ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូទាំងអស់នៅប៉ៃលិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងចាញ់អស់ដីអស់ផ្ទះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅខេត្តប៉ៃលិនបានឲ្យដឹងថា មិនថាយប់ឬថ្ងៃនៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងម្ចាស់កាស៊ីណូស្ទើរតែទាំងអស់បានទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរឱ្យចូលលេងល្បែងដោយមិនខ្វល់ពីច្បាប់ ហាមឃាត់អ្វីឡើយ ។ ការអនុញាតឱ្យជន ជាតិខ្មែរចូលលេងការស៊ីណូបែបនេះគឺជាទង្វើមួយផ្ទុយនឹងច្បាប់ដែលរាជរដ្ឋាភិបាល កម្ពុជាបានកំណត់ ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា មាន កាស៊ីណូចំនួន៤ទៅ៥កន្លែងក្នុងចំណោម កាស៊ីណូជាច្រើន ទី១-កាស៊ីណូ ក្រោនវ៉ិច តូរីយ៉ា ទី២-កាស៊ីណូ កាឡាស៊ី ហ្គោលហូ ថែល ទី៣-កាស៊ីណូ ប៉ៃលិនផ្លាមមីងហ្គោ ទី៤-កាស៊ីណូ ចាស្មុីន ទី៥-កាស៊ីណូ ឡាគី ដាយម៉ិនក្រោន។ កាស៊ីណូទាំងនេះមាន ជនបរទេសចូលលេងត្រឹមតែ៥០ភាគរយប៉ុណ្ណោះក្រៅពីនោះ មានសុទ្ធតែពលរដ្ឋខ្មែរ ដោយចេញចូលយ៉ាងពពាក់ពពូនទាំង យប់ទាំងថ្ងៃ ហើយក្នុងនោះក៏មានមន្ត្រីរាជការផងដែរ។ សកម្មភាពទាំងនោះធ្វើឲ្យ អ្នកខ្លះលក់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ និងអ្នកខ្លះទៀតយកម៉ូតូ រថយន្ត ទៅបញ្ចាំ។ ទន្ទឹមនឹងនោះគេមិនធ្លាប់ឃើញអាជ្ញាធរមូលដ្ឋានខាងអ្នកច្បាប់ក៏ដូចជា មន្ត្រីនគរបាលយុតិ្តធម៌ណាម្នាក់ចុះទៅហាម ឃាត់ឡើយ ។

ពាក់ព័ន្ធបញ្ហានេះលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ប៉ៃលិនបានឱ្យដឹងតាមទូរស័ព្ទថា កន្លងមកខាងមន្ត្រីនគរបាលជំនាញបានចុះណែនាំដល់អ្នកគ្រប់គ្រងកាស៊ីណូនីមួយៗដើម្បី ចាត់វិធានការទប់ស្កាត់ដោយហាមពលរដ្ឋខ្មែរមិនឱ្យចូលលេងដាច់ខាត។ លោក ស្នងការបន្តថា បើសិនជាមានអ្នកគ្រប់គ្រងជាអ្នកសម្របសម្រួលឱ្យខ្មែរចូលលេង ល្បែងមែននោះខាងលោកនឹងមានវិធានការចំពោះបញ្ហានេះ ។

គួរបញ្ជាក់ថា កន្លងទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃធ្លាប់បានព្រមានធ្ងន់ៗថា ចំពោះក្រុមហ៊ុនបើកបនល្បែងកាស៊ីណូ ទូទាំងប្រទេសគឺហាមផ្តាច់មិនអនុញ្ញាតឱ្យជនជាតិខ្មែរណាម្នាក់ចូលទៅលេងឡើយ។ ម្យ៉ាងវិញទៀតនៅក្នុងអាជ្ញាបណ្ណអនុញ្ញាត ច្បាប់ធ្វើអាជីវកម្មក៏បានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាមានកាស៊ីណូណាមួយអនុវត្តផ្ទុយពីច្បាប់គឺត្រូវប្រឈមនឹងបិទអាជីវកម្មទាំងស្រុងតែម្តង ៕ ហេង សូរិយា

aes (1)


ចែករំលែក៖