក់ខ្សាច់ ដី លើថ្នល់បង្កឲ្យមានការលំបាក ដល់អ្នកធ្វើដំណើរ ។
លោក ហ៊ាង វិបុល ម្ចាស់ដេប៉ូខ្សាច់ ដែលរងការរិះគន់បាននិយាយថា ពិតជា បានទៅដាក់រថយន្តបិទផ្លូវសាធារណៈនោះ មែនដោយសារខាងក្រុមហ៊ុនធ្វើថ្នល់យក រថយន្តទៅដាក់បិទផ្លូវមិនឲ្យខាងខ្លួនធ្វើ អាជីវកម្មដឹកខ្សាច់ ។ ប៉ុន្តែខាងក្រុមហ៊ុនធ្វើ ថ្នល់មួយនេះបានហាមឃាត់បិទផ្លូវតែអាជីវ កម្មខាងខ្លួនគឺមិនយុត្តិធម៌ទេ ។ ដូច្នេះដើម្បី ឲ្យស្មើភាពគ្នាខ្លួនបានយករថយន្តទៅបិទផ្លូវកុំឲ្យខាងរថយន្តដឹកខ្សាច់ សេង សានិត មិនអាចធ្វើអាជីវកម្មបានដែរ ហើយសកម្មភាពនេះខ្លួនយល់ថាមិនរំខានដល់ការធ្វើ ដំណើរទូទៅទេ ។
ម្ចាស់ដេប៉ូខាងលើបន្តថា បញ្ហាដឹកដី ឬ ខ្សាច់ហៀរលើថ្នល់នោះខាងក្រុមហ៊ុនថ្នល់បានឲ្យខាងខ្លួនចាក់ដើម្បីជួយទប់ថ្នល់ទេ តែរឿងបិទថ្នល់នេះបានកើតរយៈពេលខ្លី ប៉ុណ្ណោះ ៕ សហការី